• 2021-05-13 06:49:10
  • ព័ត៌មាន

ខ្លោចចិត្តណាស់! ឃាតកបានប្រើវិធីទាំងនេះ ផ្ដាច់ជីវិតប្រពន្ធកូនម្ដងៗម្នាក់ ខ្លះស្លាប់មុនដុត ខ្លះស្លាប់ក្នុងភ្លើង

  • 2021-05-13 06:49:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមអង្គភាពការពារកុមារហៅកាត់ថា (CPU) បានលម្អិតពីរឿងរ៉ាវដ៏រន្ធត់ ដែលបានកើតឡើង នៅវេលាម៉ោង ០៨យប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ដោយជនល្មើសមានជម្លោះយ៉ាងខ្លាំងជាមួយប្រពន្ធអាយុ ៣៨ឆ្នាំរបស់ខ្លួននៅផ្ទះរបស់ពួកគេ ដែលស្ថិតនៅក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៍។ នៅពេលនោះក៏ជនល្មើសបានយកកន្រ្តៃទៅចាក់ប្រពន្ធរបស់ខ្លួនជាច្រើនលើកនៅលើផ្នែកទ្រូង បង្កឱ្យគាត់រងរបួសធ្ងន់ធ្ងរ បន្ទាប់មកជនល្មើសបានបង្កហិង្សាទៅលើកូនរបស់ខ្លួនដែលមានអាយុ ៣ឆ្នាំ បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ ។

ភស្តុតាងបានបង្ហាញទៀតថាជនល្មើសបានបន្តប្រហារទៅលើកូនចុងរបស់ខ្លួន អាយុ៩ឆ្នាំ ដោយច្របាច់ក។ បន្ទាប់មកគឺកូនភ្លោះពីរនាក់ទៀតដែលមានអាយុ ៧ឆ្នាំ បានប្រទះឃើញអំពើទាំងនេះក៏រត់ចូលទៅក្នុងបន្ទប់គេងហើយកាន់ ឬអោបគ្នាដោយមានការភ័យខ្លាច ជនល្មើសបានចាក់សោរបន្ទប់ជាប់ដាក់ពួកគេនៅខាងក្នុង។

បន្ទាប់ពីធ្វើសកម្មភាពសម្លាប់រួចជនល្មើសបានដុតពូក និងខោអាវដើម្បីបង្កើតជាហេតុការណ៍ភ្លើងឆេះ។ រួចជនល្មើសបានរងចាំនៅក្នុងផ្ទះរហូតដល់ពេលភ្លើង ចាប់ផ្តើមរីករាលដាលខ្លាំងឡើង ទាំងដឹងថាកូនភ្លោះពីរនាក់នៅមានជីវិតនៅឡើយ ហើយជាប់សោរនៅក្នុងបន្ទប់គេង។ ពេលដែលអគ្គិភ័យបានឆាបឆេះផ្ទះទាំងស្រុង ជនល្មើសបានចេញក្រៅផ្ទះ និងរងចាំរហូតដល់អ្នកជិតខាងប្រទះឃើញ។ ជនរងគ្រោះខ្លះបានស្លាប់ដោយរបួសរងមុនពេលអគ្គីភ័យ ហើយមួយចំនួនទៀតបានស្លាប់នៅក្នុងកំឡុងពេលភ្លើងកំពុងឆាបឆេះតែម្ដង។ សាកសពកូនភ្លោះត្រូវបានរកឃើញក្នុងស្ថានភាពអោបគ្នា អាណោចអាធមបំផុត។

បច្ចុប្បន្នជនល្មើសនៅព្រឹកថ្ងៃទី១៣ ខែឧសភា នៅវេលាម៉ោង១០នេះ ជនជាប់ចោតឈ្មោះ នន់ សារ៉េត អាយុ២៨ឆ្នាំ ត្រូវបានតុលាកាដំបូងខេត្តកំពង់ឆ្នាំងផ្តន្ទាទោសពីបទឃាតកម្មគិតទុកជាមុនទៅលើជនរងគ្រោះ ៥នាក់ និងបទលាក់បំបាំងភស្តុតាង។ ចែងក្នុងមាត្រាទី២០០ នៃក្រមព្រហ្មទណ្ឌ បទល្មើសឃាតកម្មគិតទុកជាមុនគឺមានទោសជាប់ពន្ធនាគារអស់មួយជីវិត៕

ប្រភព: អង្គភាពការពារកុមារ(CPU)

អត្ថបទសម្រួលដោយ : Su In

មតិយោបល់