• 2021-02-05 04:08:24
  • ព័ត៌មាន

កន្លែង​​ល្បី​​ថា​គួរ​ឲ្យ​ខ្លាច​​​ជាង​គេ​​ទាំង​៦ ក្នុង​លោក​ មាន ១កន្លែងនៅកម្ពុជាយើង!

  • 2021-02-05 04:08:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​​កម្សាន្ត​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ សុទ្ធ​សឹង​មាន​លក្ខណៈ​ពិសេស​ៗ​ជា​ច្រើន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​​ចង់​ទៅ​ទស្សនា​ តាំង​ពី​រមណីយដ្ឋាន​​វប្បធម៌​ ធម្មជាតិ កន្លែង​កម្សាន្ត​​ច្នៃ​ប្រឌិត​​ប្លែក​ៗ​ជា​ច្រើន បង្ក​ជា​បរិយាកាស​សប្បាយ​រីក​រាយ​។ ប៉ុន្តែ​ តំបន់​រមណីយដ្ឋាន​​មួយ​ចំនួន​ បាន​ធ្វើ​​ឲ្យ​​ទេសចរ​​ចង់​ទៅ តែ​​បែរ​ជា​ខ្លាច​រអា ដោយ​សារ​ភាព​ល្បី​ល្បាញ​ថា​ជា​កន្លែង​គួរ​ឲ្យ​ភ័យ​ខ្លាច៖

១. បឹង​​​ទឹកកក​​​កប់​ពេញ​ដោយ​​ឆ្អឹង​ខ្មោច នៅប្រទេសឥណ្ឌា

នៅ​ឆ្នាំ​១៩៤២ នៅ​ពេល​អ្នក​ល្បាត​ព្រៃ​ម្នាក់​បាន​ទៅ​ដល់​ក្បែរ​​បឹង Roopkund ​នៃ​ប្រទេស​ឥណ្ឌា​ ​​​ដែល​ស្ថិត​នៅ​​តាម​ជួរ​ភ្នំ​ Himalayas កម្ពស់​ ប្រហែល​ ៥០២៩ ម៉ែត្រ ​ក៏​បាន​ប្រទះ​ឃើញ​ ​​​ឆ្អឹង​មនុស្ស​​ជា​ច្រើន​​នៅ​​​​ជុំ​វិញ​បឹង​​ដោយ​ចៃដន្យ។ ពេល​រដូវ​ក្ដៅ​ចូល​មក​ដល់​ ទឹកកក​ចាប់​ផ្ដើម​រលាយ គេ​​ឃើញ​មាន​​​ឆ្អឹង​មនុស្ស​ជា​ច្រើន​លេច​ចេញ​មក ដែល​ឆ្អឹង​ខ្លះ​មាន​​​ជាប់​សាច់​ និង​សក់​។ អ្នក​ជំនាញ​មួយ​ចំនួន​ រួម​ទាំង​អ្នក​ស្រុក​រស់​នៅ​ក្បែរ​តំបន់​នោះ បាន​​ជឿ​ថា​​នៅ​ទី​នោះ​គឺ​ជា​កន្លែង​​មនុស្ស​ធ្វើ​អត្តឃាត។ រហូត​មក​ដល់​ឆ្នាំ​​២០០៤ ទើប​ការ​សិក្សា​​មួយ​បាន​ធ្វើ​ឡើង​នៅ​ទី​នោះ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ឆ្អឹង​នា​សតវត្ស​​ទី​៩ និង​វត្ថុ​មួយ​ចំនួន​​ដូច​ជា ចិញ្ចៀន​ លំពែង ស្បែក​ជើង​​ស្បែក និង​ដំបង​ឫស្សី។ អ្នក​វិទ្យាសាស្ត្រ​បង្ហាញ​ថា​នៅ​ទី​នោះ​គឺ​​ កន្លែង​ក្រុម​កុលសម្ព័ន្ធ​មនុស្ស​​ធ្វើ​ពិធី​សាសនា​​បូជា និង​បាន​ស្លាប់​នៅ​ទី​នោះ។ ហើយ​​សាក​សព​​ជា​ឆ្អឹង​របស់​ពួក​គេ​នៅ​គង់វង្ស​​​​​​​​​រហូត​ដល់​សព្វ​ថ្ងៃ។

