• 2021-06-03 02:35:17
  • ព័ត៌មាន

ទិដ្ឋភាពច្រើនសន្លឹក បរិវេនជុំវិញប្រាសាទអង្គរ ប្រែជាបៃតងខ្ចី វាលស្មៅល្វឹងល្វើយដាច់កន្ទុយភ្នែក

  • 2021-06-03 02:35:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គរវត្ត ជាសម្បត្តិមនុស្សជាតិនៃបេតិកភណ្ឌពិភពលោក កំពុងប្រែមុខមាត់ថ្មីដោយមិនត្រឹមមានហេដ្ឋារចនាសម្ព័ន្ធស្រស់ស្អាតខ្វែងខ្វាត់នោះទេ បរិស្ថានវិញគឺពិតជាមានសោភ័ណណាស់។ វស្សាភ្លៀងធ្លាក់នៅពេលព្រលឹមស្រាងៗ ធ្វើឲ្យរុក្ខជាតិតូចធំទាំងឡាយរីកលូតលាស់ល្អ ស្មៅពណ៌បៃតងនៃទីធ្លាជុំវិញបិរវេណនេះប្រាសាទ ប្រៀបបីដូចគេក្រាលក្របកំរាលព្រំបៃតងខៀវខ្ចី ទិដ្ឋភាពទាំងនេះគឺពិតជាបានចូលរួមលើកតម្លៃផ្នែកសោភណ្ឌដល់មហាប្រាសាទអង្គរយ៉ាងក្រៃលែង។

ស្មៅលាស់ត្រួយបៃតងខ្ចី ជុំវិញបរិវេណ ហាក់បៃដូចចង់ក្រសោមប្រាសាទ និងបានរំលេចពណ៌យ៉ាងស្រស់ ។ ទេសចរបើបានដល់ទីឋានវិសុទ្ធនេះហើយ ប្រាកដស្បើយអស់ក្ដីទុក្ខកង្វល់ ព្រោះថាទាំងសម្រស់ប្រាសាទ ទាំងបរិយាកាស ទាំងបរិស្ថាន ពិតជាសាកសមជាមហាអច្ឆរិយ្យប្រាសាទពិតៗ ទេសចរនឹងមិនអាចចោលភ្នែកបានឡើយ។

ទន្ទឹងនេះតំបន់អង្គរបានបង្ហាញពីការអភិវឌ្ឍជាបន្តបន្ទាប់ដោយនៅបរិវេណមុខប្រាសាទអង្គរវត្ត មានការរៀបចំបានយ៉ាងស្អាត មានស្មៅបៃតងខ្ចីដូចគ្នា ហើយការអភិវឌ្ឍទាំងនោះរួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម។

ពិសេសអ្នកចូលចិត្តជិះកង់ក៏តែងជ្រើសរើសទីនេះ ជាកន្លែងសម្រាកដើម្បីអង្គុយស្រូបយកខ្យល់អាកាស ពិភាក្សា ថតរូបកម្សាន្ត គយគន់ទេសភាពប្រាសាទ ពេលអរុណោទ័យមុននឹងបន្តដំណើរឆ្លងកាត់កន្លែងផ្សេងៗក្នុងតំបន់បេតិកភណ្ឌវប្បធម៌ដ៏ធំមួយនេះ៕

ប្រភពរូបភាព៖ អូរ អក្ខរា

អត្ថបទដោយ : Su In

មតិយោបល់