• 2021-02-06 08:52:27
  • ព័ត៌មាន

អ្នកកាត់សែចិនយកជំនាងផ្ទះចាស់ៗ ទៅចោលនៅរបងវត្ត ពលរដ្ឋខ្មែរច្នៃយកលក់វិញបានថ្លៃកប់

  • 2021-02-06 08:52:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារៀងរាល់ឆ្នាំឱ្យតែជិតដល់ថ្ងៃចូលឆ្នាំចិនគេតែងសង្កេតឃើញអ្នកកាត់សែស្រឡាយចិន តែងយកជំនាងផ្ទះរបស់ខ្លួន ទៅចោលនៅតាមរបងវត្ត ដែលជាអប្បិយជំនឿរបស់ពួកគេ ។ យ៉ាងណាក្ដីទង្វើនេះក៏ធ្លាប់ត្រូវបានទទួលការរិះគន់ជារៀងរាល់ឆ្នាំដែរ ប៉ុន្តែហាក់គ្មានការផ្លាស់ប្ដូរសោះ ដោយនៅពេលនេះ គេឃើញនៅតាមរបងវត្តមួយចំនួន ពោរពេញទៅដោយជំនាងផ្ទះរបស់អ្នកកាត់សែស្រឡាយចិន យកទៅចោលព្រោងព្រាត ។

ជាក់ស្ដែងនៅថ្ងៃទី ៦ កុម្ភៈ ២០២១ នេះ ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរបានប្រទះឃើញជំនាងផ្ទះថ្មីៗចែស ត្រូវគេយកទៅចោលគរពេញរបងវត្ត ទួលសន្តិវ័ន ហៅវត្តទួលអស់លោក ។ ប្រជាពលរដ្ឋបានបង្ហោះរូបភាពទាំងនោះទៅលើបណ្ដាញសង្គមហ្វេសប៊ុក និងទទួលបានការរិះគន់ជាខ្លាំងពីសំណាក់មហាជន ជាពិសេសពុទ្ធសាសនិកជន ដែលលើកឡើងថាទង្វើនេះហាក់មិនសមប្រកបទាល់តែសោះ ដូចជាការបំផ្លាញបរិស្ថានវត្តអារាមជាទីកន្លែងដ៏ស្ងប់ស្ងាត់ ខ្ជះខ្ជាយ គ្មានសណ្ដាប់ធ្នាប់ ។ ពិសេសនោះក៏ធ្វើឱ្យព្រះសង្ឃត្រូវហត់នឿយប្រមូលជំនាងផ្ទះទាំងនោះទៅដុតចោល ។

យ៉ាងណាក្ដីនារីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Tep Monyroth បានឱ្យដឹងដែរថា មានប្រជាពលរដ្ឋមួយចំនួននាំគ្នាទៅប្រមូលយកជំនាងផ្ទះចាស់ៗទាំងនោះ ដើម្បីយកទៅលាបពណ៌ជាថ្មី ឬ ជួសជុលថែមបន្តិចបន្តួចអាចលក់ចេញវិញបានតម្លៃ ៣០ ទៅ ៤០ ដុល្លារឯណោះ ៕

មតិយោបល់