• 2021-02-23 05:00:00
  • ព័ត៌មាន

អ្នកថតរូប មឿន ញាណ៖ ការបោះពុម្ពសៀវភៅនេះលើកទី២ដូចសង្គ្រោះជីវិតខ្ញុំឲ្យរស់ឡើងវិញ

  • 2021-02-23 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា» គឺជាសៀវភៅនិយាយពិពណ៌នាពីសម្បត្តិធម្មជាតិ សត្វស្លាប សត្វព្រៃ ទេសភាពធម្មជាតិ ប្រពៃណីទនៀមទម្លាប់ប្រជាជនខ្មែរ អមជាមួយនឹងរូបថតពណ៌ធម្មជាតិរាប់រយសន្លឹកត្រជាក់ភ្នែកក្រោមការផលិត និងនិពន្ធរបស់អ្នកថតរូបជំនាញ លោក មឿន ញាណ ដែលចំណាយពេលជាង២០ឆ្នាំទើបចេញរូបរាង និងបោះពុម្ព។

«សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា» ត្រូវបានបោះពុម្ពលើកទី១នៅឆ្នាំ២០១៩ ចំនួន១០០០០ក្បាល ក្រោយការគាំទ្របោះពុម្ពផ្សាយដោយមូលនិធិបរិស្ថាន និងសង្គមរបស់ក្រសួងបរិស្ថាន ហើយត្រូវបានចែកចាយតាមស្ថានទូតកម្ពុជាដែលប្រចាំនៅបរទេស ស្ថានទូតទាំងអស់ប្រចាំនៅកម្ពុជា និងស្ថាប័នរដ្ឋនានានៅកម្ពុជា។

ខាងក្រោមនេះគឺជាបទសម្ភាសន៍ខ្លីជាមួយ ម្ចាស់ស្នាដៃ «សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា» លោក មឿន ញាណ ស្តីអំពីការបោះពុម្ពសៀវភៅនេះជាលើកទី២៖

១.តើលោកមានអារម្មណ៍យ៉ាងណា ដែលអាចឃើញសៀវភៅនេះបោះពុម្ពសៀវភៅនេះជាលើកទី២?

មឿន ញាណ៖ ខ្ញុំរីករាយរកអ្វីមកពណ៌នាពុំបានទេ ព្រោះម្ចាស់របស់វា (អ្នកនិព្ធ និងថតរូបនោះ)ដូចជាស្លាប់ម្តងៗទៅហើយ។ តែពុំគួរឱ្យជឿថា មានមនុស្សមកជួយខ្នះខ្នែងឱ្យសៀវភៅនេះនៅដំណើរការជាប្រក្រតី ដូចសង្គ្រោះជីវិតខ្ញុំឱ្យរស់ឡើងវិញដែរ ព្រោះតែមានបំណងចង់ឱ្យជនជាតិខ្មែរដែលរស់នៅលើលោកនេះបានយល់ដឹងខ្លះៗថា ពួកគាត់មានដូនតាសុទ្ធសឹងជាមនុស្សមានចំណេះដឹងសម្បើមណាស់ ហើយពួកគាត់ថែមទាំងបានចារនៅលើសិលាចរឹកលើថ្មប្រាសាទផង។ ឯខ្ញុំបានត្រឹមចម្លងតាមពួកលោកឱ្យអ្នកផងខ្លះៗបានយល់ដឹងតែមួយផ្នែកប៉ុណ្ណោះ។

២.ហេតុអ្វីបានជាលោកស្រាវជ្រាវ និងចងក្រងសៀវភៅនេះឡើង?

