• 2021-06-18 04:56:00
  • ព័ត៌មាន

អ្នកនាំពាក្យអគ្គស្នងការ ប្រាប់មូលហេតុនៅពីក្រោយការចាប់ខ្លួនសកម្មជនចលនាធម្មជាតិទាំង៣នាក់

  • 2021-06-18 04:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់ពីមូលហេតុនៃការចាប់ខ្លួន សកម្មជនចលនាមាតាធម្មជាតិចំនួន៣នាក់ គឺដោយសារតែពួកគេមានអង្គការចាត់តាំងខុសច្បាប់ និងប្រើប្រាស់ហិញ្ញប្បទានភេរវកម្ម។ នេះបើតាមប្រភពព័ត៌មានក្នុងស្រុក Fresh News។

តាមការបញ្ជាក់របស់ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួន សកម្មជនចលនាមាតាធម្មជាតិ៣នាក់ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្នុងនោះមាន ១៖ ឈ្មោះ ស៊ុន រដ្ឋា ភេទស្រី តួនាទីគណនីមាតាធម្មជាតិ ទី២៖ ឈ្មោះ លី ចាន់ដារ៉ាវុត ភេទប្រុស តួនាទីអ្នកស្រាវជ្រាវ និង Media Team និងទី៣៖ ឈ្មោះ យឹម លាងហ៊ី ភេទប្រុស តួនាទីសម្របសម្រួលការងារសកម្មជន។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា តាមឯកសារសំណុំរឿង និងភស្តុតាងផ្សេងៗទៀតបង្ហាញថា ពួកក្រុមនេះធ្វើសកម្មភាព ដោយមានអង្គការចាត់តាំងច្បាស់លាស់ ដែលមានជនបរទេសជាអ្នកគូសវាសផែនទីឱ្យធ្វើសកម្មភាព និងប្រតិកម្ម។ ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវ និងរកឃើញភស្តុតាង ៣ចំណុចដូចជា ៖

១. ក្រុមនេះជាក្រុមដែលមានអង្គការចាត់តាំងខុសច្បាប់ និងមានការបញ្ជាពីក្រោយដោយជនបរទេសឈ្មោះ អាឡិចសង់ដ្រូ ហ្គន់ស្សាឡេស ឌីវិសុន ( Alejandro Gonzalez Davidson) ជាជនជាតិអេស្បាញ

២. គ្រប់សកម្មភាពរបស់ពួកគេ គឺយកឈ្មោះ និងជ្រកក្រោមស្លាកបរិស្ថាន ប៉ុន្តែដើម្បីបន្លំធ្វើសកម្មភាពប្រមូលយកព័ត៌មាន បញ្ហាផ្សេងៗពាក់ព័ន្ធនឹងបរិស្ថាននេះ ធ្វើជាលេសឈ្នាន់ ឬមូលហេតុញុះញង់ដល់ប្រជាពលរដ្ឋ សាធារណជន ក្នុងគោលដៅប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល។

៣. ក្រុមនេះធ្វើសកម្មភាព បានដោយសារតែការផ្តល់ហិរញ្ញប្បទានពីខាងក្រៅ ដែលពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្ម ផ្គត់ផ្គង់ដោយមេរបស់ពួកគេដោយជនបរទេស។

លោកអះអាងថា ការធ្វើសកម្មភាពរបស់ក្រុមនេះកន្លងមក គឺសុទ្ធតែមានផែនការ និងការចង្អុលបង្ហាញរបស់មេពួកគេដែលជាជនបរទេសនៅខាងក្រៅប្រទេស។

អង្គការមាតាធម្មជាតិ ដែលទីស្នាក់ការកណ្តាលតាំងនៅវត្តចំការឈូក ភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបង្កើតឡើង និងដឹកនាំដោយ លោក Alejandro Gonzalez Davidson ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាស សម្រេចលុបចោលកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបានបណ្តេញ លោកអាឡិច ចេញពីប្រទេសកម្ពុជា។

លោក អាឡិចសង់ដ្រូ ប្រធានអង្គការមាតាធម្មជាតិ ត្រូវបានក្រសួងមហាផ្ទៃ បណ្តេញចេញកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីបានធ្វើសកម្មភាពប្រឆាំងមួយចំនួន នៅតំបន់អារ៉ែង និងប្រឆាំង ការបូមខ្សាច់នៅក្នុង ខេត្តកោះកុង ដែលអាជ្ញាធរអះអាងល្មើសច្បាប់នៅកម្ពុជា។ បន្ទាប់ពីបណ្តេញចេញ ជននេះក៏ត្រូវបានវ៉ៃត្រាក្រហម ហាមចូលប្រទេសកម្ពុជារហូតផងដែរ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់