២. កោះ​​ពស់​ពិស​​​​​​​​​​​​​​ ប្រទេសប្រេស៊ីល

​កោះ ​Ilha da Queimada Grande នៃ​ប្រទេស​ប្រេស៊ីល​ជា​​តំបន់​ហាម​ឃាត់​​​មួយ​ដោយ​សារ​ តែ​ជា​កោះ​សំបូរ​ដោយ​សត្វ​​ពស់​មាន​ពិស។ នៅ​លើ​កោះ គឺ​ជា​ជម្រក​នៃ​សត្វ​​ពស់​ពិស​​​ប្រមាណ ៤០០០​ក្បាល​ដែល​សុទ្ធ​សឹង​ជា​ពស់​​អាច​គ្រោះ​ថ្នាក់​​​បាន​គ្រប់​ពេល​វេលា អ្នក​ជំនាញ​​ប៉ាន​ស្មាន​ថា​ នៅ​លើ​ដី​កោះ​​​ទំហំ​​១​ម៉ែត្រ​​ការ៉េ​ គឺ​មាន​សត្វ​​​ពស់​​១​ក្បាល​​។

៣. ប្រាសាទ​សត្វ​កណ្ដុរ នៅប្រទេស​ឥណ្ឌា

​ស្ថិត​​នៅ​​ក្នុង​រដ្ឋ​ Rajasthan ប្រទេស​​ឥណ្ឌា ប្រាសាទ​ Karni Mata ជា​ប្រាសាទ​​សាសនា​​ហិណ្ឌូ​មួយ​ដែល​ឧទ្ទិស​ដល់​សិវៈ Karni Mata ត្រូវ​បាន​អ្នក​រស់​នៅ​តំបន់​នោះ​​ស្គាល់​ថា​ជា​កន្លែង​សម្រាប់​​សត្វ​ កណ្ដុរ​ទៅ​ហើយ។ ចំពោះ​អ្នក​​ទេសចរ​​ដែល​ចូល​ទស្សនា​​​ប្រាសាទ Karni Mata គឺ​​មិន​អនុញ្ញាត​ឲ្យ​វាយ​​សម្លាប់ ឬ​ធ្វើ​​បាប​​​សត្វ​កណ្ដុរ​ទេ។ សត្វ​កណ្ដុរ​រស់​នៅ​ក្នុង​ប្រាសាទ​​ប្រហែល​ ២​ម៉ឺន​ក្បាល​ ត្រូវ​បាន​គេ​គោរព​ថា​​​​ជា​​​សត្វ​សក្ការបូជា និង​​មាន​ដាក់​សំណាញ់​​​​​ការពារ​កុំ​ឲ្យ​សត្វ​រំពា​ផ្សេងៗ​មក​យាយី​កណ្ដុរ​ ទាំង​នោះ​ទៀត​ផង ។ មិន​ត្រឹម​តែ​ការពារ​នោះ​ទេ កណ្ដុរ​​នៅ​ទី​នោះ​ក៏​មាន​ការ​មើល​ថែ​ដិត​ដល់ ដោយ​មាន​ការ​ផ្ដល់​អាហារ ដូច​ជា​​នំ​បង្អែម​​​​​​ និង​​ស្ករ​​​ពី​អ្នក​រស់​នៅ​​ជិត​ប្រាសាទ​នោះ​ផង​ដែរ។ ក្នុង​ប្រាសាទ​ សំបូរ​ទៅ​ដោយ​កណ្ដុរ ចំពោះ​កណ្ដុរ​ស ត្រូវ​គេ​ចាត់​ទុក​ថា​ជា​​សត្វ​ពិសេស​របស់​អាទិទេព។

៤. រណ្ដៅ​​ភ្លើង ប្រទេស​​​ទួរមេនីស្ថាន​

កាល​ពី​ឆ្នាំ​១៩៧១ អ្នក​វិទ្យាសាស្ត្រ​​សូវៀត​បាន​ដំឡើង​​ម៉ាស៊ីន​ខួង​ ដើម្បី​ចង់​ដឹង​ពី​​ផ្នែក​ខាង​ក្រោម​​នៃ​ចំណុច​កណ្ដាល​នៃ​វាល​ខ្សាច់​ Karakum ប្រទេស​​​ទួរមេនីស្ថាន ដោយ​ពួក​គេ​បាន​គិត​ថា​វា​ជា​កំណប់​ប្រេង។ តែ​យ៉ាង​ណា​ក្ដី​ ​​​នៅ​ខាង​ក្រោម​នោះ​គឺ​ជា​​តំបន់​ផ្ទុក​​ដោយ​ ឧស្ម័ន​ធម្មជាតិ​​ ​បាន​ធ្លុះ​​​ក្លាយ​ជា​រណ្ដៅ​ ផុង​​​​បាក់​យក​គ្រឿង​ម៉ាស៊ីន​​ខួង​ប្រេង​​និង​មូលដ្ឋាន​របស់​អ្នក​វិទ្យាសាស្ត្រ​​។ ដោយ​​ខ្លាច​ក្រែង​ ឧស្ម័ន​​​​ធម្មជាតិ (មេតាន)​ ​ភាយ​រីក​សាយ​ទៅ​ខាង​ក្រៅ អ្នក​វិទ្យាសាស្ត្រ​បាន​សម្រេច​ចិត្ត​ដុត​​រណ្ដៅ​នោះ បង្ក​ជា​ភ្លើង​ឆាប​ឆេះ និង​មិន​ងាយ​រលត់​ដូច​ការ​គិត​នោះ​ទេ។ មក​ទល់​សព្វ​ថ្ងៃ​នេះ រណ្ដៅ​ទំហំ​ ៧០​ម៉ែត្រ ជម្រៅ ៣០​ម៉ែត្រ​​នៅ​តែ​បន្ត​ឆេះ​ ហើយ​ប្រជាជន​ក្នុង​តំបន់​បាន​ហៅ​ទី​នោះ​ថា​ជា ទ្វារ​​នៃ​ឋាននរក។ យ៉ាង​ណា​ក្ដី រណ្ដៅ​ភ្លើង​បាន​ក្លាយ​ជា​កន្លែង​ទាក់​ទាញ​អ្នក​ទេស​ចរ​ជា​ច្រើន​ចង់​ទៅ​លេង។

