• 2021-06-11 07:16:07
  • ព័ត៌មាន

តាមពិតទៅខេត្តត្បូងឃ្មុំ ពុំមែនជាឈ្មោះខេត្តថ្មីនោះទេ ពោលគឺមានតាំងពីជាង១០០ឆ្នាំមុនមកម្ល៉េះ

  • 2021-06-11 07:16:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តត្បូងឃ្មុំ គឺជាខេត្តដែលទើបត្រូវបានបង្កើតថ្មី ដោយបំបែកចេញពីខេត្តកំពង់ចាម និងត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវបុរីរដ្ឋបាលប្រមូលផ្តុំរបស់ខេត្ត នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ។ ត្បិតខេត្តនេះទើបបង្កើតថ្មីតែពុំមែនជាឈ្មោះខេត្តថ្មីនោះទេ តាមពិតទៅឈ្មោះស្រុក ឬខេត្តត្បូងឃ្មុំ បានលេចឡើងដំបូងក្នុងសិលាចារឹកសម័យក្រោយអង្គរ (IMA.37) ចារនៅលើជញ្ជាំងនៃស្លាបខាងជើង រោងទងខាងកើត នៃប្រាសាទអង្គរវត្តរួចទៅហើយ។ សិលាចារឹកនេះ ចារដោយបុរសម្នាក់ឈ្មោះជយនន្ទនៅឆ្នាំ១៧០១ ហើយក្នុងសិលាចារឹកដដែលនេះ គឺចាររៀបរាប់ពីព្រឹត្តការណ៍ដែលព្រះរាជាបានដំឡើង បុណ្យសក្តិឱ្យគាត់មានងារជាស្តេចក្រាញ់ “អរជូន” ត្រួតត្រាដែនដីខេត្តត្បូងឃ្មុំ។

បើពិនិត្យលើកេរដំណែលប្រវត្តិសាស្ត្រវិញឃើញថា នៅលើទឹកដីនៃខេត្តត្បូងឃ្មុំ គឺមានទាំងមរតករូបី និងអរូបីរូបិយមានដូចជាបន្ទាយគូ រឺភូមិមូល ទីបញ្ចុះសព របស់របរប្រើប្រាស់ប្រចាំថ្ងៃសំណង់សាសនា សំណង់រក្សាទឹកជាដើម ដែលបង្កើតឡើង ដោយមនុស្សតាំងពីរាប់ពាន់ឆ្នាំមុន។

ការសិក្សាស្រាវជ្រាវរបបគំហើញ និងឯកសារពាក់ព័ន្ធជាច្រើនទៀត បានបញ្ជាក់យ៉ាង ច្បាស់ថាកំណើតទឹកដីត្បូងឃ្មុំ បានកកើតឡើងតាំងពីសម័យបុរេប្រវត្តិសាស្ត្រប្រហែល ១០០០ឆ្នាំមុនគ្រិស្តសករាជមកម្ល៉េះ ដែលមានមនុស្សមកតាំងទីលំនៅជាក្រុម ឬជាសហគមន៍។ ជាក់ស្ដែងតាមរយៈកំណាយនៅស្ថានីយ៍បន្ទាយគូ នៅក្នុងស្រុក ពញាក្រែក និងស្រុកមេមត់កន្លងមក បានរកឃើញដូចជា៖ កុលាបភាជន៍ ឧបករណ៍ថ្ម ខ្នារថ្ពិចអំបោះ គ្រាប់លុញ កងដៃថ្ម អង្កាំថ្ម ជាដើម។

នៅពេលប្រទេសខ្មែរស្ថិតក្រោមរបបអាណាព្យាបាលរបស់បារាំងចន្លោះឆ្នាំ១៨៦៣ ដល់១៩៥៣ ឃើញមានឯកសារដែលសរសេរពីការបង្កើតខេត្តស្រុក ខណ្ឌ ឃុំ និងភូមិ។ ជាក់ស្តែងខេត្តកំពង់ចាមបង្កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៨៨៥ ហើយមន្ត្រីបារាំង ម្នាក់ឈ្មោះ ហ្វ្រង់ស័រ បូឌាន់ (Francois Baudoin) ជាអ្នកត្រួតត្រាពី លើចៅហ្វាយខេត្ត ខ្មែរ។ ខេត្តកំពង់ចាមកាលណោះ មានស្រុកចំនួនដប់ជាចំណុះ គឺស្រុកកំពង់សៀម ក្រូចឆ្មារ ព្រៃឈរ ជើងព្រៃ កងមាស កោះសូទិន ស្រីសន្ធរ មេមត់ ស្ទឹងត្រង់ និងស្រុកត្បូងឃ្មុំ។

កំណែទម្រង់លើវិស័យរដ្ឋបាលនៅក្នុងរបបអាណាព្យាបាលបារាំង បានធ្វើឡើងជាបន្តបន្ទាប់ពិសេសក្នុងរាជ្យព្រះបាទអង្គឌួង និងព្រះបាទនរោត្តម។ នៅក្នុងឆ្នាំ១៨៩៧ ត្បូងឃ្មុំត្រូវគេដំឡើងពីស្រុកឱ្យទៅជាខេត្ត ដែលកាលណោះ មានខេត្តចំនួន ៥៧ ប៉ុន្តែពុំមានខេត្តកំពង់ចាមទេ។ លុះដល់ឆ្នាំ១៩១៧ មានការរុះរើចំនួនខេត្តម្តងទៀត ដោយបន្ថយពី ៥៧ខេត្តមកនៅត្រឹម ៥១ខេត្តវិញ ហើយត្បូងឃ្មុំនៅជាខេត្តដដែល។

រហូតដល់ទសវត្ស១៩២០ ក៏មានកំណែទម្រង់រចនា សម្ព័ន្ធវិស័យរដ្ឋបាលជាថ្មីទៀត ហើយនៅពេលនោះរក្សាទុកខេត្តតែ ១៣ ប៉ុណ្ណោះ ដោយត្បូងឃ្មុំធ្លាប់ជាខេត្តកាលពីមុនមកនោះ ត្រូវប្រែក្លាយឱ្យទៅជាស្រុកមួយរបស់ ខេត្តកំពង់ចាមវិញ។ ចាប់ពីពេលនោះមក យើងពុំឃើញមានការផ្លាស់ប្តូរទៀតឡើយ រហូតមកទល់នឹងឆ្នាំ២០១៤ ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចប្រែក្លាយទឹកដីត្បូងឃ្មុំ ឱ្យទៅជាខេត្តវិញ ដូចពីអតីតកាលជាង ១០០ឆ្នាំមុន៕

ប្រភពឯកសារ និងរូបភាព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

មតិយោបល់