• 2021-06-18 06:43:22
  • ព័ត៌មាន

ថ្នាក់ដឹកនាំកំពូលៗ របស់កម្ពុជា ក្រាបបង្គំថ្វាយព្រះពរសម្តេចម៉ែក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះអង្គ

  • 2021-06-18 06:43:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្នាក់ដឹកនាំកំពូលៗ និងប្រជាពលរដ្ឋកម្ពុជាបានក្រាបបង្គំថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លា នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៨៥យាងចូល៨៦ព្រះវស្សារបស់ព្រះអង្គ ដែលប្រារព្វធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២១នេះ ។

តាមរយៈសារថ្វាយព្រះពររបស់សម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានក្រាបបង្គំថ្វាយនូវព្រះសព្វសាធុការពរជ័យ សេរី វិបុលសុខ និងមហាប្រសើរគ្រប់យ៉ាង ចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺន យូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្ត ជាកូនជាចៅ ចៅទួរបស់ព្រះអង្គ ។

រូបថតរចនាដោយ៖ លឿង យ៉ុងសឹង្ហ

ចំណែកសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានក្រាបបង្គំ ថ្វាយព្រះពរ សម្តេចម៉ែ សូមព្រះអង្គ ទ្រង់មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តទូទាំងប្រទេស។

សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ប្រសូតនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ១៩៣៦ មានព្រះនាមដើម ប៉ូល ម៉ូនិក អ៊ីហ្សហ្ស៊ី (Paule Monique Izzi)។ ព្រះបិតាព្រះនាម ហ្សង់ ហ្វ្រង់ស្វ័រ អ៊ីហ្សហ្ស៊ី (Jean François Izzi) ជាជនជាតិបារាំង ដើមកំណើតអ៊ីតាលី ព្រះមាតាព្រះនាម ប៉ុម ពាង (Pomme Peang) ជាជនជាតិខ្មែរ ។

ព្រះអង្គបានរៀបអភិសេកជាមួយព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងខែមេសា ឆ្នាំ១៩៥២ ។ ព្រះអង្គមានព្រះរាជបុត្រ២អង្គគឺ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថនរោត្តសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះអង្គម្ចាស់ នរោត្តម នរិន្ទ្រពង្ស ប៉ុន្តែបានសោយទីវង្តត នៅឆ្នាំ២០០៣ ហើយ ដោយជំងឺបេះដូង ៕

ប្រភព៖ ក្រសួងព័ត៌មាន

មតិយោបល់
អត្ថបទថ្មី