• 2021-06-09 10:45:26
  • ព័ត៌មាន

បង្ហាញមុខអ្នកនិពន្ធស្រីវ័យក្មេង ៥រូប ទាំងពូកែ ទាំងស្អាត មានស្នាដៃល្បីៗជាច្រើន

  • 2021-06-09 10:45:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះទំនោររបស់យុវវ័យកម្ពុជាទៅលើការអានសៀវភៅ ហាក់កំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ ពិសេសការអានប្រលោមលោក និងសៀវភៅអប់រំជាដើម ។ កត្តានេះបានជំរុញឱ្យការបង្កើតស្នាដៃថ្មីៗ ជាបន្តបន្ទាប់ពីអ្នកនិពន្ធសៀវភៅនៅកម្ពុជា ឱ្យមានកម្លាំងចិត្តធ្វើកិច្ចការរបស់ខ្លួនបន្តទៀត ដើម្បីឆ្លើយតបទៅនឹងការគាំទ្រពីអ្នកអានក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន ។ មានអ្នកនិពន្ធជាច្រើនរូបកំពុងបន្តខិតខំប្រឹងប្រែងទៅលើការបង្កើតស្នាដៃថ្មីរបស់ខ្លួន ទាំងអ្នកជើងចាស់ និងពន្លកថ្មីៗជាច្រើនរូប ។ ថ្ងៃនេះ "Sabay" ​សូមបង្ហាញមុខអ្នកនិពន្ធផ្នែកនារី វ័យក្មេង នៅពីក្រោយស្នាដៃល្បីៗជាច្រើន មានទាំងសមត្ថភាពដ៏ពូកែ និងរូបសម្បត្តិក៏ស្រស់ស្អាត ។ ក្នុងនោះមានដូចជា៖

១.អ្នកនាង សែត ហត្ថា ឬគេស្គាល់ថា កូនចាបមាស

បើនិយាយដល់អ្នកនិពន្ធផ្នែកអប់រំផ្លូវចិត្ត ផ្ដល់កម្លាំងចិត្ត និងផ្ដល់គតិ គំនិតល្អៗដល់អ្នកអាន លើផ្នែកជីវិត គេប្រាកដជាស្គាល់យ៉ាងច្បាស់ពីអ្នកនិពន្ធសម្បុរស្រអែមស្រស់ មាឌតូចល្អិន ដ៏ឆ្នើម នោះគឺ អ្នកនិពន្ធ សែត ហត្ថា ឬ កូនចាបមាស ។ សន្ទុះនៃការគាំទ្រលើអ្នកនិពន្ធស្រីរូបនេះមិនធម្មតានោះឡើយ នៅក្្នុងមជ្ឈដ្ឋានអ្នកសិក្សា នៅក្នុងប្រទេសកម្ពុជា ។ គ្រប់ស្នាដៃរបស់អ្នកនិពន្ធរូបនេះ បានផ្ដល់តម្លៃមិនអាចកាត់ថ្លៃបាន ដល់អ្នកអានគ្រប់រូប គ្រប់ពាក្យពេចន៍ គ្រប់ឃ្លា របស់កូនចាបមាស បានផ្ដល់កម្លាំងចិត្តយ៉ាងធំធេងទៅមនុស្សគ្រប់រូប ។ ស្នាដៃល្បីៗគួរឱ្យកត់សម្គាល់មានដូចជា៖ សៀវភៅ វិញ្ញាសាជីវិត ខ្យល់​ដង្ហើម កាដូជីវិត ជាដើម ។

២.កញ្ញា គឹម ឌីណា

ប្រលោមលោកស្នេហាគ្រប់រសជាតិ អានហើយជក់ចិត្តមិនអាចបំភ្លេចបាន បង្កប់សាច់រឿង មនោសញ្ចេតនាជ្រាលជ្រៅ លន្លង់លន្លោច គឺបានប្រសូត្រចេញពីស្នាដៃអ្នកនិពន្ធវ័យក្មេងមួយរូប គឺកញ្ញា គឹម ឌីណា ។ ស្នាដៃប្រលោមលោកជាច្រើនត្រូវបានទទួលស្គាល់ពីសំណាក់អ្នកអាន ពិសេសសាច់រឿងដែលប្រទាក់ក្រឡាគ្នា អានមិនដឹងសាច់រឿងមុន បានធ្វើឱ្យអ្នកនិពន្ធរូបនេះទទួលបានការគាំទ្រជាច្រើន ។ ក្រៅពីជាអ្នកនិពន្ធ គឹម ឌីណា ក៏ជាអ្នកអត្ថាធិប្បាយដ៏ជំនាញម្នាក់ តែងបង្ហាញមុខលើវេទិការសាធារណៈជារឿយៗផងដែរ ។ ស្នាដៃដែលមានការគាំទ្រគួរឱ្យកត់សម្គាល់មានដូចជា សៀវភៅលើទឹកចិត្ត ចំណងជើង មនុស្សបាក់ទឹកចិត្ត ប្រលោមលោកស្នេហាដ៏ផ្អែមល្ហែម ភរិយាខ្ញុំអាយុ ១៨ឆ្នាំ និងស្នេហ៍អស់ពីហឬទ័យជាដើម ។

