• 2021-06-04 08:38:08
  • ព័ត៌មាន

៥ ចំណុចសំខាន់ៗបំផុតត្រូវដឹងឱ្យច្បាស់ សម្រាប់អ្នកគ្មានបទពិសោធឡើងភ្នំ មុនសម្រេចចិត្តទៅ

  • 2021-06-04 08:38:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលសម្រេចចិត្តចង់ឡើងភ្នំ អ្នកគួរតែបានដឹងរឿងមួយចំនួននេះ មិនចឹងទេ អ្នកប្រាកដជាពិបាក ចង់យំក៏យំមិនចេញដែរ។ ការឡើងភ្នំ ជាការលំហែអារម្មណ៍មួយបែប ដែលមានគ្រប់រសជាតិ ល្វីង ជូរចត់ ប្រៃផ្អែម ជាពិសេសគឺនៅពេលឡើងតែម្តង។ អ្នកនឹងអាចបញ្ឈប់ពាក់កណ្តាលទី និងមានអារម្មណ៍ថាទៅលែងចង់រួច ព្រោះដើរយូរទៅ ឆ្ងាយទៅៗ លឺតែសម្លេងប្រាប់ថាជិតដល់ទាំងដែលដើររាប់ម៉ោងហើយមើលឃើញតែដើមឈើ និងព្រៃដដែលៗ។ អ្នកត្រូវដឹងថា ការឡើងភ្នំ គឺជាការយកឈ្នះលើខ្លួនឯង ព្រោះអ្នកត្រូវមានទំនួលខុសត្រូវទាំងលើការសម្រេចចិត្តរបស់ខ្លួន តាំងពីថ្ងៃដែលអ្នកសុំប៉ាម៉ាក់ និងទៅទិញសម្ភារៈដើម្បីឡើងភ្នំ​ មកម្លេះ។ យ៉ាងណាមិញ អ្នកគួរតែបានដឹងចំណុចទាំង ៥នេះ ព្រោះវានឹងជួយអ្នកបានច្រើន ជាពិសេសសម្រាប់អ្នក ដែលមិនធ្លាប់ឡើងភ្នំពីមុនមក។

ចំណុចទាំង ៥ ដែលអ្នកគ្មានបទពិសោធន៍ឡើងភ្នំគួរតែបានដឹង ៖

១. ការជ្រើសរើសតំបន់ភ្នំ ៖ ចោលបានចោលទៅ ចរិតតាមគេហ្នឹង ជាពិសេសកុំលឺតែគេថា ទេសភាពលើភ្នំស្អាតសាហាវ ឡើងតែប៉ុណ្ណេះម៉ោងក៏ដល់ហើយ ទាំងដែលខ្លួនមិនធ្លាប់បានទៅទីនោះ រិតតែមិនដែលឡើងភ្នំ (ភ្នំបែបគ្មានកាំជណ្តើរ) ម្តងណាសោះ។ ប្រសិនអ្នកធ្លាប់ឡើងភ្នំពីមុនមក វាមិនមែនជាបញ្ហាទេ សម្រាប់ការឡើងភ្នំលើកក្រោយៗ ប៉ុន្តែបើវាជាលើកដំបូងសម្រាប់អ្នក អ្នកគួរតែជ្រើសរើសភ្នំ ដែលមានកំពស់ខ្ពស់ល្មម ដោយប៉ាន់ប្រមាណជាមួយនឹងកម្លាំងរបស់ខ្លួន ដើម្បីចៀសវាងការវារឡើងភ្នំ។

២. ការជ្រើសរើសក្រុមមនុស្សដែលត្រូវទៅជាមួយ ៖ នេះជារឿងសំខាន់បំផុតសម្រាប់អ្នកដែលគ្មានបទពិសោធន៍ឡើងភ្នំ ព្រោះបើអ្នកចេះតែទៅតាមគេ ម្នាក់ឯង ឬទៅជាមួយមនុស្សដែលមិនចេះជួយគ្នា ឬមិត្តភក្តិដែលយកតែរួចខ្លួន អ្នកប្រាកដជាវេទនាហើយ។ និយាយត្រង់នេះ មិនមែនថា អ្នកត្រូវទៅពឹងពាក់លើគេទាំងស្រុងនោះទេ តែហោចណាស់ ពួកគេនឹងមិនទុកអ្នកចោល មិនស្តីបន្ទោសឲ្យអ្នក រឹតតែមិនទុកឲ្យអ្នកពិបាកតែម្នាក់ឯង។ ជាឧទាហរណ៍ ៖ ពួកគេនឹងអង្គុយចាំជាមួយអ្នក នៅពេលអ្នកហត់ខ្លាំងដើរទៅមុខលែងរួច មិនត្រឹមតែប៉ុណ្ណោះ ពួកគេនឹងជួយរំលែកសម្ភារៈដែលពួកគេអាចជួយអ្នកបាន ដូចពាក្យចាស់ពោលថា នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយចឹង។

