• 2021-05-28 10:26:34
  • ព័ត៌មាន

ពលរដ្ឋមីយ៉ាន់ម៉ា រាប់លាននាក់ប្រឈមមុខនឹងការអត់ឃ្លាន ខណៈជីវភាពធ្លាក់ចុះ ស្របពេលទំនិញឡើងថ្លៃ

  • 2021-05-28 10:26:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តីជនជាតិមីយ៉ាន់ម៉ាម្នាក់ អង្គុយជាមួយកូនៗ ៧ នាក់នៅក្នុងផ្ទះបាយរបស់ពួកគេដោយក្តីព្រួយបារម្ភ ហើយបានថ្លែងប្រាប់អ្នកសារព័ត៌មានថា អាហារ និងបន្លែបន្តិចបន្តួច ដែលពួកគេអាចមានលទ្ធភាពទិញនៅប្រទេសមីយ៉ាន់ម៉ា ដែលរងគ្រោះដោយរដ្ឋប្រហារ នឹងអាចបំពេញនូវភាពអត់ឃ្លានរបស់ពួកគេបានដែរឬទេ។

សេដ្ឋកិច្ចជាតិនិងប្រព័ន្ធធនាគារត្រូវបានដួល ចាប់តាំងពីក្រុមយោធាបានដណ្តើមអំណាច ដែលបានរុញមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសានស៊ូជី ឱ្យចេញពីតំណែងកាលពីខែកុម្ភៈកន្លងទៅ។ ជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានធ្លាក់ចុះបន្ទាប់ពីការធ្វើកូដកម្មនិងការបិទទ្វាររោងចក្រ ខណៈតម្លៃប្រេងឥន្ធនៈបានកើនឡើង។ ចំណែកពលរដ្ឋខ្លះអ្នកមានសំណាងអាចមានប្រាក់សន្សំនៅធនាគារ ដោយត្រូវរង់ចាំជាជួរពេញមួយថ្ងៃដើម្បីដកប្រាក់របស់ពួកគេ។

យោងតាមក្រុមអ្នកឃ្លាំមើលក្នុងតំបន់បានអោយដឹងថា ការបើកអាជីវកម្មជាសាធារណៈដើម្បីរកប្រាក់ចំណូលបានក្លាយជាគ្រោះថ្នាក់ និងមិនមានសុវត្ថិភាព។ ការបង្ក្រាបដោយមិនរើសអើងនិងឃោរឃៅទៅលើក្រុមប្រឆាំង បានសម្លាប់ជនស៊ីវិលច្រើនជាង ៨០០ នាក់។

កម្មវិធីស្បៀងអាហារពិភពលោកបានព្រមានថា នៅក្នុងប្រទេសមួយដែលធ្លាប់នាំចេញអង្ករ និង បន្លែផ្លែឈើ ទៅកាន់ប្រទេសដទៃ ពេលនេះមនុស្សរាប់លាននាក់នឹងអត់ឃ្លាននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ការឡើងថ្លៃនេះ បានទៅដល់តំបន់ដាច់ស្រយាលជាពិសេស នៅក្នុងរដ្ឋ Kachin ជិតព្រំដែនប្រទេសចិន ដែលអង្ករមានតម្លៃថ្លៃជាងពេលសព្វមួយដង រហូតដល់ទៅ ៥០%។ ថ្លៃដើមនៃការដឹកជញ្ជូនផលិតផលពីកសិដ្ឋានទៅទីក្រុង ក៏បានឡើងថ្លៃដូចគ្នា បន្ទាប់ពីមានការតម្លើងតម្លៃប្រេងឥន្ទនៈ ប្រមាណ ៣០% ចាប់តាំងពីមានរដ្ឋប្រហារ។

កម្មវិធីស្បៀងអាហារពិភពលោកបានប៉ាន់ប្រមាណថា ក្នុងរយៈពេល ៦ ខែខាងមុខ ប្រជាជន ៣,៤ លាននាក់ទៀត នឹងអត់ឃ្លាននៅក្នុងប្រទេសមីយ៉ាន់ម៉ាហើយប្រទេសនេះកំពុងត្រៀមបង្កើនជំនួយទ្វេដង ចំពោះស្បៀងអាហារសម្រាប់គ្រាអាសន្ន៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់