• 2021-05-08 04:04:28
  • ព័ត៌មាន

ក្រុម​អ្នក​ជំនាញ៖ ​អ្នក​ស្លាប់​ដោយសារ​កូវីដ​នៅ​ឥណ្ឌា ​អាច​កើន​ដល់​១​លាន​នាក់​ដាច់​ខែ​នេះ

  • 2021-05-08 04:04:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រលក​ទី​២​កូវីដ​១៩​នៅ​ឥណ្ឌា​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​មែនទែន​សម្រាប់​ពិភព​លោក ​ព្រោះ​ប្រទេស​នេះ​មាន​ករណី​ឆ្លង​លឿន សាហាវ ​និង​ខ្លាំង​បំផុត​ដូច​ទឹក​បាក់​ទំនប់។

​ស្ទើរ​តែ​រាល់​ថ្ងៃ​នេះ មនុស្ស​ប្រមាណ​ជា​៤០​ម៉ឺន​នាក់​រក​ឃើញ​ថា​បាន​ឆ្លង​មេរោគ​កូវីដ​១៩ ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​២៤​ម៉ោង​ប៉ុណ្ណោះ​នៅ​ឥណ្ឌា។ ដែល​ចំនួន​នេះ​ពិត​ជា​ច្រើន ​និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​សុខាភិបាល​ឥណ្ឌា​ទប់​លែង​ជាប់​ទៅ​ហើយ។ ​អ្នក​ជំងឺ​ដេក​ស្លាប់​តាម​ផ្លូវ ​និង​ខ្លះ​យក​ម៉ូតូ​កង់​បី ​ខ្លះ​ឡាន ធ្វើ​ជា​កន្លែង​ព្យាបាល​របស់​ខ្លួន​ទៅ​ហើយ។ ​កង្វះ​អ៊ុកហ្សីសែន ​មួយ​ទៀត​ក៏​ជា​កត្ដា​ធ្វើ​ឱ្យ​ប្រទេស​នេះ​មាន​ករណី​ស្លាប់​ច្រើន​ក្នុង​១​ថ្ងៃ​ៗ​ផង​ដែរ។

​គិត​ត្រឹម​ថ្ងៃ​នេះ ​ឥណ្ឌា ​មាន​អ្នក​ឆ្លង​កូវីដ​១៩ ​ដែល​បាន​ចុះ​បញ្ជី​សរុប​ជិត​២២​លាន​នាក់ ​និង​ស្លាប់​ជាង​២៣​ម៉ឺន​នាក់។ ​តួរ​លេខ​២៤​ម៉ោង​ចុង​ក្រោយ​វិញ ​មាន​អ្នក​ឆ្លង​ថ្មី​ជាង​៤០​ម៉ឺន​នាក់ ​និង​ស្លាប់​ជាង​៤​ពាន់​នាក់។ ​ក្រុម​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា​វិធានការណ៍​ទប់​ស្កាត់​របស់​ឥណ្ឌា​ពេល​នេះ ​ហាក់​មិន​មាន​ប្រសិទ្ធភាព​ទេ ​ដូច្នេះ​ចំនួន​អ្នក​ឆ្លង​នឹង​បន្ដ​កើន​ឡើង​បន្ថែម​ទៀត ​ហើយ​ស្លាប់​ក៏​កើន​ដូច​គ្នា។

​ដោយ​ឡែក​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាមេរិក ​បាន​ប៉ាន់​ប្រមាណ​ទៀត​ថា ​ឥណ្ឌា ​នៅ​ត្រឹម​ដាច់​ខែ​នេះ ​នឹង​អាច​មាន​អ្នក​ស្លាប់​សរុប​កើន​ដល់ ​ចន្លោះ​ពី​៧​សែន​នាក់​ទៅ​១​លាន​នាក់​ជាក់​ជា​មិន​ខាន។ ​ការ​កើន​ឡើង​ខ្លាំង​នេះ គឺ​ដោយសារ​ចំនួន​ឆ្លង​មិន​ធូរស្បើយ​សោះ ខណៈ​ដែល​គ្មាន​មន្ទីរពេទ្យ​ព្យាបាល​នោះ​ទេ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់