• 2021-05-27 08:52:25
  • ព័ត៌មាន

មកស្គាល់ផ្លូវ ៤ កន្លែងនៅខេត្តទាំង ៤ ទេសភាពពិតជាស្អាតខ្លាំង

  • 2021-05-27 08:52:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈរូបភាពជាច្រើនសន្លឹកដែលបង្ហោះបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញពីទិដ្ឋភាពតាមដងវិថីនៃខេត្តទាំង៤នេះ អមដោយទេសភាពដ៏ស្រស់ត្រកាលកំពុងបញ្ចេញសម្រស់បង្អួតគ្នា បង្ហាញពីភាពស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរនារដូវវស្សានេះរៀងៗខ្លួន។ តោះមកមើលពីភាពស្រស់ស្អាតនៃខេត្តនីមួយៗទាំងអស់គ្នា៖

១.ខេត្តព្រះសីហនុ

ឃើញថានៅក្នុងខេត្តព្រះសីហនុមានការកែប្រែមុខមាត់យ៉ាងខ្លាំង ជាពិសេសបើមើលទៅលើភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន ផ្លូវថ្នល់ខ្វាត់ខ្វែង អមជាមួយនឹងការលើកទង់ជាតិកម្ពុជាដាក់បង្ហាញសងខាងផ្លូវធ្វើដំណើរដែលជាទីគួរឲ្យចង់គយគន់សម្រស់នៅក្នុងខេត្តមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ សំណង់អគារធំៗ ត្រូវបានប្រតិដ្ឋខ្លួនខ្លាំងយ៉ាងអង់អាចស្ទើរគ្រប់កន្លែង ក្នុងទីរួមខេត្ត និងតាមតំបន់ឆ្នេរ ដែលនេះជាការបង្ហាញយ៉ាងច្បាស់ថាខេត្តព្រះសីហនុកំពុងតែបង្ហាញសក្តានុពលរបស់ខ្លួននៅលើវិស័យពាណិជ្ជកម្មពិតៗ ។

រូបភាព ៖ Sim Kimhort វិថីខេត្តព្រះសីហនុ
រូបភាព ៖ Sim Kimhort វិថីខេត្តព្រះសីហនុ

២.ខេត្តកែប

នៅតាមដងផ្លូវឆ្ពោះទៅកាន់ខេត្តកែប លោកអ្នកនឹងភ្លឹកភ្លាំងស្មារតី នឹងសម្រស់ផ្កាក្ងោកកំពុងរីកធំៗ ដង្ហែគ្នាជាជួរ មិនដាច់ភ្នែក ពិតជាស្អាតខ្លាំង គយគន់ហើយ រំសាយអស់នូវរាល់ទុក្ខកង្វល់ដោយមិនដឹងខ្លួន ។ ជាពិសេសនោះ អមដោយការធ្វើដំណើរលើផ្លូវជាតិដ៏រលោង មានសួនច្បារពុះចែកទ្រូងផ្លូវ នាំឱ្យការធ្វើដំណើរហាក់មួយភ្លែត ព្រោះអារម្មណ៍នៅដិតដាមនឹងសម្រស់ធម្មជាតិ ខ្យល់អាកាសបក់មកពីសមុទ្រ មកប៉ះនឹងផ្ទៃមុខ នាំឱ្យដំណើរកម្សាន្តមួយនេះ ពិតជាស្រស់ស្រាយណាស់ ។

រូបភាព៖ Sovan Da វិថីខេត្តកែប
រូបភាព៖ Sovan Da វិថីខេត្តកែប

៣.ខេត្តប៉ៃលិន

បរប៉ៃលិន នៅតាមដងផ្លូវនៅខេត្តមួយនេះ មានតាំងលម្អព្រះឆាយលក្ខណ៍ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ និងផ្ការំដួលតំណាងជាតិពិតជាមានសម្រស់ស្រស់ស្អាត ស័ក្ដិសមបំផុតនឹងកេរ្តិ៍ឈ្មោះខេត្តត្បូងពេជ្រ បង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ដួងព្រលឹងជាតិខ្មែរ បញ្ជាក់ឱ្យបរទេសឃើញថា នេះហើយដែនដីខ្មែរដ៏រុងរឿង ។

ប្រភព ៖ Na Vy វិថីខេត្តប៉ៃលិន
ប្រភព ៖ Na Vy វិថីខេត្តប៉ៃលិន

៤.ខេត្តសៀមរាបអង្គរ

ក្រោមការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ក្នុងការកែលម្អផ្លូវវង់ធំ រហូតទទួលបានការកោតសរសើរ និងទាក់ទាញភ្ញៀវទេសចរ ដែលកំពុងធ្វើចរាចរកម្សាន្តលើដងផ្លូវជាលក្ខណៈគ្រួសារ ជាពិសេសគឺ ភ្ញៀវទេសចរជិះកង់កម្សាន្តនាពេលល្ងាចក្នុងរមណីយដ្ឋានអង្គរ។ ផ្លូវនេះទៀតសោត គឺអមដោយដើមឈើតូចធំដែលមានពណ៌ខៀវដ៏ស្រស់ត្រកាលគ្របដណ្តប់លើដងផ្លូវ លាយឡំដោយសំឡេងសត្វយំពីរោះរណ្តំ ធ្វើឱ្យភ្ញៀវទេសចររំសាយភាពតានតឹងក្នុងចិត្ត និងទុក្ខកង្វល់ទៀតផង។

ប្រភព ៖ អាជ្ញាធរជាតិអប្សារា វិថីវង់ធំ ខេត្តសៀមរាប
ប្រភព ៖ អាជ្ញាធរជាតិអប្សារា វិថីវង់ធំ ខេត្តសៀមរាប

ក្រោយពីឃើញមានការរៀបចំបែបនេះ បានធ្វើឱ្យមហាជនខ្មែរ មានការសារទរនឹងពេញចិត្តជាខ្លាំង ហើយជាគំរូដ៏ល្អមួយ សម្រាប់បណ្ដារាជធានី- ខេត្តផ្សេងទៀត គួររៀបចំបែបនេះ ពិតជាស័ក្ដិសមណាស់ ហើយមានលក្ខណៈពិសេសគ្រប់គ្រាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរស្កាត់ទៅទស្សនាកម្សាន្តផងដែរ៕

អត្ថបទសម្រួលដោយ : Su In

មតិយោបល់