មឿន ញាណ៖ ខ្ញុំចង់ឱ្យគេឯងបានអាន ដឹងខ្លះៗថា ពួកគេជាកូនខ្មែរ ស្គាល់ថាពួកគេជាមនុស្សមានសណ្តានពង្សជាអ្នកគ្រាន់បើដែរ ហើយក៏ពួកគេរស់នៅលើដែនដីសម្បូរសម្បត្តិធម្មជាតិ និងមានវប្បធម៌ជ្រៅជ្រះទៀតផងដែលមានជាតឹកតាងស្រាប់ ហើយនឹងពុំមានដែនដីណាផ្ទឹមស្មើទេ។ ចូរនាំគ្នាចូលរួមថែរក្សាផង ព្រោះនៅឯណាក៏មិនមានស្មើដែរ។

៣.តើលោករំពឹងទុកថាសៀវភៅនេះនឹងអាចជាប្រយោជន៍ដល់អ្នកអានយ៉ាងណាខ្លះ?

មឿន ញាណ៖ ខ្ញុំជឿជាក់ថា កូនខ្មែរទាំងឡាយក្រោយពីបានអាន និងមើលឃើញសម្រស់ធម្មជាតិទាំងនោះហើយ នឹងប្រែចិត្តកាន់តែស្រឡាញ់ទឹកដីរបស់ពួកគេទ្វេឡើងថែមទៀត និងជួយជំរុញទឹកចិត្តរបស់ពួកគេឱ្យកាន់តែចូលរួមថែរក្សាការពារ។ នេះគ្រាន់តែភាគតូចមួយតែប៉ុននោះ។

[ស្ថានភាពបច្ចុប្បន្ន និងសម្រង់សំដីទាំងស្រុងរបស់ម្ចាស់ស្នាដៃ «សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា» លោក មឿន ញាណ]

«សព្វថ្ងៃនេះ សុខភាពរបស់ខ្ញុំប្រែប្រួលខុសពីធម្មតា ដោយឡើងចុះ រញីរញ័រខ្លាំងច្រើនជាងមុន ហើយនិយាយក៏ហត់ដែរ តែមានសំឡេងឭុជាងមុន ព្រោះខ្ញុំសុំថ្នាំចាក់ដដែលនោះលើកទី២ សារជាថ្មី។ ឯកម្លាំងមានជាងមុនបន្តិច តែ២ឬុ៣ថ្ងៃនេះ ខ្ញុំមានសញ្ញាឈឺឆ្អឹងខ្នង និងចង្កេះវិញ។ ឯថ្នាំជួយបំពង់កនោះ លោកដុកទ័រ ណាវុធ កំពុងឱ្យគេផ្ញើឱ្យខ្ញំមកពីបារាំងមក តែជួបការលំបាកខ្លះព្រោះវិបត្តិកូវីត។ ថ្នាំនោះចុះថ្លៃមកនៅត្រឹម១គ្រាប់៧ដុល្លារទេ (ពីមុនថ្លៃជាង៤០ដុល្លារឯណោះ)។ សំណាងល្អដែរដែលជំងឺខ្ញុំនេះ មានពួកក្រុមលោកគ្រូពេទ្យយកចិត្តទុកដាក់ ក្រោយពួកគាត់បានឃើញសៀវភៅសម្បត្តិធម្មជាតិកាលបោះពុម្ពលើកទី១។ ចំណែកការហាត់ប្រាណ ក្នុង១ថ្ងៃ ឥឡូវដុកទ័រឱ្យបន្ថយមកនៅ១ថ្ងៃ១ដងវិញ តែគាត់ឱ្យធ្វើសមាធិវិញ។ ពីមុនខ្ញុំហាត់ប្រាណពី២ទៅ៣ដង រួមទាំងហាត់ប្រាណបែបតៃឈិ (របស់ចិន១ដងផង) តែឥឡូវគីឡូខ្ញុំឡើងលើសមុនផង ព្រោះខ្ញុំញាំមួយថ្ងៃ ៤ពេល តាមថ្នាំពេទ្យដែរ។ ខ្ញុំសាកវាយកុំព្យូទ័រដែរ តែចុចយឺត ហើយវាយខុសច្រើនណាស់។ ដុកទ័រក៏ហាមសិនដែរ»

