• 2021-09-17 05:02:00
  • ព័ត៌មាន

កាន់តែសម្បូរបែប! Sabay ត្រៀមចេញផ្សាយព័ត៌មានសេដ្ឋកិច្ច ក្រោយពីដំណើរបាន១១ឆ្នាំ

  • 2021-09-17 05:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay ដែលជាវេបសាយសារព័ត៌មានលេខ១ នៅកម្ពុជា នឹងបង្កើតផ្នែកព័ត៌មានថ្មីមួយទៀតគឺ «ព័ត៌មានសេដ្ឋកិច្ច» បន្ថែមលើផ្នែកព័ត៌មាន ដែលកំពុងដំណើរការនៅ លើវេបសាយរបស់ខ្លួន និងដើម្បីពង្រីក ការផ្សាយព័ត៌មានឲ្យកាន់តែសម្បូរបែប ក្រោយពីបានចេញ ផ្សាយតែព័ត៌មានផ្តោតតែលើយុវវ័យ អស់រយៈពេល១១ឆ្នាំ។

ការចេញផ្សាយព័ត៌មានសេដ្ឋកិ្ចនេះ ដែល​នឹង​ចាប់​ផ្តើម​ចាប់ពីថ្ងៃ​ចន្ទ ទី​២០ ខែកញ្ញា ឆ្នាំ​២០២១ ត​ទៅ គឺមានគោលដៅក្នុងការចូលរួមចំណែកផ្តល់ចំណេះដឹងបន្ថែមទៀតស្តីពី សេដ្ឋកិច្ចជាតិ និងអន្តរជាតិដល់ប្រិយមិត្ត អ្នកអានរបស់ខ្លួន ក៏ដូចជាស្វែងរយល់ពីចំណុចសំខាន់ៗនៃអាជីវកម្ម។

ហេតុអ្វីបានជា Sabay ចាប់ផ្តើមបង្កើតព័ត៌មានសេដ្ឋកិច្ច នាពេលនេះ?

គេហទំព័រ Sabay (news.sabay.com.kh) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១០ និងផ្តោតលើការផ្សាយព័ត៌មាន ដូចជា កម្សាន្ត ជីវិតនិងសង្គម កីឡា និងបច្ចេកវិទ្យា សម្រាប់ប្រិយមិត្តអ្នកអានជាយុវវ័យ។ រយៈពេលជិត១១ឆ្នាំ មកនេះ Sabay បានស្រូបទាញអ្នកអានជាយុវវ័យដ៏ច្រើនលើសលប់ ពោលគឺទាំងប្រិយមិត្តជាអ្នកអានក្មេង ចាស់ និងថ្មី។

ការចាប់ផ្តើមចេញផ្សាយព័ត៌មានស្តីពីសេដ្ឋកិច្ចនេះ គឺជាការបើកទំព័រថ្មីមួយ សម្រាប់ប្រិយមិត្តអ្នកអាន តាំងពីដំបូងរបស់ Sabay ដោយសារតែមានសំណូមពរ ការផ្លាស់ប្តូរឥរិយាបថ ក៏ដូចជាមានការចង់ដឹង និងចង់អានព័ត៌មានដ៏មានអត្ថប្រយោជន៍នេះ។

ជាមួយគ្នានេះផងដែរ Sabay យល់ឃើញថា ប្រិយមិត្តជាអ្នក អានមុនៗដែលនៅបន្តគាំទ្រវេបសាយរបស់ខ្លួន មកទល់ពេលនេះ មានការផ្លាស់ប្តូរការចាប់អារម្មណ៍របស់ខ្លួន ពិសេសចង់បង្កើតអាជីវកម្ម ក៏ដូចជាចង់ដឹងពីគន្លឹះ សំខាន់ៗក្នុងអាជីវកម្ម ដើម្បីធ្វើជាទុនទៅថ្ងៃអនាគត។

ហេតុអ្វីត្រូវអានព័ត៌មានសេដ្ឋកិច្ចនៅ Sabay?

ការបង្កើតផ្នែកបណ្ដុំ “ព័ត៌មានសេដ្ឋកិច្ច” ថ្មីនេះ ត្រូវបានផ្តួចផ្តើមឡើង ដោយសារតែ Sabay យល់ឃើញថា ព័ត៌មានទាក់ទងនឹងអាជីវកម្ម ដើរតួនាទី ដ៏សំខាន់ ក្នុងការជួយឲ្យអ្នកអានទទួលបានចំណេះដឹង និងព័ត៌មានថ្មីពីអាជីវកម្ម និងពាណិជ្ជកម្ម ទាំងជាតិ និងអន្តរជាតិ។