៣. ការជ្រើសរើសសម្លៀកបំពាក់ និងរបស់ប្រើប្រាស់ផ្ទាល់ខ្លួន ៖ ការស្លៀកពាក់ឲ្យមានផាសុខភាពជារឿងសំខាន់។ អ្នកគួរជ្រើសសម្លៀកបំពាក់បែបហាត់កីឡា ដែលមានសាច់ទន់ ជក់ទឹក ស្តើង ជាពិសេសរលុង មួយវិញទៀត ចំពោះស្បែកជើង អ្នកគួរជ្រើសរើសប្រភេទស្បែកជើងដែលពាក់មិនឈឺជើង ព្រោះអ្នកត្រូវធ្វើដំណើរថ្មើជើង រាប់គីឡូដី និងច្រើនម៉ោង (អ្នកគួរតែមានត្រៀមស្បែកជើងផ្ទាត់១គូរទៀតសាគួរ ទុកគ្រាន់ផ្លាស់ប្តូរ)។ អ្វីដែលសំខាន់ជាងនេះ គឺរបស់ប្រើប្រាស់ដែលចាំបាច់ដែលមានដូចជា សម្លៀកបំពាក់ (តិចបំផុតតាមដែលអាចធ្វើទៅបាន) បូកជាមួយអាវរងាមួយផង ព្រោះអាកាសធាតុតាមតំបន់ភ្នំគឺត្រជាក់នៅពេលយប់ និងជិតភ្លឺ, មួក ការពារកំដៅថ្ងៃ, អាវភ្លៀង, ពិល, កាតូបាយ, ដប (១លីត្រ រ១លីត្រកន្លះ), ថ្នាំលាប និងលាងរបួស, ស្ប្រៃបាញ់ជំនួយសាច់ដុំ និងការពារសត្វល្អិត ជាពិសេសគឺអាហារ (លម្អិតនៅអត្ថបទក្រោយ)។

៤. ត្រូវដឹងពីស្ថានភាពអាកាសធាតុ និងស្ថានភាពនៅតំបន់នោះ ៖ អ្នកគួរតែបានដឹងខ្លះៗថានឹងមានភ្លៀង ឬខ្យល់ដែរទេ ដើម្បីបានត្រៀមខ្លួនទុកជាមុន ហើយដែលសំខាន់ជាងនេះអ្នកគួរតែបានដឹងមុនពីស្ថានភាពតំបន់នោះ រួមទាំងការរស់នៅរបស់ប្រជាជននៅទីនោះផងដែរ។ ភាពងាយស្រួលសម្រាប់អ្នក គឺការសម្របខ្លួនជាមួយនឹងស្ថានភាពអាកាសធាតុ ការរៀបចំទុកជាមុន ជាពិសេសគឺការនិយាយស្តីនៅក្នុងការទំនាក់ទំនងជាមួយអ្នកភូមិ ឬអ្នកនៅតំបន់នោះ។

៥. សាកសួរអ្នកដែលធ្លាប់មានបទពិសោធន៍ឡើងភ្នំ ៖ កុំចេះតែហ៊ាន ទៅទាំងគ្មានព័ត៌មាននៅក្នុងដៃ។ សួរគេឲ្យបានច្រើន សួរគ្រប់យ៉ាងពីអ្វីដែលអ្នកចង់ដឹង តាំងពីរបៀបនៃការដើរឡើងភ្នំ សម្ភារៈចាំបាច់ដែលត្រូវយកទៅ ក៏ដូចជាអ្វីផ្សេងៗទៀត ដែលអ្នកមិនធ្លាប់បានដឹង ត្រូវចាំថា សួរច្រើន ដឹងក៏ច្រើន ដូចពាក្យចាស់ថា ការពារប្រសើរជាងព្យបាល ៕ អត្ថបទបន្ទាប់ នឹងបង្ហាញអំពី តិចនិក ៥ យ៉ាងដែលស្រីៗ គួរតែដឹង មុនពេលសម្រេចចិត្តចង់ឡើងភ្នំ

រូបថតទាំងអស់ផ្តល់សិទ្ធដោយ ៖ Unseen Cambodia

អត្ថបទ ៖ មេខាឡា

មតិយោបល់
អត្ថបទពេញនិយម