លោក មឿន ញាណ អ្នកថតរូប និងជាម្ចាស់សៀវភៅ «សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា»

«ជំងឺនេះមានការរំខានដល់រូបខ្ញុំរួមមាន ញ័រខ្លាំង និងហត់ និងដើរមិនកើត។ ឯការចងក្រងសៀវភៅទី២នោះ ខ្ញុំបានធ្វើខ្លះ (ឆ្លៀតពេលដែលពេលខ្ញុំមានអារម្មណ៍រៀងធូរស្រាលបន្តិច) ដុកទ័របានឱ្យខ្ញុំនិយាយហើយថតសម្លេងឱ្យគេជួយវាយអត្ថបទវិញ។ ដុកទ័របានឱ្យខ្ញុំប្រើរទេះជាជំនួយ ចាប់តាំងពីខែតុលាមកម្ល៉េះ តែខ្ញុំបដិសេធមិនប្រើ។ សព្វថ្ងៃ ខ្ញុំធ្វើសមាធិណាស់រួចបង្កើនបាន១ដង ១ម៉ោងហើយ និងស្តាប់ធម៌ព្រះពុទ្ធវិញ សូម្បីតែដុកទ័រក៏ពន្យល់ខ្ញំតែតាមផ្លូវធម៌ដែរ។ ម្យ៉ាងទៀតខ្ញុំក៏ខំផឹកថ្នាំបុរាណដែរ យកយិនស៊ិនពីកូរ៉េ ឱ្យខ្ញុំផឹកដែរ ព្រោះបើអត់ក្រុមពេទ្យទាំងនោះទេ ខ្ញុំបែបស្លាប់ដូចពេទ្យបរទេសថាមែន មានពេទ្យជប៉ុន បារាំង អាមេរិកាំង និងកាណាដា ដែលគិតថាជំងឺខ្ញុំមិនអាចរស់នៅបានយូរទេ ប៉ុន្តែខ្ញុំបានជម្នះ ហើយឥឡូវខ្ញុំបាននៅរស់ហួសកាលដែលពេទ្យកំណត់វេលាស្លាប់របស់ខ្ញុំទៀតផង។

«ក្រុមគ្រូពេទ្យ នៅតែចម្លែកក្នុងចិត្តដែល ពួកគេមិនបានរកឃើញមានកំហុសបន្តិចណាទេនៅក្នុងខ្លួនខ្ញុំ។ គេឃើញតែក្នុងខួរក្បាលមានបញ្ហាតូចនោះទេ។ ពួកគាត់ហួសចិត្តណាស់ តែខ្ញុំមិនខ្លាចស្លាប់ទេ រឿងអាក្រក់១ទៀត គឺស្លៀកពាក់ក៏ត្រូវពឹងគេដែរ»។

»»សម្រាប់អ្នកដែលចង់ជាវសៀវភៅនេះអាចធើ្វការកក់ទុកបាន ក្នុងតម្លៃពិសេស ៦៨០០០រៀល ឬ ១៧$ តម្លៃទូទៅពេលសៀវភៅចេញគឺ ៨ម៉ឺនរៀល ឬ ២០$

»ប្រភេទ ក្របរឹង

»ទំហំ ២៨.៩ x ២៤.១cm

»ចំនួនទំព័រ៖ ៣១២

»ការកក់ទុកគឺចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១

»បោះពុម្ពលើកទី២: ៣០០០ ក្បាល បោះពុម្ពផ្សាយដោយ សៀវភៅជីវិត*

រូបរាងសៀវភៅ «សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា» ដែលគ្រោងនឹងបោះពុម្ពលើកទី២

សម្រាប់អ្នកចង់បានសៀវភៅនេះសូមចុចត្រង់នេះ សៀវភៅ "សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា"

មតិយោបល់
អត្ថបទថ្មី