• 2021-04-29 09:52:46
  • ព័ត៌មាន

រំជួលចិត្ត! ឥណ្ឌូនេសុី ធ្វើរឿងមួយ តបស្នងទៅកាន់នាវិក ពលីជីវិតក្នុងនាវាមុជទឹកបាត់ខ្លួន

  • 2021-04-29 09:52:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អាជ្ញាធរនឹងសាងសង់ផ្ទះសម្រាប់សាច់ញាតិរបស់នាវិកនៃនាវាមុជទឹកមួយដែលបានបាត់ខ្លួននៅក្នុងបាតសមុទ្រ បាលី។ មនុស្សទាំងអស់ ៥៣ នាក់នៅខាងក្នុងនាវា ត្រូវបានគេរាយការណ៍មកថា មិនមាននរណាម្នាក់នៅរស់រានមានជីវិតទេ។ នេះបើតាមការចេញផ្សាយដោយ រ៉យទ័រ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

នាវាមុជទឹក KRI Nanggala-402 ត្រូវបានគេរកឃើញនៅជម្រៅជិត ៨៤០ ម៉ែត្រ កាលពីថ្ងៃអាទិត្យបន្ទាប់ពីបាត់បង់សញ្ញាទាក់ទង នៅមុនពេលកំពុងត្រៀមធ្វើសមយុទ្ធមួយ។ ប្រធានាធិបតីរូបនេះសម្តែងការសោកស្តាយជាពន់ពេក នៅពេលដែលគាត់បានជួបជាមួយសាច់ញាតិរបស់នាវិក នៅមូលដ្ឋានទ័ពជើងទឹកមួយលើកោះ East Java ដោយបាននិយាយថា "យើងនឹងសាងសង់ផ្ទះសម្រាប់អ្នកគ្រប់គ្នា។ អ្នកអាចជ្រើសទីតាំងណាក៏បានតាមបំណងប្រាថ្នារបស់អ្នក។ រដ្ឋនឹងទំនុកបម្រុងដល់ការសិក្សាកូនៗ អ្នកទាំងអស់គ្នា" ។

ដើម្បីជាការដឹងគុណទៅដល់វីរភាពនៃការលះបង់ដើម្បីប្រទេសជាតិ រដ្ឋាភិបាលនឹងដំឡើងឋានន្តរសក្តិដល់សមាជិកនាវិកដែលបាន ពលីជីវិត។ នៅសប្តាហ៍នេះសាច់ញាតិរបស់នាវិកដែលបានបាត់បង់ជីវិត ប្រមូលផ្តុំគ្នានៅតាមតំបន់ផ្សេងៗ នៃប្រទេសឥណ្ឌូនេស៊ីដើម្បីធ្វើការគោរពវិញ្ញាណក្ខន្ធ ហើយបានទទូចឱ្យអាជ្ញាធរជួយស្រង់សាកសពសាច់ញាតិរបស់ពួកគេចេញពីក្នុងសមុទ្រ។ បកទៅក្រោយបន្តិច កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រមុខយោធាឥណ្ឌូនេស៊ី លោក Marshal Hadi Tjahjanto បានបញ្ជាក់ថានាវិកនៅក្នុងនាវាមុជទឹក Nanggala ដែលបាត់ខ្លួន បានស្លាប់បាត់បង់ជីវិតទាំងអស់៕

ប្រភព៖ Reuters ប្រែសម្រួល ៖ ពិទូ

មតិយោបល់