៥​.កោះ​តុក្កតា​​​ខ្មោច​​ នៅប្រទេសម៉ិកស៊ីកូ

កោះ ​Isla de las Munecasនៃ​តុក្កតា​​​​ខ្មោច ក្នុង​ប្រទេស​ម៉ិកស៊ីកូ​​បាន​ជាប់​ទាក់​ទង​​​និង​រឿង​ក្មេង​ស្រី​ម្នាក់​ដែល​បាន​​លង់​ទឹក​ស្លាប់​​​នៅ​ក្បែរ​កោះ​​។ ក្រោយ​ការ​ស្លាប់​របស់​ក្មេង​ស្រី​ គេ​ឃើញ​មាន​​តុក្កតា​ជា​ច្រើន​​អណ្ដែត​មក​លើ​ឆ្នេរ​កោះ Isla de las Munecas។ លោក Don Julian Santana Barrera ​ជា​ម្ចាស់​កោះ​ ​ដោយ​ ​មិន​អាច​ជួយ​ក្មេង​ស្រី​​​ឲ្យ​ផុត​ការ​​លង់​ទឹក​បាន ក៏​សម្រេច​ចិត្ត​ប្រមូល​យក​តុក្កតា​​ទាំង​នោះ​ទៅ​ចង​ព្យួរ​​​លើ​ដើម​ឈើ​ជា​ការ​រំឭក​ពី​ក្មេង​ស្រី។ ជា​ច្រើន​ឆ្នាំ​​ អ្នក​រស់​នៅ​ក្នុង​តំបន់​​ជឿ​ថា ពួក​គេ​បាន​ឮ​សំឡេង​​តុក្កតា​ខ្សឹប​ខ្សៀវ​គ្នា ដូច​ជា​មាន​ព្រលឹង​មក​សណ្ឋិត​ ក្រោយ​មក​​​ក៏​កើត​មាន​រឿង​ហេតុ​ម្ចាស់​កោះ លោក Barrera បាន​លង់​ទឹក​ស្លាប់​នៅ​ចំ​កន្លែង​ក្មេង​ស្រី​លង់​ទឹក​ ដូច​គ្នា​ដែរ​នា​ឆ្នាំ​ ២០០១។

៦. ​ភូមិ​​​ខ្មោច​ជនជាតិ​ភាគ​តិច​​​កាចក់​ ខេត្តរតនគិរី ប្រទេសកម្ពុជា

​ភូមិ​​​ខ្មោច​ជនជាតិ​ភាគ​តិច​​​កាចក់​ ដ៏​អាថ៌កំបាំង​ ដែល​ស្ថិត​នៅ​​ភូមិ​​​កោះ​ពាក្យ ​ឃុំ​កោះ​ពាក្យ​ ស្រុក​វើនសៃ​ ​​ខេត្ត​រតនៈគិរី​ ​​បាន​បង្កប់​​នូវ​​អប្បិយជំនឿ​ដ៏​​​​រន្ធត់​ព្រឺព្រួច សូម្បី​​ម៉ោង​១២​កណ្ដាល​​​​ថ្ងៃ​ត្រង់ ​​ក៏​គ្មាន​អ្នក​ណា​ហ៊ាន​ចូល​ទៅ​ដែរ ​ព្រោះ​គេ​មាន​ជំនឿ​ថា ​​ខ្មោច​មាន​ឥទ្ធិពល​កាច​សាហាវ​ណាស់។

ចុចអាន និងមើលរូបភាពជាច្រើនទៀតពីភូមិខ្មោចជនជាតិដើមភាគតិចកាចក់៖ ភូមិ​ខ្មោច​ ដ៏​អាថ៌កំបាំង​នៅ​រតនគីរី ​គ្រាន់​តែ​ឃើញ​ព្រឺ​សម្បុរ

មតិយោបល់