• 2021-06-30 01:47:00
  • ព័ត៌មាន

អ្នកជំនាញ៖ សេវាធានារ៉ាប់រង រួមចំណែកដ៏ធំក្នុងការជួយធ្វើឱ្យហិរញ្ញវត្ថុរបស់បុគ្គល និងសង្គមជាតិមានលំនឹង

  • 2021-06-30 01:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

(ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១)៖ សំណួរមួយដែលតែងតែលេចឡើងពេលនិយាយដល់ការទិញធានា រ៉ាប់រង គឺ តើការទិញបណ្ណសន្យារ៉ាប់រងគឺជាការខ្ជះខ្ជាយប្រាក់ ឬជាការចំណាយប្រាក់ដោយគ្មានបានផលប្រយោជន៍ ត្រឡប់មកវិញ មែនដែរឬទេ។ ប៉ុន្តែ បើយោងទៅតាមអ្នកជំនាញ ៣ រូបដែលមានបទពិសោធន៍ច្រើនក្នុងវិស័យនេះ បានឲ្យដឹងថា សេវាធានារ៉ាប់រងទូទៅ និងអាយុជីវិត កំពុងតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយការពារហានិភ័យ ហិរញ្ញវត្ថុដល់បុគ្គលម្នាក់ៗ ក្រុមគ្រួសារ និងសង្គមជាតិផងដែរ។

ការយល់ច្បាស់អំពីសេវាធានារ៉ាប់រង មិនត្រឹមតែជាផ្នែកមួយនៃចំណេះដឹងក្នុងការគ្រប់គ្រង ហិរញ្ញវត្ថុឱ្យបានល្អ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរៀបចំផែនការហិរញ្ញវត្ថុដ៏រឹងមាំមួយសម្រាប់ថ្ងៃអនាគត ពោលគឺការធ្វើឱ្យស្ថានភាព ហិរញ្ញវត្ថុរបស់យើងមានលំនឹង ទប់ទល់នឹងការខូចខាតឬបាត់បង់ដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យណាមួយ។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងកម្ពុជា «កម្ពុជា រី» លោក យក់ ចំរើនឫទ្ធិ អនុប្រធានសមាគមធានារ៉ាប់រងកម្ពុជា និងជាប្រធានអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ហ្វតតេ និងលោកព្រូ ស៊ីថន ប្រធានគណៈកម្មការអប់រំនៃសមាគមធានារ៉ាប់រងកម្ពុជា និងជាសមាជិកគ្រប់គ្រងប្រតិបត្តិ ទទួលបន្ទុកកិច្ចការច្បាប់ ការប្រតិបត្តិផ្លូវច្បាប់ និងការអភិវឌ្ឍធុរកិច្ចនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សុទ្ធតែបានលើកឡើង ពីសារៈសំខាន់នៃសេវាធានារ៉ាប់រង ដោយចាត់ទុកថាជាកម្លាំងចលករក្នុងការជួយជំរុញ ឲ្យសេដ្ឋកិច្ចគ្រួសារ សង្គម និងប្រទេសជាតិរីកចម្រើន។

លោកហ៊ុយ វ៉ាថារ៉ូ បានបញ្ជាក់ប្រាប់ សប្បាយ អំឡុងពេលនៃកិច្ចសម្ភាសន៍ដាច់ដោយឡែកមួយកាលពីពេលថ្មីៗ នេះថា ការទិញបណ្ណសន្យារ៉ាប់រង គឺជាការធ្វើឲ្យខ្លួនឯងមានសន្តិភាពផ្លូវចិត្ត ធ្វើឲ្យខ្លួនឯងទទួលបានការការពារ និងធ្វើឲ្យហិរញ្ញវត្ថុរបស់ខ្លួនរឹងមាំ ដោយមិនបារម្ភពីគ្រោះថ្នាក់ចៃដន្យឡើយ។

