• 2021-07-13 01:00:00
  • ព័ត៌មាន

មានប្រវត្តិបែបនេះសោះបានជាសណ្ឋាគារប្រណិតអាយុជិត១០០ឆ្នាំ ពីរ នៅកម្ពុជានេះមានថ្នាក់ដឹកនាំពិភពលោកកំពូលៗមកស្នាក់នៅ

  • 2021-07-13 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅកម្ពុជាមានសណ្ឋាគារលំដាប់ប្រណិតផ្កាយ៥ ពីរដែលបានកសាងសម័យបារាំងហើយសព្វថ្ងៃសណ្ឋាគារទាំងពីរនេះនៅតែរក្សារចនាបថដើមសឹងតែ១០០ភាគរយ។ គិតត្រឹមឆ្នាំ២០២១នេះ សណ្ឋាគារ Raffles Le Royal នៅរាជធានីភ្នំពេញ មានអាយុ ៩៨ឆ្នាំ និង សណ្ឋាគារ Raffles Grand Hotel d'Angkor នៅទឹកដីខេត្តសៀមរាបមានអាយុ ៩២ឆ្នាំហើយ។

រូបថតសណ្ឋាគារទាំង២បច្ចុប្បន្ន និងអតីតកាល រូបថត៖សណ្ឋាគារទាំង២​ និង famoushotels.org

សណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់- Raffles Le Royal

សណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ មានឈ្មោះដំបូងគឺសណ្ឋាគារ ឡឺ រ៉ូយ៉ាល់។ សណ្ឋាគារនេះដែលកសាងឡើងនៅអំឡុង ១៩២៣-២៤ មាន៥៤បន្ទប់ ដោយស្ថាបត្យករជនជាតិបារាំងលោក Ernest Hebrard និងត្រូវបានបើកឲ្យដំណើរការនៅក្នុងឆ្នាំ១៩២៩ក្រោមព្រះរាជាធិបតីព្រះបាទស៊ីសុវត្ថិ មុនីវង្ស។

សណ្ឋាគារអាយុ៩៨ឆ្នាំ «រ៉ាហ្វលឡឺរ៉ូយ៉ាល់» រូបថត៖ ផេកសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់

រ៉ាហ្វលឡឺរ៉ូយ៉ាល់ ជាសណ្ឋាគារដែលឥស្សរ:ជនល្បីៗនៅលើពិភពលោកជ្រើសជ្រើសរើសសម្រាប់ការស្នាក់នៅរាល់ពេលមកកម្ពុជាដែលក្នុងនោះរួមមាន នៅឆ្នាំ១៩៣៦ តារាកំប្លែងជនជាតិអង់គ្លេស Charlie Chaplin(ដែលប្រជាជនកម្ពុជានិយមហៅ លោក សាកឡូ) និងលោកស្រី Paulette Goddard, អ្នកនិពន្ធរឿងជនជាតិអង់គ្លេសលោក William Somerset Maugham, នៅឆ្នាំ១៩៦៦ លោកប្រធានធិបតេយ្យបារាំង ហ្សាល ដឺហ្គូល(Charles de Gaulle), នៅឆ្នាំ១៩៦៧ ស្ត្រីទី១អាមេរិកលោកស្រី Jacqueline Kennedyដែលជាភរិយារបស់ប្រធានាធិបតីអាមេរិកលោក John F Kennedy, អ្នកនិពន្ធប្រលោមលោកល្បីឈ្មោះជនជាតិបារាំងលោក Andre Malraux។

តារាកំប្លែងជនជាតិបារាំង Charlie Chaplin រូបថត៖ ផេកសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់

នៅអំឡុងប្រទេសកម្ពុជាមានភាពច្របូកច្របល់នឹងសង្គ្រាមចាប់ពីឆ្នាំ១៩៧០ សណ្ឋាគារ នេះត្រូវបានផ្លាស់ប្តូរឈ្មោះច្រើនលើក។ នៅក្នុងសម័យ លន់ នល់១៩៧០-១៩៧៥ បានដូរឈ្មោះទៅជា «Le Phnom-ឡឺភ្នំ» នៅពេលដែលរបបប្រល័យពូជសាសន៍ ប៉ុល ពតចូលកាន់កាប់នៅខែមេសា ឆ្នាំ១៩៧៥ ទីនេះបានក្លាយជាការិយាល័យ និងកន្លែងស្នាក់នៅរបស់ពួកខ្មែរក្រហម។ នៅឆ្នាំ១៩៨០ បន្ទាប់ពីដួលរលំរបស់ខ្មៅងងឹត ប៉ុល ពត អគារនេះបានក្លាយជាសណ្ឋាគារវិញដោយដូរឈ្មោះជា «សណ្ឋាគារសាមគ្គី»វិញ។