៣.អ្នកនិពន្ធ គង់ ច័ន្ទវ៉ាន់ណេង ឬគេស្គាល់ថា សេន គឹមណេង

យុវតីវ័យក្មេងពេញដោយទេពកោសល្យរូបនេះវិញ ពិបាកធ្វើឱ្យប្រិយមិត្តចំណាំបន្តិច ព្រោះជារឿយៗអ្នកនិពន្ធរូបនេះ តែងប្ដូរឈ្មោះនៅលើស្នាដៃរបស់ខ្លួន ប៉ុន្តែគេពិតជាមិនអាចភ្លេចបានឡើយនូវស្នាដៃល្បីៗជាច្រើនក្បាល ចេញពីទឹកដៃរបស់កញ្ញា ។ ឃ្លាឃ្លោង ផ្ដោះផ្ដងរវាងតួអង្គ ដ៏ទាក់ទាញ ជាមួយពាក្យប្លែកៗ បង្កប់អត្ថន័យ សាច់រឿងបែបកំប្លែងសើចចុកពោះ កម្សត់ហូរទឹកភ្នែក ភាគច្រើនគឺជាអ្វីដែលគេអាចសម្គាល់ពីអ្នកនិពន្ធស្រីវ័យក្មេងរូបនេះ ។

ផ្ដើមសរសេរប្រលោមលោកតាំងពីវ័យកុមារ កញ្ញា គង់ ច័ន្ទវ៉ាន់ណេង ឬអ្នកនិពន្ធ សេន គឹមណេង បានសាងស្នាដៃជាច្រើនដូចជា រឿងម្នាក់ប្រុសនោះជាអ្នកណា? និងស្នាដៃច្រេីនចំណងជេីងទៀតចេញផ្សាយនៅលេីវេបសាយប្រលោមលោក​ Sabay​ ។

-​ គ្មានថ្ងៃឈប់ស្រឡាញ់បង​ (បោះពុម្ព​ ២០១៨)

-​ បេះដូងមួយនេះ​ (បោះពុម្ព​ ២០១៩)​

-​ ចូលរួមស្នាដៃសមូហកម្មមន្តទឹកខ្មៅ​ សៀវភៅ​ ព្រៃរំដួល​ និង​ សៀវភៅខ្មាសខ្លួ​នឯង

-​ ជ័យលាភីលេខ​ ៤​ ពានរង្វាន់អក្សរសិល្ប៍ស្លឹករឹត​ លេីកទី១​ ឆ្នាំ​ ២០២០​ ស្នាដៃរឿង​ "ព្រះអាទិត្យឥតពន្លឺ"

៤.អ្នកនិពន្ធ ម៉ៅ ចាន់រស្មី

មានម្ដាយជាអ្នកនិពន្ធដ៏ល្បីល្បាញ កូនស្រី លោកស្រី ម៉ៅ សំណាង ឈ្មោះ ម៉ៅ ចាន់រស្មី កំពុងទទួលបានការគាំទ្រគួរឱ្យសម្គាល់ទៅលើស្នាដៃថ្មីៗរបស់ខ្លួន គឺសៀវភៅ «កំណត់ហេតុពណ៌ស្វាយ» ។ ​មិនត្រឹមតែមានរូបសម្បត្តិដ៏ស្រស់សោភាប៉ុណ្ណោះទេ អ្នកកញ្ញា ម៉ៅ ចាន់រស្មី ថែមទាំងអាចសរសេរសៀវភៅ ប្រកបដោយគំនិតអប់រំ និងសាច់រឿងដ៏ជក់ចិត្តមិនចាញ់ម្ដាយនោះឡើយ ។ ប្រិយមិត្តអ្នកអានជាច្រើនកំពុងរង់ចាំ ស្នាដៃថ្មីៗជាបន្តបន្ទាប់ពីអ្នកនិពន្ធ ម៉ៅ ចាន់រស្មី ។

៥.អ្នកនិពន្ធ ឈាង សុម៉ាលីន

ងាយមកចាប់អារម្មណ៍យុវតីតូចច្រឡឹងរូបនេះវិញ ពិតជាធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ បន្ទាប់ពីស្នាដៃសៀវភៅ «ថ្ងៃអង្គារ» បានបោះពុម្ពផ្សាយ មានការគាំទ្រជាច្រើន ។ ហេតុផលនាំឱ្យអ្នកនិពន្ធរូបនេះល្បីឈ្មោះតាំងពីស្នាដៃដំបូង ព្រោះសាច់រឿងបង្កប់ដោយអាថ៌កំបាំង អ្នកអានពិបាកស្មានទុកមុនថា សាច់រឿងបន្តទៅជាយ៉ាងណា ។ ខណៈគ្រប់គ្នាគិតថា រឿងមួយនេះ មានខ្មោច ប៉ុន្តែចុងបញ្ចប់សាច់រឿងពិតជាស្មានមិនដល់ ។ ជាប្រភេទរឿងបែបស៊ើបអង្កេតមួយដ៏ទាក់ទាញ បង្កប់ភាពព្រឺព្រួច ល្បិចកលរាប់ជំពូក ធ្វើឱ្យអ្នកជក់ចិត្តខ្លាំង ។ ក្រៅពីស្នាដៃរឿង ថ្ងៃអង្គារ កញ្ញា ឈាង សុម៉ាលីន ក៏ត្រៀមនឹងបង្ហាញស្នាដៃថ្មីៗរបស់ខ្លួនបន្តបន្ទាប់ផងដែរ ៕

មតិយោបល់