លោកបានឲ្យដឹងថា៖ «ជាទូទៅ នៅពេលមានហានិភ័យកើតឡើងដែលនាំឲ្យមានការខូចខាត ឬបាត់បង់ ទ្រព្យសម្បត្តិ ឧទាហរណ៍ ភ្លើងឆេះផ្ទះ ឬអគារ រោងចក្រជាដើម ឬការរងគ្រោះផ្សេងៗដូចជា គ្រោះថ្នាក់ចរាចរណ៍ តែងធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គលដែលជាម្ចាស់ ឬជាអ្នករងគ្រោះនៅក្នុងហេតុការណ៍នោះ ហើយការបាត់បង់ហិរញ្ញវត្ថុនេះអាចមានស្ថានភាពធ្ងន់ធ្ងររហូតមិនអាចរ៉ាប់រងដោយខ្លួនឯងបាន»។ លោកបានប្រាប់បន្តថា៖ «ដូច្នេះដើម្បីឲ្យមានសន្តិភាពផ្លូវចិត្ត និងសុវត្ថិភាពហិរញ្ញវត្ថុពាក់ព័ន្ធនឹងហានិភ័យ ដែលកើតឡើង គេអាចទិញធានារ៉ាប់រងដើម្បីទទួលបានការធានាលើទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ផ្សេងៗ ដោយផ្ទេរហានិភ័យនោះទៅក្រុមហ៊ុនធានារ៉ាប់រងដែលធានាសងលើការខូចខាត នៅពេលហានិភ័យកើតឡើង។ ទឹកប្រាក់ដែលចំណាយលើការទិញធានារ៉ាប់រង ដែលហៅថា បុព្វលាភធានារ៉ាប់រង មានទំហំតិចជាងឆ្ងាយ ធៀបនឹងទំហំនៃការខូចខាត បង្ករដោយហានិភ័យ»។

ស្របពេលជាមួយគ្នានេះ លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិក្រុមហ៊ុនហ្វតតេក៏លើកឡើង ដូចគ្នា ផងដែរ ដោយលោកបានប្រាប់ថា៖ «ពេលមានបណ្ណសន្យារ៉ាប់រងក្នុងដៃ អតិថិជនមានភាពស្ងប់ចិត្ត មិនព្រួយបារម្ភ ពីការបាត់បង់ទ្រព្យសម្បត្តិ ឬ មិនព្រួយបារម្ភថាគ្មានថវិកាព្យាបាលជំងឺផ្សេងៗ។ គាត់អាចយកពេលវេលាទៅ យកចិត្តទុកដាក់លើការរកប្រាក់ចំណូលជាជាងអង្គុយព្រួយបារម្ភពីបញ្ហាទាំងអស់នេះ»។

សេវាធានារ៉ាប់រង ត្រូវបានគេបែងចែកចេញពី ២ ប្រភេទ រួមមាន ធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងអាយុជីវិត។ លោក ចំរើនឫទ្ធិ បានប្រាប់បន្តថា៖ «ធានារ៉ាប់រងទូទៅសំដៅទៅលើកិច្ចសន្យាធានារ៉ាប់រងដែលក្នុងនោះ អ្នកត្រូវ បានធានារ៉ាប់រងត្រូវបង់បុព្វលាភធានារ៉ាប់រងទៅឲ្យក្រុមហ៊ុនធានារ៉ាប់រង ហើយក្រុមហ៊ុនធានារ៉ាប់រងត្រូវទូទាត់ សំណងដល់ការខូចខាត ឬការបាត់បង់ទ្រព្យសម្បត្ដិដែលបង្កឡើងដោយហេតុការណ៍គ្រោះថ្នាក់ ឬហានិភ័យ នានា»។

នាយកប្រតិបត្តិនៃក្រុមហ៊ុនហ្វតតេរូបនេះ បានបន្ថែមទៀតថា៖ «ធានារ៉ាប់រងសុខភាពក៏ត្រូវបានចាត់ទុកជា ធានារ៉ាប់រងទូទៅដោយសារធានារ៉ាប់រងសុខភាពគឺជាកញ្ចប់ធានារ៉ាប់រងដែលធានាលើការចំណាយថ្លៃព្យាបាលជំងឺ ការវះកាត់នៅក្នុង និងក្រៅប្រទេស ខុសពីធានារ៉ាប់រងអាយុជីវិតដែលធានាលើសុវត្ថិភាពហិរញ្ញវត្ថុរបស់អ្នក ត្រូវបានធានា ឬក្រុមគ្រួសារ ក្នុងករណីដែលអ្នកត្រូវបានធានាស្លាប់ ឬពិការដោយសារគ្រោះថ្នាក់ ឬជំងឺ»។ ទោះបីជាយ៉ាងណា លោក វ៉ាថារ៉ូ បានបញ្ជាក់ថា មុននឹងសម្រេចចិត្តទិញសេវាធានារ៉ាប់រងប្រភេទណាមួយ អតិថិជនគួរតែកំណត់ចំណុចហានិភ័យខ្ពស់របស់ខ្លួនជាមុនសិន ឬក៏អាចទៅពិគ្រោះជាមួយនឹងភ្នាក់ងារ ជំនាញដែលមកពីក្រុមហ៊ុនដែលអាចទុកចិត្តបាន។

