
- 2021-04-29 08:58:21
- ព័ត៌មាន
គ្រុបតេឡេក្រាមផ្លូវការមួយ បង្កើតមូលនិធិ ជួយដល់ពលរដ្ឋកំពុងខ្វះខាតនៅតំបន់ក្រហម
- 2021-04-29 08:58:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រុបតេឡេក្រាមផ្លូវការមួយ បង្កើតមូលនិធិ ជួយដល់ពលរដ្ឋកំពុងខ្វះខាតនៅតំបន់ក្រហម
ចន្លោះមិនឃើញ
តំបន់មួយចំនួនដែលស្ថិតនៅក្នុងខណ្ឌទួលគោក ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌឬស្សីកែវ និងខណ្ឌពោធិ៍សែនជ័យ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកំណត់ជាតំបន់ក្រហម បិទខ្ទប់មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញពីលំនៅដ្ឋានបានឡើយ លើកលែងតែកត្តាចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ។ ក្នុងរយៈពេលនៃការបិទខ្ទប់នេះក៏បានបង្កឱ្យមានផលលំបាកមួយចំនួនដល់ប្រជាជនក្នុងតំបន់ ដូចជាកង្វះខាតស្បៀងអាហារ គ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួន ។
ក្នុងន័យជួយរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុករបស់ប្រជាជននៅតំបន់បិទខ្ទប់ លោក ហោ សេរីវឌ្ឍន៍ ជាស្ថាបនិកជាអ្នកបង្កើតគ្រុបតេឡេក្រាម (Group Telegram) «AntiCovid19Cambodia» បានបង្កើតជាមូលនិធិមួយមានឈ្មោះថា «មូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩» ក្នុងគោលបំណងកៀងគរថវិកាពីបណ្ដាសប្បុរសជន ដើម្បីទិញជាសម្ភារ គ្រឿងឧបភោគ បរិភោគ និងស្បៀងអាហាចាំបាច់មួយចំនួនយកទៅជួយដល់ពលរដ្ឋដែលកំពុងស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ ។
លោកហោ សេរីវឌ្ឍន៍ ក៏ជាប្រធានក្រុម IDI ( ក្រុមវិនិយោគិន យុវជនក្រៅប្រព័ន្ធ) តែងតែដឹកនាំក្រុមការងារ សហគ្រិន ដៃគូវិនិយោគ និងសមាជិកក្នុងគ្រុបតេឡេក្រាមរបស់លោកជួយដល់សង្គមជាច្រើនកន្លងមកហើយ មិនថាជាថវិកា ជាសម្ភារ ជាស្បៀងអាហារ ជួយទៅដល់កងកម្លាំង មន្ត្រីនគរបាល ក្រុមគ្រូពេទ្យជួរមុខកម្ពុជា ប្រជាជនខ្វះខាត។ល។ នៅពេលនេះលោកផ្ដួចផ្ដើមគំនិតបង្កើតមូលនិធិថ្មីមួយទៀត ដើម្បីជួយដល់ពលរដ្ឋនៅតំបន់បិទខ្ទប់ ដែលកំពុងត្រូវការជំនួយជាចាំបាច់បំផុត ។ ការជួយគ្នានៅក្នុងគ្រានេះពិតជាសំខាន់បំផុត ដើម្បីជួយដោះស្រាយបញ្ហាជីវភាព ការខ្វះខាត ជាពិសេសគ្រួសារដែលគ្មានលទ្ធភាពទិញស្បៀងអាហារ ។
ដូច្នេះបងប្អូនសប្បុរជនទាំងឡាយ ដែលមានលទ្ធភាពហើយចង់ចូលរួមចំណែកបរិច្ចាគធនធានរបស់ខ្លួន ដើម្បីជួយដល់អ្នកដែលកំពុងខ្វះខាតខ្លាំង អាចចូលរួមបរិច្ចាគបានតាមរយៈ «មូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩» ។ ថវិកាច្រើនក្ដី តិចក្ដី ដែលបានមកពីទឹកចិត្ត និងការចែករំលែករបស់បងប្អូនពិតជាមានតម្លៃបំផុត សម្រាប់អ្នកដែលកំពុងខ្វះខាត ។ ប្រសិនបើបងប្អូនចង់ចូលរួមបរិច្ចាគអាចធ្វើការបរិច្ចាគបានតាមរយៈ គណនីធនាគារ អេស៊ីលីដា, ABA និង Wing ដែលមានភ្ជាប់ជូនខាងក្រោមនេះ៖
ងាកមកចាប់អារម្មណ៍ គ្រុបតេឡេក្រាម ( Group Telegram) មានឈ្មោះថា ( AntiCovid19Cambodia) បើតាមលោក ហោ សេរីវឌ្ឍន៍ ដែលជាស្ថាបនិក បានប្រាប់ថា គ្រុបនេះលោកបានបង្កើតឡើងចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ មកដល់ពេលបច្ចុប្បន្ននេះមានសមាជិកប្រមាណជាង ២0.000នាក់(ពីរម៉ឺននាក់) ហើយដែលបាននឹងកំពុងទទួលសំណួរ ចម្លើយ ពីបងប្អូនប្រជាពលរដ្ឋ និង ចំលើយពីបងប្អូនដែលគាត់បានដឹង និង មានចំណេះលើវិស័យសុខាភិបាល ពិសេសទៅទៀតនោះ គឺយើងមានក្រុមគ្រូពេទ្យជំនាញរង់ចាំប្រឹក្សាយោបល់ និងផ្តល់ចំលើយទៅតាមវេជ្ជសាស្ត្រ ដ៍សំបូរបែបនៅក្នុងគ្រុបតេឡេក្រាម Telegram លោកបានបន្ដមានប្រសាសន៍ថា គោលបំណងដែលបង្កើតគ្រុបនេះគឺ កើតឡើងដោយសារ មើលឃើញពីការមានជំងឺឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ពោលគឺជាកន្លែងផ្លាស់ប្តូរ បញ្ជាក់ និងចែករំលែកព័ត៌មានពីការវិវត្តថ្មីៗនៃជម្ងឺកូវីដ-១៩។ ប្រិយមិត្តអាចចូលក្នុងគ្រុបនេះបាន តាមរយៈ https://t.me/anticovid19Cambodia៕