• 2021-06-25 07:51:15
  • ព័ត៌មាន

មកដឹងប្រវត្តិព្រេងនិទានដ៏ជក់ចិត្ត នៃឈ្មោះទីតាំង ភូមិ ស្រុក ក្នុងខេត្តកែប ហៅតៗគ្នាមកដល់សព្វថ្ងៃ

  • 2021-06-25 07:51:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់ឈ្មោះទីកន្លែងនៅក្នុងប្រទេសកម្ពុជា សុទ្ធតែមានប្រវត្តិរឿងរ៉ាវ ព្រេងនិទានទើបកកើតបានជាឈ្មោះហៅមកដល់សព្វថ្ងៃ។ ជាក់ស្ដែង កែបដែលជាខេត្តតូចបំផុតមួយនៅប៉ែកនិរតីនៃកម្ពុជា ក៏មានរឿងរាវនិងដំណើរដើមទងទាក់ទងទៅនឹងប្រវត្តិសាស្ត្រជាច្រើន។ តំបន់ និងទីតាំងភូមិសាស្ត្រនិមួយៗក្នុងខេត្តកែបគឺមានរឿងតំណាលតៗគ្នាប្រទាក់ក្រឡាផ្សាភ្ជាប់តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។

បើតាមរឿងព្រេងនិទាន បានដំណាលតៗគ្នា នៅសម័យមហានគរដ៏រុងរឿង មានស្តេចលាវមួយព្រះអង្គព្រះនាម “សាគររាជ” ដែលមានវិជ្ជាគុនខ្លាំងក្លាណាស់ ហើយចេះវេទមន្តមហាសណ្តំពូកែទៀតផង។ នៅថ្ងៃមួយពេលដែលព្រះអង្គ ទតឃើញសេះស មួយក្បាលដ៏ស្រស់សង្ហា ព្រះអង្គមានព្រះទ័យចង់បាន ក៏ប្រើវេទមន្តមហាសណ្តំ លើមេទ័ពខ្មែរដែលជាម្ចាស់សេះសនោះ ឱ្យដេកលង់លក់អស់រយៈពេលយ៉ាងយូរ ហើយក៏លួចយកសេះនោះរត់គេច មកពីតំបន់អង្គរ (ក្នុងទឹកដីខេត្តសៀមរាបសព្វថ្ងៃ) ដោយនាំទាំងមហេសី និងពលសេនាមកជាមួយផង។

ក្រោយមក មេទ័ពដែលត្រូវសណ្តំនោះ បានដឹងខ្លួនឡើងវិញ ហើយបាត់សេះជាទីស្រលាញ់ ក៏បាននាំពលដើរ រកសេះរបស់ខ្លួន តាមស្នាមដានជើងសេះ រហូតដល់តំបន់ភាគនិរតីនៃប្រទេសគឺខេត្តកែបសព្វថ្ងៃ ហើយបានឃើញសេះសរបស់ខ្លួននៅជាមួយស្តេចលាវ។ ក្នុងខណៈនោះក៏កើតមានចម្បាំងប្រយុទ្ធជាមួយគ្នាយ៉ាងស្វិតស្វាញ។ ពេលនោះច្បាំងមិនឈ្នះមេទ័ពខ្មែរក៏បានដកខ្លួនថយ ដោយឡើងលើខ្នងសេះសនោះបំផាយដើម្បីភៀសខ្លួនចេញពីគ្រោះថ្នាក់ ប៉ុន្តែត្រូវសេះនោះកញ្រ្ជោលឡើង ធ្វើឱ្យព្រះអង្គធ្លាក់ពីលើខ្នងសេះសនោះ ហើយរងរបួសជាតំណំ ដោយជ្រុះកែបសេះនៅទីនោះទៀតផង។

លុះក្រោយមកទៀត ស្តេចលាវនោះក៏ចេះតែនាំគ្នារត់ពីកន្លែងមួយទៅកន្លែងមួយរហូតទៅបោះជុំរំនៅលើកំពូលភ្នំមួយ មិនយូរប៉ុន្មាន ដំណឹងនៃការបោះជុំរំនេះ បានដឹងដល់មេទ័ពខ្មែរហើយមេទ័ពខ្មែរក៏ចាត់ពលឱ្យទ័ពចាប់ស្តេចលាវ “សាគររាជ”នោះទៀត ហើយស្តេចលាវនោះក៏នាំមហេសី និងពលសេនារត់ទៅលាក់ខ្លួនពូនអាត្មានៅលើកោះមួយ ។ ក្រោយមកមេទ័ពខ្មែរបានតាមវាយលុកនៅលើកកោះនោះទៀត រហូតកងទ័ពលាវ ដែលនៅលើកោះទាំងអស់ត្រូវបានរំសាយចេញអស់គ្មានសល់។ បន្ទាប់ពីនេះ នៅពេល ដែលបែកបាក់កម្លាំងទ័ព រត់ចោលអស់ទៅ ស្ដេចលាវ សាគររាជ ក៏រត់តែម្នាក់ឯងទៅសរសៀរៗនៅជុំវិញភ្នំមួយទៀត។

ទាក់ទងនឹងប្រវត្តិរឿងព្រេងបែបនេះ ទើបគេហៅ ភ្នំដែលស្តេចលាវបានបោះជុំរំនោះថា “ភ្នំលាវ” រីឯភ្នំមួយទៀត ដែលស្តេចលាវបានលាក់ខ្លួនពូនអាត្មានោះថា “ភ្នំពូន” តែក្រោយមកហៅថា “ភ្នំពោន”វិញ ហើយភ្នំដែលស្តេចលាវបាន រត់សរសៀរៗនោះ គេហៅថា “ភ្នំសរសៀរ” រហូតដល់សព្វថ្ងៃនេះ ហើយចំពោះកោះដែលកងទ័ព “សាគររាជ” បានបោះជុំរំនោះឈ្មោះថា “កោះរំសាយ”តែក្រោយមកហៅថា “កោះទន្សាយ” វិញ។ ចំណែកឯទីតាំងដែលជ្រុះកែបសេះ គេហៅថា “ភូមិកែបសេះ” តែក្រោយមកដោយឈ្មោះនេះវែងពេក ទើបគេហៅខ្លីត្រឹមថា “ភូមិកែប”ៗរហូតដល់បង្កើតជាក្រុង មានឈ្មោះថា “ក្រុងកែប”។ ក្រោយឆ្នាំ១៩៧៩ ខេត្តកែប គ្រាន់តែជាឃុំមួយឈ្មោះថា “ឃុំកែប” ដែលស្ថិតនៅចំណុះស្រុកកំពត ខេត្តកំពត។ លុះដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩២ រដ្ឋសភានៃរដ្ឋកម្ពុជា បានអនុម័តច្បាប់ស្តីពីការបង្កើតក្រុងកែបឡើងវិញ។ ក្រោយមកបានដូរឈ្មោះទៅជា ”ខេត្តកែប” នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨ ដំណើរការរហូតដល់សព្វថ្ងៃនេះ៕

ប្រភព៖ ទំព័ររដ្ឋបាលខេត្តកែប

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

មតិយោបល់