• 2021-04-08 02:58:15
  • ព័ត៌មាន

អ្នកជំងឺកូវីដ ទាំង ៣ ប្រភេទនេះ អាចទទួលការព្យាបាល និងថែទាំនៅផ្ទះបាន

  • 2021-04-08 02:58:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមនិតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះ ដែលចេញនៅថ្ងៃទ ០៧ ខែមេសា ឆ្នាំ២០២១ ដោយក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រុមមន្ត្រីសុខាភិបាលទទួលបន្ទុក សហការជាមួយក្រុមអាជ្ញាធរមូលដ្ឋានត្រួតពិនិត្យ និងវាយតម្លៃពីលទ្ធភាពក្នុងការធ្វើការថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះដោយផ្អែកលើកត្តាចំនួន៣សំខាន់ៗ៖

(១) ការវាយតម្លៃគ្លីនិក និងស្ថានភាពអ្នកជំងឺកូវីដ១៩

(២) ការវាយតម្លៃស្ថានភាពផ្ទះរបស់អ្នកជំងឺកូវីដ១៩

(៣) លទ្ធភាពក្នុងការតាមដានការវិវត្តស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅផ្ទះ។

ចំពោះអ្នកជំងឺកូវីដ១៩ ដែលអាចទទួលបានការថែទាំ និងព្យាបាលនៅផ្ទះបានលុះត្រាតែ ៖

១.ពុំមានរោគសញ្ញា ឬមានរោគសញ្ញាកម្រិតស្រាល (ដូចជា៖ ក្តៅខ្លួន អស់កម្លាំង (fatigue) ក្អក (មានឬមិនមានស្លេស្ម) ឈឺសាច់ដុំ ឈឺក តឹងច្រមុះ និង ឈឺក្បាល)

២.កម្រិត Sp02 > 95%

៣.គ្មានកត្តាប្រឈម ឬហានិភ័យ (ឧ. អាយុច្រើន >៦០ឆ្នាំ ជក់បារី ធាត់ មានជំងឺប្រចាំកាយ ដូចជា ជំងឺសសៃឈាម ឬបេះដូង ទឹកនោមផ្អែម ជំងឺសួតរ៉ាំរៃ ជំងឺតម្រងនោមរ៉ាំរ៉ៃ មានប្រព័ន្ធរាងកាយ ខ្សោយ ឬជំងឺមហារីក ។ យ៉ាងណាមិញ អ្នកជំងឺត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗប្រសិនមានករណីមិនស្រួលណាមួយកើតឡើង។

ដោយឡែក ផ្ទះដែលអ្នកជំងឺកូវីដ១៩អាចស្នាក់ដើម្បីព្យាបាលបានត្រូវតែមានលក្ខខណ្ឌដូចខាងក្រោម៖

(១) បន្ទប់រស់នៅ និងបន្ទប់ទឹក ដាច់ដោយឡែកពីសមាជិកគ្រួសារដទៃទៀត

(២) អាចកំណត់ចលនាអ្នកជំងឺពីកន្លែងមួយទៅកន្លែងមួយទៀតក្នុងផ្ទះបាន

(៣) សមាជិករស់នៅក្នុងផ្ទះជាមួយអ្នកជំងឺមិនមែនជាក្រុមប្រឈមមុខខ្ពស់នឹងជំងឺកូវីដ -១៩ ។

ចំពោះលទ្ធភាពក្នុងការតាមដានការវិវត្តស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅផ្ទះ ពិនិត្យមើលសមាជិកនៅក្នុងគ្រួសារជាមួយអ្នកជំងឺកូវីដ-១៩ ដែលមានលទ្ធភាពតាមដានការវិវត្ត របស់អ្នកជំងឺកូវីដ-១៩ សម្របសម្រួលជាមួយក្រុមគ្រូពេទ្យព្យាបាល និងអាជ្ញាធរមូលដ្ឋាន។

គួរបញ្ជាក់ដែរថា ចំពោះការកំណត់នៃការដាក់ឲ្យមានការព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះគឺផ្អែកលើបទពិសោធន៍ជាក់ស្តែងនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដែលមាន ៖

៥% នៃអ្នកជំងឺកូវីដ១៩ ត្រូវការសង្គ្រោះបន្ទាន់កម្រិតធ្ងន់

១៥% នៃអ្នកជំងឺកូវីដ១៩ ត្រូវការសង្គ្រោះបន្ទាន់

៨០% នៃអ្នកជំងឺកូវីដ១៩ ត្រូវការាការតាមដាន និងត្រួតពិនិត្យសុខភាព

អត្ថបទ ៖ មេខាឡា

មតិយោបល់