ប្រិយមិត្ត Sabay នឹងទទួលបានចំណីអារម្មណ៍ថ្មីពីព័ត៌មានសេដ្ឋកិច្ចស៊ីជម្រៅទាំងក្នុងស្រុក ក្នុងតំបន់ ក្នុងលើពិភពលោក រួមទាំងអត្ថបទវិភាគ បទយកការណ៍ និងកិច្ចសម្ភាសន៍ផ្សេងៗទៀត។

ព័ត៌មានសេដ្ឋកិច្ចទាំងក្នុងស្រុក និងអន្តរជាតិរបស់ Sabay នឹងផ្តោតជាសំខាន់ទៅលើ អាជីវកម្មខាតតូច និងមធ្យម វិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ទីផ្សារហិរញ្ញវត្ថុ ការចាប់ទើបផ្តើមអាជីវកម្មថ្មី បញ្ហាប្រឈម ដំណោះស្រាយ និងផែនការអាជីវកម្មនាពេលបច្ចុប្បន្ន និងអនាគត។

ជាមួយគ្នានេះ អ្នកសរសេរព័ត៌មានរបស់ Sabay ក៏នឹងចេញផ្សាយពីករណីសិក្សាលើការបរាជ័យ និងភាពជោគជ័យលើអាជីវកម្ម ទីផ្សារអចលនទ្រព្យ ទីផ្សារប្រេង ការនាំចេញ-នាំចូល និងអាជីវកម្មក្រៅប្រព័ន្ធ តារយៈការសម្ភាសន៍ជាមួយនឹងភ្ញៀវសំខាន់ៗដែលមានបទពិសោធខ្ពស់ក្នុងអាជីវកម្មផងដែរ។

លោកជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Plus មានប្រសាសន៍ថា៖ «នេះការការបំពេញបន្ថែម និងការបង្កើនការផ្សាយព័ត៌មានសំខាន់ៗដល់ ប្រិយមិត្ត អ្នកអានរបស់យើង។ ក្រោយពីដំណើរការអស់១១ឆ្នាំ ដល់ពេលហើយដែលយើងចង់ចែករំលែកពីចំណេះដឹង ស្តីពីការចាប់ផ្តើមអាជីវកម្ម បញ្ហាប្រឈម ក៏ដូចជាដំណោះស្រាយនានា ការបរាជ័យ និងករណីសិក្សាដែលជោគជ័យ លើអាជីវកម្មផងដែរ»។

លោកបានបន្ថែមទៀតថា៖ «យើងនឹងចង់ផ្តោតទៅលើអាជីវកម្មខ្នាតតូច និងមធ្យម ក៏ដូចជាចែករំលែកចំណេះ ដឹង និងគន្លឹះសំខាន់ៗទាក់ទងនឹងការបង្កើតអាជីវកម្ម។ ខ្ញុំសង្ឃឹមថា អ្នកព័ត៌មានសេដ្ឋកិច្ចនៅ Sabay នឹងទទួលបានចំណេះដឹងដែលត្រូវការ ជាចាំបាច់ក្នុងថ្ងៃអនាគត»។

ក្នុងប្រអប់ព័ត៌មានស្តីពីអាជីវកម្មនេះ Sabay នឹងធ្វើការសម្ភាសជាមួយនឹងលោកជី សិលា ផ្ទាល់ដែលកំពុង គ្រប់គ្រងអាជីវកម្មជាច្រើនក្នុងដៃរបស់លោក ខណៈដែលលោកក៏នឹងធ្វើការចែករំលែកបទពិសោធ និងគន្លឹះសំខាន់ៗ ស្តីពីការបង្កើតអាជីវកម្ម បញ្ហាប្រឈម ដំណោះស្រាយ ក៏ដូចជាកិច្ចសម្ភាស ជាមួយនឹង ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យោមជាច្រើនទៀត។

ភាពងាយស្រួល និងការបណ្តុំដោយព័ត៌មានសំខាន់ៗ

ការបង្កើតព័ត៌មានផ្នែកសេដ្ឋកិច្ចថ្មីនេះ ក៏នឹងផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកអាន ក្នុងការស្វែងរករាល់ព័ត៌មាន សេដ្ឋកិច្ចទាំងអស់ដែលនៅក្នុងប្រអប់តែមួយ ក៏ដូចជាចូលរួមផ្សព្វផ្សាយឲ្យដៃគូសហករណ៍របស់ Sabay ផងដែរ។

ប៉ុន្តែ ទោះបីជាយ៉ាងណា ការចេញផ្សាយព័ត៌មានសេដ្ឋកិច្ចនេះ មិនមែនជាបង្កើតផ្នែកថ្មីសម្រាប់ Sabay ឡើយ ដោយកន្លងមក វេបសាយដ៏មានប្រជាប្រិយភាពមួយ បានចេញផ្សាយនូវកម្មវិធីសេដ្ឋកិច្ចជាច្រើនដូចជា Eye on Forex (ទីផ្សាររូបិយបណ្ណ) និងកម្មវិធី Hot Seat ដែលនិយាយពីទីផ្សាអចលទ្រព្យ ផងដែរ។

