• 2021-01-29 03:25:20
  • ព័ត៌មាន

បើបានទៅលេងកំពត កុំភ្លេចរកទិញហូប ឲ្យស្គាល់ជាតិ

  • 2021-01-29 03:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តកំពត ជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូង នៃប្រទេសកម្ពុជា ដែលមានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និង ស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នាដែរ ខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃ ទៅខាងត្បូង ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត។ នៅក្នុងខេត្តកំពត ក្រៅពីមានរមណីយដ្ឋាន​ជាទីទាក់ទាញ ក៏មាន​សំណង់​ចាស់ៗបុរាណជាច្រើន ហើយ​កាន់តែជាពិសេស​នោះ គឺមានម្ហូបអាហារប្លែកៗ និងដំណាំ ផ្លែឈើ ប្រចាំខេត្តរបស់ខ្លួន ដែលមានដូចខាងក្រោមនេះ៖

១ ទុរេន

ទុរេន ជា​ផ្លែឈើ​មួយ​ប្រភេទ​ ដែល​​មាន​រសជាតិ​ឈ្មុយ​ឆ្ងាញ់ ហើយចំពោះតំលៃវិញ ក៏ថ្លៃគួរសមដែរ ជាពិសេសទុរេននៅខេត្តកំពតតែម្តងមានរសជាតិឈ្ងុយឆ្ងាញ់ ខុសពីបណ្តាខេត្តផ្សេងៗ ដែលគ្រប់គ្នាប្រាថ្នាចង់ញុាំនៅខេត្តកំពត ។

២ នំបញ្ចុកទឹកម្ហេច

គឺជាអាហារសម្រន់ល្បីឈ្មោះមួយប្រចាំ ខេត្ត កំពត ភ្ញៀវទេសចរណ៍ដែលមកខេត្ត មួយនេះតែងតែមកពិសាអាហារមួយមុខនេះ មិនដាច់ឡើយ ។ នៅឃុំ ព្រៃតុំ ស្រុកទឹកឈូ ខេត្ត កំពត សម្បូរទៅដោយ អាហារប្រភេទនេះលក់ណាស់។នំបញ្ចុកទឹកម្ហេច ខុសពីនំបញ្ចុកសម្លខ្មែរ ណាំយ៉ា ឬ ការរី ដែលចំណុចខុសនោះ គឺត្រង់ ទឹកសម្ល និង ចង្វាយនំ។ នំបញ្ចុកត្រូវបានគេធ្វើភ្លាមយកពិសាភ្លាមតែម្ដង មិនចាំបាច់ចាប់ជាចង្វាយនោះឡើយ ចំពោះទឹកសម្លវិញ ក៏ខុសគ្នាដែរ។លក្ខណៈពិសេសទឹកសម្លនោះ គឺធ្វើពីត្រីសមុទ្រ ដោយស្ងោរឲ្យឆ្អិនអាចបេះបាន យកមកផ្សំជាមួយ ស្លឹកខ្ទឹម មើមខ្ទឹម ម្ទេសទឹកត្រី ស្ករ អំបិល ជាមួយទឹកស៊ុនស្ងោត្រី។

៣ ទាបំពង

កន្លែងលក់ទាបំពងដ៏ល្បី នៅផ្សារឈូក ស្រុកឈូក ខេត្តកំពត។

៤ នំស្លឹកចាក

អ្នកទៅលេងខេត្តកំពតប្រហែលជាធ្លាប់ឃើញ ឬក៏ធ្លាប់បានទិញនំស្លឹកចាកទទួលទានផងដែរ។ នំ នេះធ្វើឡើងពីអង្ករដំណើបដែលត្រាំហើយកិនជាម្សៅរួចលាយជាមួយស្ករត្នោត ល្ងរ និងដូង ហើយវេចខ្ចប់ដោយស្លឹកចាកមុននឹងយកទៅអាំង។ អ្នកដែលធ្លាប់បរិភោគនំប្រភេទនេះសរសើរថាឆ្ញាញ់ និងមានក្លិនឈ្ញុយ។

៥ ចាហួយដូង

ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣១ ពីថ្នល់បែកគុស ទៅស្រុកកំពុងត្រាច ខេត្តកំពត មកដល់ម្ដុំភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ទឹកដីខេត្តកំពត នៅសងខាងផ្លូវឃើញមានលក់ដូងជាហូរហែ។ មិនមែនមានតែដូងទេ ប្រសិនអែបខាងផ្លូវរួចចូលទៅអង្គុយលេងបន្តិច និងឃើញមានតាំងពីស្ករត្នោត ស្ករផែន ឪឡឹក ត្រសក់ស្រូវ ជាពិសេសចាហួយដូង ក្លិនឡើងឈ្ងុយ។

៦ នំដង្កូវ

សិប្បកម្ម​នំដង្កូវ​ នៅ​ខេត្ត​កំពត ល្បីល្បាញ​ថា​ឆ្ងាញ់ ដោយមានគ្រឿងផ្សំ ម្សៅមី ស្ករស ខ្ទិះដូង និង ពងទា ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី