• 2021-07-09 04:50:20
  • ព័ត៌មាន

សំរាមអ្នកណាពួកគាត់មិនខ្វល់ទេ ដឹងត្រឹមថា ប្រមូលឲ្យអស់ ទោះបីជាមានភ្លៀង ផ្គរខ្លាំង កុំឱ្យស្ទះលូ

  • 2021-07-09 04:50:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រឡេកទៅមើលជុំវិញបញ្ហាសំរាម នៅកម្ពុជា វាជាផ្នែកតូចមួយក៏ពិតមែន តែប្រសិនបើយើងព្រងើយកន្តើយមិនបានយកចិត្តទុកដាក់ វានឹងបង្កទៅជាបញ្ហាដែលពិបាកដោះស្រាយ តួយ៉ាងដូចជាបញ្ហាស្ទះលូ លិចផ្លូវ ដែលទាំងអស់នេះនឹងក្លាយជាបន្ទុករបស់រដ្ឋាភិបាល ក៏ដូចជាបង្កទៅជាបញ្ហាផ្សេងៗទៀត ដល់បងប្អូនប្រជាពលរដ្ឋ។ ចំពោះបញ្ហាសំរាមយើងឃើញមានរឿងចំនួន ២ គឺអ្នកប្រើប្រាស់ (អ្នកបោះចោល គ្មានរបៀបរៀបរយ) និង អ្នកប្រមូលសំរាម។

នៅថ្ងៃទី ០៩ កក្កដា ២០២១នេះ លើផេកហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម គួចចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះមុននេះបន្តិចថា «ដាក់លូហើយ​ ត្រូវដើរររើសសំរាមទៀត​ ពេលមានភ្លៀង​ រើសមិនទាន់ ស្ទះទឹកពេញលើថ្នល់​ បើទាំងអស់គ្នាចូលរួមទុកដាក់​ និង​ ជួយរើស​សំរាម​ ប្រហែលអត់ស្ទះទឹកភ្លៀង​» ។​ តាមរយៈការបង្ហោះ អមជាមួយរូបភាព យើងអាចមើលឃើញរឿងមួយចំនួន ចំពោះបញ្ហាសំរាម ក្នុងខេត្តព្រះសីហនុ តែនេះក៏សូមបញ្ជាក់ដែរថា មិនមែនតែខេត្ត ព្រះសីហនុ នោះសូម្បីតែរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តផ្សេងៗ គួរតែរៀបដឹងពីបញ្ហាទាំងអស់នេះដែរ។

ចំពោះរឿងទី ១ គឺការខិតខំប្រឹងប្រែងរបស់បងប្អូនដែលជាអ្នកប្រមូលសំរាម ជាពិសេសដូចដែលបានឃើញក្នុងរូបភាព គឺពួគគេធ្វើការប្រមូល ចាប់យកសំរាមនៅតាមផ្លូវ កៀនៗថ្នល់ ឬកៀកក្បែរលូ ដើម្បីចៀសវាងការហូរចូលសំរាមទាំងនោះចូលទៅក្នុងលូ។ ចំពោះការខិតខំរបស់ពួកគាត់ ជាភារកិច្ច ជាកិច្ចការដែលពួកគាត់ត្រូវតែបំពេញ តែបើយើងត្រឡប់ទៅគិតលើចំណុចមួយទៀត គឺការលះបង់របស់ពួកគាត់ដែលធ្វើការមិនគិតភ្លៀង ផ្គរ ខ្យល់ ប្រមូលសំរាមដែលបងប្អូនគ្មានរបៀបមួយចំនួន បានបោះវាចោលពាសវាលពាសកាល។

រឿងទី២ បង្ហាញពីការយកចិត្តទុកដាក់របស់អភិបាលខេត្តព្រះសីហនុ ក្រោយការស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងជួយរើសផង ព្រោះបើម្នាក់ជួយរើសសំរាមមួយ យើងប្រាកដជាមិនពិបាកដើរកាត់ផ្លូវ ដែលមានក្លិនស្អុយ ដោយសារតែសំរាមស្ទះលូនោះទេ មួយវិញទៀត ការជួយគ្នា សំអាតទីក្រុង គឺជាភារៈកិច្ចរបស់យើងទាំងអស់គ្នា ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់