បច្ចប្បន្ន Sabay ក៏កំពុងតែបង្កើតកម្មវិធីមួយដែលមានឈ្មោះថា «Starting Up» ដែលមានលោកជី សិលា ជា host សម្របសម្រួលកម្មវិធី ជាមួយ host ៣រូបផ្សេងទៀត ដែលសុទ្ធសឹងជាអ្នក Start Up ក្រុមហ៊ុនដោយខ្លួនឯង ដូចលោកសិលាដែរ។

លោកសុខ សុវត្ថិ និពន្ធនាយករបស់ Sabay Digital Plus បានលើកឡើងថា បើទោះបី Sabay បន្ថែមផ្នែកមួយផ្សេងទៀត ប៉ុន្តែ នៅតែប្រកាន់ភ្ជាប់នូវគោលករណ៍ផ្សាយព័ត៌មានចំនួន៣ចំណុចដដែល។

លោកបានឲ្យដឹងថា៖ «ព័ត៌មានសេដ្ឋកិច្ច ពិតជាដើរតួនាទីក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗ។ ការបង្កើតព័ត៌មានសេដ្ឋកិច្ចនេះឡើង គឺស្របទៅតាមគោលការណ៍គ្រឹះទាំង ៣ របស់យើង គឺ Inform, Inspire និង Entertain ពោលគឺយើងផ្ដល់ជូនអ្នកអានទាំងព័ត៌មាន ការជំរុញលើកទឹកចិត្ត និងការកម្សាន្ត នៅលើវិបសាយរបស់យើង ហើយថ្មីជាងនេះទៅទៀត គឺការទទួលបានចំណេះដឹងបន្ថែមទៀតពីសេដ្ឋកិច្ច»។

លោកបានបញ្ជាក់ប្រាប់ថា៖ «ក្រៅពីផ្ដល់នូវព័ត៌មានកម្សាន្ត កីឡា បច្ចេកវិទ្យា និងរឿងរ៉ាវសង្គមផ្សេងៗ យើងនឹង ប្រូមូលផ្ដុំព័ត៌មានបែបស៊ីជម្រៅទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីតាំងតែមួយ ដើម្បីបង្កភាពងាយដល់អ្នក អាន ក៏ដូចជាដៃគូផ្សព្វផ្សាយរបស់យើងផងដែរ»។

កញ្ញាផាត ស្រីមុំ ប្រធានផ្នែកលក់ប្រចាំ Sabay Digital Plus បានឲ្យដឹងថា៖ «យើងពិតជាមានមោទនភាព ណាស់ក្នុងការដាក់ឲ្យដំណើរការផ្នែកនេះក្នុងពេលឆាប់ៗ។ នេះគឺជាការឆ្លើយតបទៅនឹងបេសកកម្មរបស់យើង ក្នុងការចូលចែករំលែកចំណេះដឹង និងព័ត៌មាននានា បង្កើនភាពសម្បូរបែបនៃព័ត៌មានដែលមានស្រាប់ និងធ្វើឲ្យគេហទំព័ររបស់យើងកាន់តែមានប្រជាប្រិយភាពបន្ថែមទៀត»។

វេបសាយសារព័ត៌មាន Sabay បច្ចុប្បន្ននេះ កំពុងឈរលើ១ ក្នុងនាមជា វេបសាយព័ត៌មានជាភាសាខ្មែរ ដែលមានអ្នកចូលអានច្រើនជាងគេ (យោងតាម Alexa.com) ពោលគឺជាធម្យម យើងទទួលបាន អ្នកអានប្រមាណ កន្លះលាននាក់ក្នុងមួយថ្ងៃ ឬអ្នកចូលអានសរុប ១៥លាននាក់ជាប្រចាំខែ។

ក្រៅពីនេះ យើងក៏មានវិបសាយព័ត៌មានសម្រាប់ស្រ្ដី kanha.sabay.com.kh វេបសាយ និង App ព័ត៌មាន kleykley.sabay.com.kh និងថ្មីៗនេះ យើងក៏បានបង្កើតវិបសាយមួយទៀត ដែលប្រមូលផ្ដុំដោយព័ត៌មានបែប សប្បាយៗ គឺ rikreay.sabay.com.kh។

សម្រាប់ការចូលរួមផ្តល់ព័ត៌មាន ឬសាកសួរព័ត៌មាននានាអំពីការចេញផ្សាយព័ត៌មានសេដ្ឋកិច្ចនេះ សូមទាក់ទងទៅកាន់លោកអុិន សុផេង តាមរយៈលេខទូរសព្ទ ០១២ ៦៥១ ៦៩២ ឬ ០៨៧ ២២២ ៨១៩ ឬតាមរយៈអុីម៉ែល in.sopheng@sabay.com៕

អត្ថបទ៖ អុិន សុផេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី