• 2021-06-18 00:00:00
  • ព័ត៌មាន

តិចនិចងាយៗ ដើម្បីសុំម៉ាក់ប៉ា ឡើងភ្នំ ហើយទទួលបានចម្លើយ "Yes"

  • 2021-06-18 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់ដើរលេង ចង់ឡើងភ្នំ ចង់ស្គាល់រសជាតិជីវិតអ្នកផ្សងព្រេង តែស្ទើរបទពិសោធន៍ក្នុងការសុំម៉ាក់ប៉ា តើគួរធ្វើយ៉ាងណា? មួយរយៈក្រោយនេះ តួលេខនៃអ្នកឡើងភ្នំ មានការកើនឡើងយ៉ាងគំហុគ ខណៈអ្នកខ្លះត្រូវបានអនុញ្ញាតិដោយស្របច្បាប់ពីសំណាក់លោកឳពុកអ្នកម្តាយ រីឯអ្នកខ្លះត្រូវបង្ខំចិត្តនៅផ្ទះវិញ ដោយសារតែលោកទាំងពីរ មិនឲ្យទៅ។ ជាការពិត អ្នកគួរតែមានគម្រោងច្បាស់លាស់ និងមានពាក្យពេចន៍សម្រាប់ប្រើក្នុងការសន្ទនា និងបញ្ចុះបញ្ចូលពួកគាត់ឲ្យបានយល់ច្បាស់ពីគោលបំណងរបស់អ្នក ដើម្បីទទួលបានចម្លើយ Yes ពីពួកគាត់។ តោះ កុំឲ្យខាតពេលយូរ ទៅមើលតិចនិក ទាំង ៥យ៉ាង ដែលអ្នកគួរប្រើ ដើម្បីសុំម៉ាក់ប៉ា ឡើងភ្នំ ៖

ទី១. អ្នកត្រូវមានរៀបផែនការឲ្យបានច្បាស់លាស់ជាមុនសិន៖ ធ្វើអ្វីក៏ដោយគឺត្រូវមានគម្រោងច្បាស់លាស់ ថា អ្នកទៅណា? តំបន់ហ្នឹងឈ្មោះអី? ខេត្តណា? ទៅថ្ងៃណា? ថ្ងៃណាមកវិញ? ទៅប៉ុន្មានថ្ងៃ? ជាមួយអ្នកណាខ្លះ? ស្រីប៉ុន្មាន ? ប្រុសប៉ុន្មាន? (នៅមានច្រើនទៀត សំនួរដែលអ្នកនឹកស្មានមិនដល់ពីអ្នកមានគុណទាំងពីរ)។ អ្នកត្រូវតែបានដឹងច្បាស់ពីចំណុចទាំងនេះ កុំចេះតែប៉ាតណាប៉ាតណី និយាយគ្មានប្រភពច្បាស់លាស់ ព្រោះអ្នកត្រូវឆ្លើយសំនួរជាច្រើនទៀតរបស់ពួកគាត់ ហ៊ានតែឆ្លើយរដិបរដុប ច្បាស់ណាស់ គឺបាននៅផ្ទះហើយ។ អ្វីដែលសំខាន់ជាងនេះ អ្នកត្រូវមានការតាំងចិត្តឲ្យបានខ្ពស់ ត្រូវប្រាកដចិត្តខ្លួនឯងថា ត្រូវតែសុំឲ្យបាន កុំសុំលំៗ សុំដូចមិនចង់សុំ ដល់ពេលគាត់មិនឲ្យទៅ តាំងថាគាត់ចិត្តអាក្រក់ ឃាត់ឃាំង មិនឲ្យខ្លួនបានស្គាល់ពិភពខាងក្រៅ។

ទី២. ហាមដាច់ខាត សុំគាត់ ១ថ្ងៃ ឬ ច្រើនខែមុនទៅ៖ នៅពេលដែលអ្នករៀបគម្រោងដើរលេង អ្នកប្រាកដជាដឹងហើយថា អ្នកនឹងទៅនៅថ្ងៃណា ហើយចេញដំណើរពេលណា (មិនមែនទៅចុងខែ សុំតាំងពីដើមខែនោះទេ) អ្នកគួរតែកំណត់ថ្ងៃដែលត្រូវសុំពួកគាត់ឲ្យមានប្រសិទ្ធភាព តួយ៉ាងដូចដែលបានបញ្ជាក់ចឹង ហាមផ្តាច់សុំមុន ១ខែ ព្រោះវាយូរជ្រុលពេក ដល់ថ្ងៃទៅ គាត់ប្តូរចិត្ត អ្នកណាទទួលខុសត្រូវ (មនុស្សចាស់ចិត្តសាវ៉ាណាស់ ដំបូងថាឲ្យទៅ ដល់ថ្ងៃក្រឡាស់លេងឲ្យទៅវិញក៏មាន) យើងប្រាកដជាទឹកភ្នែកមិនខាន។ មួយវិញទៀត កាន់តែមិនអាចសុំ ១ថ្ងៃមុនទៅ អ្នកប្រហែលជាគិតថា ចាំជិតដល់ថ្ងៃ ចាំសុំ ដឹងតែគាត់ឲ្យទៅហើយ អ្នកកំពុងយល់ច្រលំធំហើយ ព្រោះ ១០០ភាគរយគឺអត់ឲ្យទៅ ហើយជេរទៀត។ ពេលវេលា ដែលសមស្របក្នុងការសុំ គួរតែ ៣ ទៅ ៥ ថ្ងៃ ឬ ១សប្តាហ៌មុនទៅ។