លោកព្រូ ស៊ីថន ប្រធានគណៈកម្មការអប់រំនៃសមាគមធានារ៉ាប់រងកម្ពុជា និងសមាជិកគណៈគ្រប់គ្រងប្រតិបត្តិ ជាន់ខ្ពស់ទទួលបន្ទុកកិច្ចការច្បាប់ ការប្រតិបត្តិផ្លូវច្បាប់ និងការអភិវឌ្ឍធុរកិច្ចរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានបញ្ជាក់ថា ការសន្សំប្រាក់ក្នុងរូបភាពណាក៏ដោយ និងការទិញបណ្ណសន្យារ៉ាប់រងសុទ្ធតែជាវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុ ឲ្យបានល្អដូចគ្នា ប៉ុន្តែខុសគ្នាត្រង់ថាការទិញបណ្ណសន្យារ៉ាប់រង មិនត្រឹមតែជួយឲ្យយើងសន្សំប្រាក់ និងវិនិយោគបានដោយសុវត្ថិភាពប៉ុណ្ណោះទេ ហើយថែមទាំងទទួលបាននូវការការពារផងដែរ។

លោកស៊ីថន បាននិយាយថា៖ «សុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍថ្មីៗនេះបានធ្វើឲ្យកម្រិតជីវភាព និងប្រាក់ចំណូលរបស់ប្រជាជនមានការកើនឡើងច្រើនមែនទែន ដែលនាំឲ្យប្រជាពលរដ្ឋអាចធ្វើការសម្រេចចិត្ត និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់គោលបំណងផ្សេងៗសម្រាប់រយៈពេលវែង។ ការគ្រប់គ្រងហិរញ្ញវត្ថុនេះគឺមាន សារសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋទូទៅ មិនថាជាអាជីវករ ពាណិជ្ជករ កសិករ ឬ អ្នកធ្វើការរដ្ឋ-ឯកជន ឡើយ ដោយសារវាជាយន្តការគ្រប់គ្រងហានិភ័យមួយដែលនឹងធានាដល់ភាពរឹងមាំនៃចំណូល ចំណាយ និងការវិនិយោគរបស់គ្រួសារនីមួយៗ»។

ហេតុនេះ មានន័យថា ការអប់រំចំណេះដឹងសាធារណៈក្នុងសេវាកម្មធានារ៉ាប់រងគឺជាសកម្មភាពយុទ្ធសាស្រ្តមួយ ដែលចាំបាច់បំផុត ដោយហេតុថា វិស័យនេះគឺនៅមានអាយុក្មេងខ្ចីណាស់នៅកម្ពុជា បើប្រៀបធៀបទៅនឹងប្រទេស ជិតខាងដូចជាថៃ និងវៀតណាម។ ប្រជាពលរដ្ឋភាគច្រើនមិនដែលស្គាល់ ឮ ឬ យល់ច្បាស់ពីអ្វីទៅជាការ ធានារ៉ាប់រង ឬ តើចាំបាច់អ្វីទៅបានត្រូវការធានារ៉ាប់រង។

លោកស៊ីថន បានបន្ថែមថា៖ «នៅកម្ពុជា អ្នកដែលបានស្គាល់ និងទិញធានារ៉ាប់រងបច្ចុប្បន្ន គឺសុទ្ធតែជា ជំនាន់ទី១ ហើយ ខុសពីបណ្តាប្រទេសផ្សេងទៀតនៅអាស៊ី អឺរ៉ុប និងអាមេរិក ដែលគេបានស្គាល់ ឬទិញធានារ៉ាប់រង តាំងពីជំនាន់ឪពុកម្តាយ ឬជីដូនជីតាដ៏យូរលង់ណាស់មកហើយ ពោលគឺរហូតដល់រាប់រយឆ្នាំឯណោះ។ លើសពីនេះ យើងមិនទាន់មានស្ថាប័នអប់រំក្នុងស្រុកណាមួយដែលផ្តល់ការបណ្តុះបណ្តាលសម្រាប់ និស្សិត-សិស្សានុសិស្សពាក់ព័ន្ធនឹងធានារ៉ាប់រង ឬការអប់រំពីការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនដូច បណ្តាប្រទេសជិតខាងនៅឡើយទេ»។

