• 2021-06-15 02:39:48
  • ព័ត៌មាន

ភ្ញាក់ផ្អើល! ពេលដឹងតួនាទី គូទឹកក្នុងកសិន្ធុអង្គរជួយទ្រទ្រង់គ្រឹះប្រាសាទ ឈររឹងមាំ​យ៉ាងនេះរាប់ពាន់ឆ្នាំមកហើយ

  • 2021-06-15 02:39:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានលក្ខណៈល្អវិចិត្រ និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូល។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទព្រះបរមវិស្ណុលោក ហើយប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាចំណុចកណ្ដាលនៃផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទ គឺ ជាសមុទ្រដែលព័ទ្ធជុំវិញ បើតាមអ្នកស្រាវជ្រាវបារាំងលោក ហ្សក សឺដេស។

ឆ្លងកាត់ពេលវេលារាប់រយឆ្នាំមកនេះ ទឹកក្នុងកសិន្ធុប្រាសាទអង្គរវត្តបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ប្រាសាទអង្គរវត្តឱ្យស្ថិតស្ថេរយូរអង្វែង តាំងពីបុរាណកាល មកដល់ពេលបច្ចុប្បន្ន និងតទៅអនាគត ពិសេសជាងនេះទៅទៀត បរមគង្គាក្នុងទីក្រុងទេវកថាមួយនេះ ក៏តំណាងឱ្យមហាសាគរដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ និងចក្រវាឡយើងផងដែរ។

លក្ខណៈពិសេសមួយទៀតរបស់កសិន្ធុប្រាសាទអង្គរវត្ត គឺមានតួនាទីទ្រទ្រង់គ្រឹះនៃប្រាសាទអង្គរវត្តដែលជាគំនរថ្មត្រូវបានរៀបជាប្រាសាទអង្គរវត្តឡើងនោះ គឺមានទម្ងន់រហូតដល់រាប់លានតោន ដែលជាធម្មតាមិនអាចស្ថិតស្ថេរយូរអង្វែងបានឡើយ ប៉ុន្តែប្រាសាទអង្គរវត្តមិនដូច្នោះទេ មានន័យថា ដោយសារអនុភាពនៃកម្លាំងទ្រទ្រង់របស់ទឹកក្នុងកសិន្ធុនេះហើយ ដែលធ្វើឱ្យមហាប្រាសាទមួយនេះស្ថិតស្ថេររហូតដល់ពេលបច្ចុប្បន្ន និងតទៅអនាគត។

បុព្វបុរសខ្មែរសម័យអង្គរពិតជាមានភាពអស្ចារ្យណាស់ បានកសាងប្រាសាទអង្គរវត្តឡើងនៅលើដីខ្សាច់ដ៏ហាប់ណែន យកខ្សាច់ធ្វើជាគ្រឹះខាងក្រោមប្រាសាទអង្គរ ហើយទឹកដែលមានប្រភពពីកសិន្ធុនៅជុំវិញនោះ គឺបានចូលទៅចិញ្ចឹមខ្សាច់នៅក្រោមប្រាសាទនោះឱ្យមានសំណើមជាប់ជានិច្ច។ នៅពេលត្រូវទឹក ខ្សាច់មានកំហាប់ណែនរឹងមាំ ដែលអាចទ្រាំទ្រទម្ងន់ប្រាសាទអង្គរដ៏អច្ឆរិយៈនៃយើងឱ្យគង់វង្សយូរអង្វែង។ ទាំងនេះហើយគឺជាភាពអស្ចារ្យនៃមហាប្រាសាទរបស់ព្រះបាទសូរ្យវរ្ម័នទី២ និងកសិន្ធុជុំវិញប្រាសាទ។

បរិមាណទឹកក្នុងកសិន្ធុប្រាសាទអង្គរវត្តមានប្រមាណ ១លានម៉ែត្រគូប និងមានជម្រៅជាមធ្យម ២ម៉ែត្រ បណ្ដោយពីកើតទៅលិចប្រវែង ១,៥០០ម៉ែត្រ និងទទឹងពីជើងទៅត្បូងប្រវែង ១,៣០០ម៉ែត្រ ហើយទឹកក្នុងកសិន្ធុនេះគឺមិនរីងស្ងួតនោះទេអស់រយៈកាលរាប់រយពាន់ឆ្នាំ ដែលនេះជាកម្លាំងដ៏មហិមាក្នុងការទ្រប្រាង្គប្រាសាទទាំងមូល។

បើតាមជំនឿព្រហ្មញ្ញសាសនា បរិវេណប្រាសាទអង្គរវត្ត គឺតំណាងឱ្យចក្រវាឡ ឬភពផែនដីទាំងមូល បានន័យថា ព្រះបាទសូរ្យវរ្ម័នទី២ ស្ថាបនាប្រាសាទអង្គរវត្តឡើង គឺតំណាងឱ្យភ្នំព្រះសុមេរុ ដែលនៅចំកណ្ដាលនៃចក្រវាឡយើងនេះ ហើយចក្រវាឡ និងភ្នំព្រះសុមេរុនេះទៀតសោត ក៏ត្រូវបានហ៊ុមព័ទ្ធដោយមហាសាគរ ហើយមហាសាគរនោះ គឺកសិន្ធុដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្តនេះឯង៕

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

មតិយោបល់