• 2021-03-28 03:35:36
  • ព័ត៌មាន

ទេវធីតាឆ្នាំថ្មី យាងមកថែរក្សាជម្ពូទ្វីប ជាបុត្រីទី ៤នៃកបិលមហាព្រហ្ម ព្រះនាងមណ្ឌាទេវី

  • 2021-03-28 03:35:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះពុទ្ធ​សករាជ​ព្រះ​សាសនា​ អតិក្កន្តា​កន្លង​ទៅ​ហើយ​បាន ២៥៦៤ ត្រឹម​ថ្ងៃ​ចន្ទ​ ១៥​កើត​ ខែ​ពិសាខ លុះ​ដល់​ថ្ងៃ​អង្គារ​ ១ រោច ខែ​ពិសាខ ឆ្នាំ​ឆ្លូវ​ត្រី​ស័ក​ តទៅ​ចូល​ពុទ្ធ​សករាជ​ ២៥៦៥ ។ មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​ឆ្លូវ នឹង​ចូល​មកដល់​នៅ​ថ្ងៃ​ពុធ ៣ កើត​ ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី ១៤ ខែ​មេសា គ.ស ២០២១ នៅ​វេលា​ម៉ោង​ ៤ និង ០០​នាទី ។

តាម​សៀវភៅ​មហា​សង្ក្រាន្ត​ឆ្នាំ​ឆ្លូវ ត្រីស័ក រៀបរៀង​ដោយ​ឯកឧត្ដម អ៊ឹម បុរិន្ទ អ្នក​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ​ខ្មែរ ចិន សកល ទេព​ធីតា​ឆ្នាំ​ថ្មី ដែល​នឹង​យាង​មក​​គ្រប់គ្រង​ថែរក្សា​ជម្ពូ​ទ្វីប​មនុស្ស​លោក​ចាប់​ពេល​នេះ​តទៅ​​ ជា​ទេវ​ធីតា​មួយ​ព្រះអង្គ​ ជាអគ្គ​នាយិកា​ព្រះ​នាម មណ្ឌាទេវី ជា​បុត្រី​ទី៤ នៃ​កបិល​មហាព្រហ្ម​ គង់​នៅ​​ចាតុ​ម្ម​ហារាជិកា​ ទ្រង់​អម្ពរ​ពណ៌​អន (ខៀវខ្ចី) ​លម្អ​នៅ​ព្រះកាណ៌​ដោយសៀត​ផ្កា​ចម្ប៉ា អភរណៈ​កែវ​ពិទូរ្យ​ ភក្សាហារ​ទ្រង់​សប្បិ​ (ទឹកដោះ) ព្រហស្ថ​ស្ដាំ​ទ្រង់​ម្ជុល ព្រហស្ថ​ឆ្វេង​ទ្រង់​ឈើ​ច្រត់ ទ្រង់​គង់​ផ្ទំ​បិទ​ព្រះនេត្រ​នៅ​លើ​ខ្នង​ គទ្រភៈ (សត្វ​លា) ​ជា​យាន​ពាហនៈ ។ ទើប​នាំ​អស់​ទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ​ហោះ​ទៅ​កាន់​គុហា​កែវ​ធម្មមាលី​នាទី​ភ្នំ​កៃលាស​ខេត្ត​ហិមពាន្ត​ ជាទីតំកល់​នូវ​ព្រះ​សិរសា​ កបិល​មហាព្រហ្ម​ ដែល​តំកល់​លើ​ពាន​មាស នាំ​​​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុរាជ តាម​ផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន ៦០​នាទី ។

ក្រោយដង្ហែប្រទក្សិណ​រួច ទើប​នាំ​ទុក​នូវ​កន្លែង​ដើម​វិញ ហើយ​ប្រជុំ​ទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ​ចូល​ទៅស្រង់​ទឹក​ អនោ​ត្ត​មហាស្រះ​ ដែល​មាន​ទឹក​ហូរ​ចេញ​ពី​បំពង់​ថ្ម​កែវ​ដែល​ជា​មាត់​គោ​ឧសភរាជ​ទាំង ត​ ត្រជាក់​ក្សេមក្សាន្ត​ព្រះរាជ​ហឫទ័យ​គ្រប់​ៗ​ព្រះអង្គ ​ក្នុង​ភគវតី​សភា​សាលា​ដែល​ព្រះ​វិស្សកម្ម​ ទេវបុត្រ​និមិត្ត​ថ្វាយ ដើម្បី​បន្ទោ​បង់​អពមង្គល​​ឱ្យ​ជ្រះ​ស្រឡះ​ ហើយ​ចម្រើន​នូវ​សិរី​សួស្ដី​ជ័យ​មង្គល​ជន្មាយុ​យឺនយូរ​ដល់​ទេវតា និង​មនុស្ស​សត្វ​ផង​ទាំងឡាយ តាំង​ពីឆ្នាំ​ថ្មី​ចូល​មក​នេះ បាន​ទូលំ​ទូលាយ​សុខ​ក្សេមក្សាន្ត​តរៀង​ទៅ ៕ ​

​ ​

អត្ថបទ៖ MC Chandarareth

មតិយោបល់
អត្ថបទថ្មី