បើទោះបីកម្ពុជាជួបវិបត្តិកូវីដ ១៩ ក៏ដោយប៉ុន្តែក្នុងឆ្នាំ ២០២០ ចំនួនបុព្វលាភធានារ៉ាប់រងដុលរបស់ធានារ៉ាប់រង អាយុជីវិតមានកំណើនប្រមាណ ៥,៨ ភាគរយ (ធៀបនឹងឆ្នាំ ២០១៩) ហើយក្នុងអំឡុងត្រីមាសទី១ ឆ្នាំ ២០២១ វិស័យនេះមានកំណើន ១៥,៥ ភាគរយ (ធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២០)។

លោកស៊ីថន បានប្រាប់បន្តថា៖ «ការរក្សាបាននូវកំណើនដ៏ល្អនេះគឺមានន័យថា យើងនៅតែបន្តផ្តល់សេវាកម្ម ការការពារ និងការផ្តល់សំណងជាប្រក្រតីជូនអតិថិជនតាមរយៈយន្តការច្នៃប្រឌិតនានាជាពិសេសគឺការប្រើប្រាស់ ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាដែលមានសុវត្ថិភាពផ្នែកព័ត៌មានក្នុងដំណើរការលក់-ផ្តល់សេវាកម្ម ដោយ បុគ្គលិក-ទីប្រឹក្សាធានារ៉ាប់រងអាចបំពេញការងារពីផ្ទះ ឬ មិនជួបមុខផ្ទាល់បាន»។

គិតត្រឹមដំណាច់ឆ្នាំ ២០២០ នេះ មានប្រជាពលរដ្ឋកម្ពុជាប្រមាណជិតកន្លះលាននាក់ត្រូវបានធានាអាយុជីវិត ដោយក្រុមហ៊ុនធានារ៉ាប់រង ពោលគឺប្រមាណ ៣ ភាគរយនៃចំនួនប្រជាជនសរុប។ នៅប្រទេសថៃ ចំនួនអ្នកទិញសេវាធានារ៉ាប់រងមានប្រមាណជាង ២៦ លាននាក់ ប្រហែលនឹង ៣៨ ភាគរយនៃចំនួន ប្រជាជនសរុប។ នៅវៀតណាមគឺមានជិត ១១ លាននាក់ ពោលគឺប្រមាណ ១១ ភាគរយនៃចំនួនប្រជាជនសរុប។

ជាមួយគ្នានេះ លោកយក់ ចំរើនឫទ្ធិ បានបញ្ជាក់បន្ថែមថា បើតាមសិ្ថត្ថិដែលចេញផ្សាយដោយសមាគមធានារ៉ាប់រងកម្ពុជានៅឆ្នាំ ២០២០ បុព្វលាភធានារ៉ាប់រងទូទៅសរុបមានចំនួនជាង ១១៣ លានដុល្លារអាមេរិក ដែលបង្ហាញពីកំណើនប្រហែល ១០ ភាគរយបើធៀបនឹងឆ្នាំ ២០១៩។

ទន្ទឹមនេះ ផ្នែកធានារ៉ាប់រងទូទៅ ក៏បានទូទាត់សំណងជូន អតិថិជនដែលទទួលរងនូវហានិភ័យផ្សេងៗ មានទឹក ប្រាក់ចំនួនប្រមាណ ២៩ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ដែលនេះជាភស្តុតាងជាក់ស្តែងមួយបង្ហាញ ថា ស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គលដែលប៉ះពាល់ដោយហានិភ័យកន្លងមក ត្រូវបានស្តារឲ្យមានលំនឹងឡើងវិញដោយ ការប្រើប្រាស់សេវាធានារ៉ាប់រង។

ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអាជ្ញាធរ មានសមត្ថកិច្ចក្នុងការបង្កើតឲ្យមានបរិស្ថានច្បាប់ និងធុរកិច្ចសមស្របសម្រាប់អភិវឌ្ឍវិស័យធានារ៉ាប់រង ក្រុមហ៊ុន ធានារ៉ាប់រងក្នុងស្រុក និងអន្តរជាតិ មានការកើនឡើងគួរឲ្យកត់សម្គាល់ និងបានវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ ទាំងធនធានថវិកា មនុស្ស បច្ចេកទេស និងបច្ចេកវិទ្យាមកលើវិស័យនេះ ជាពិសេសគឺប្រមាណ១០ឆ្នាំ ចុងក្រោយនេះ៕

អ៉ិន សុផេង

មតិយោបល់