ទី៣. ត្រូវចេះប្រើភាសាលួងលោម៖ ត្រង់នេះបានន័យថា អ្នកត្រូវស្គាល់ និងដឹងថាម្តាយឳពុករបស់អ្នកជាមនុស្សបែបណា? គួរប្រើពាក្យពេចន៍បែបណាដើម្បីនិយាយជាមួយពួកគាត់? ការប្រើភាសាការទូត ជាមួយលោកឳពុក អ្នកម្តាយ គឺជាការចេះប្រើវិធីសាស្ត្របន្ទន់ចិត្តដើម្បីឲ្យពួកគាត់ទុកចិត្តអ្នក ជឿជាក់អ្នក និងប្រាកដចិត្តថា អ្នកមិនកុហកពួកគាត់។ អ្នកគួរតែចាប់ផ្តើម ពីមនុស្សដែលពិបាកជាងគេ ពេលសុំដើរលេងម្តងៗ តើម៉ាក់ ឬប៉ា? បន្ទាប់មក ត្រូវមើលពេលវេលាសមស្រប អ្នកគួរតែរកពេលនៅតែពីរនាក់ ដើម្បីងាយស្រួលក្នុងការបញ្ចុះបញ្ចូល ព្រោះបើដេញវេលាខុស គឺចប់ហើយ សុំមិនបានហើយ ត្រូវមាត់ទៀត។ យ៉ាងណាមិញ អ្នកក៏គួរតែប្រយ័ត្នបុគ្គល១ចំនួន ដែលតែងបំផ្លាញគម្រោងការរបស់អ្នក (អាចជាបង ឬប្អូនរបស់អ្នក ជំនាញពួកគាត់គឺបើ Me មិនបានទៅ កុំសង្ឃឹមថា U បានទៅ) ប្រយ័ត្នពួកគាត់ផងណា។

ទី៤. រកជំនួយភ្លាម ប្រសិនបើការបដិសេធ លើសពី ២ ដង៖ កុំទាន់អាលអស់សង្ឃឹម និងបោះបង់ចោល អ្នកត្រូវរៀបចំ Plan B និង C ឲ្យរួចជាស្រេច Plan B គឺរកជំនួយភ្លាម អាចជា អ្នកណាម្នាក់នៅក្នុងគ្រួសារ (អ្នកដែលមានឥទ្ធិពល ហើយឈរខាងអ្នក) រីឯ Plan C ត្រូវរកមិត្តភក្តិរបស់អ្នក (មនុស្សដែលពូកែនិយាយលួងលោម) ឬជាសិស្សច្បងដែលមានបទពិសោធក្នុងការឡើងភ្នំ (ត្រូវតែជាមនុស្សដែលពូកែវោហា តែមិនមែនបែកអូរហូរស្ទឹង។ អ្នកត្រូវប្រាកដចិត្តខ្លួនឯងថា អ្នកជ្រើសអ្នកណា ដើម្បីជួយនៅក្នុងរឿងនេះ ព្រោះថាពួកគាត់គឺជាក្តីសង្ឃឹមចុងក្រោយរបស់អ្នក រើសខុស គឺនៅផ្ទះហើយ។

វិធីសាស្ត្រ ចុងក្រោយ បើនៅតែមិនព្រមទៀត នៅផ្ទះទៅ ព្រោះយើងគ្មាននិស្ស័យនឹងភ្នំទេ កុំលួច ឬទៅដោយមិនបានប្រាប់ដំណឹងឲ្យពួកគាត់បានដឹង ដោយគិតថា ទៅដល់ចាំប្រាប់ ឬមកវិញចាំប្រាប់ក៏បាន អ្នកកំពុងធ្វើឲ្យពួកគាត់បារម្ភអ្នកហើយ។

អត្ថបទបន្ទាប់យើងនឹងមកដឹងពី ៖ ដើរព្រៃ ឬឡើងភ្នំ មិនត្រូវធ្វើ ឬនិយាយពាក្យទាំងនេះដាច់ខាត

រូបភាពផ្តល់ដោយ ៖ Unseen Cambodia

អត្ថបទ ៖ កែវ សុខអាត

មតិយោបល់