នៅឆ្នាំ ១៩៩៦ សណ្ឋាគារនេះត្រូវបានក្រុមហ៊ុនសណ្ឋាគារ និងរីស៊ត Raffles ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សផ្នែកបដិសណ្ឋាកិច្ច Accor របស់បារាំង ទិញយកមកគ្រប់គ្រង់។ អគារសណ្ឋាគារត្រូវជួសជុលកែលម្អផ្នែកសំខាន់មួយចំនួននៃអគារ២លើក ដោយលើកទីមួយឆ្នាំ១៩៩៦ ដែលជាឆ្នាំដែលក្រុមហ៊ុន Raffles ទើបមកគ្រប់គ្រង និងម្តងទៀតនៅឆ្នាំ២០១៦។

បច្ចុប្បន្នសណ្ឋាគារអាយុជិតមួយសតវត្សរ៍ រ៉ាហ្វលឡឺរ៉ូយ៉ាល់ គឺជាសណ្ឋាគារប្រណិតលំដាប់ផ្កាយ៥មួយនៅរាជធានីភ្នំពេញ។ រ៉ាហ្វលឡឺរ៉ូយ៉ាល់ បានក្លាយជាសណ្ឋាគារប្រណិតសម្រាប់ការស្នាក់នៅរបស់មេដឹកនាំកំពូលនានាដែលមកទស្សនកិិច្ចការងារនៅកម្ពុជាជាច្រើនរូបដូចជា លោកប្រធានធិបតីសហរដ្ឋអាមេរិកលោក ប៉ារ៉ាក់ អូប៉ាមា នៅឆ្នាំ២០១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រជុំកិច្ចកំពូលអាស៊ាន។

សណ្ឋាគារ រ៉ាហ្វលហ្គ្រេនហូថែលអង្គរ

សណ្ឋាគារ ហ្គ្រេនហូថែលអង្គរ គឺជាសណ្ឋាគារប្រណិតលំដាប់ផ្កាយ៥មួយនៅទឹកដីខេត្តសៀមរាបអង្គរដែលស្ថិតក្រោមការគ្រប់គ្រងដោយស្លាកសញ្ញា Raffles ដូចសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ ដែរ។

សណ្ឋាគារ រ៉ាហ្វលហ្គ្រេនហូថែលអង្គរ រូបថត៖ សណ្ឋាគាររ៉ាហ្វលហ្គ្រេនហូថែលអង្គរ

អគារសណ្ឋាគារ ហ្គ្រេនហូថែលអង្គរ គឺជាអគារបុរាណដែលកសាងនៅឆ្នាំ១៩២៩ និងបើកឲ្យដំណើរការនៅឆ្នាំ១៩៣១ ដែលមាន៦៣ បន្ទប់។ នៅឆ្នាំ១៩៩៧ ត្រូវបានជួសជុលកែលម្អ ហើយដូរឈ្មោះទៅជា «សណ្ឋាគារ Raffles Grand Hotel d'Angkor» បន្ទាប់ពីក្រុមហ៊ុន Raffles ចូលមកគ្រប់គ្រងជាម្ចាស់ថ្មី។

ឥស្សរ:ជនល្បីៗដែលធ្លាប់មកស្នាក់នៅសណ្ឋាគារនេះរួមមាន៖ ឆ្នាំ ១៩៣៣ ស្តេចស៊ុលតង់ Ibrahim of Johor នៃប្រទេសម៉ាឡេស៊ី ,ឆ្នាំ១៩៣៦ តារាកំប្លែងជនជាតិបារាំង សាកឡូ Charlie Chaplin និងលោកស្រី Paulette Goddard, ១៩៦៦ ប្រធានធិបតីបារាំង ហ្សាល ឌឺហ្គោល, ឆ្នាំ១៩៦៧ ស្ត្រីទី១អាមេរិកលោកស្រី Jacqueline Kennedyដែលជាភរិយារបស់ប្រធានាធិបតីអាមេរិកលោក John F Kennedy។

ព្រះករុណាព្រះបាទសម្តេច​ព្រះ នរោត្តម សីហនុ យាងអមដំណើរប្រធានធិបតីបារាំងលោក ហ្សាល ឌឺហ្គោល មកទស្សនកិច្ចនៅកម្ពុជា រូបថត៖ Julio Jeldres Collection

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩២ ទីតាំងសណ្ឋាគារនេះត្រូវបានជ្រើសរើសនៃពិធីពិសាអាហារថ្ងៃត្រង់ដែលរៀបចំដោយព្រះករុណាព្រះបាទសម្តេច​ព្រះ នរោត្តម សីហនុ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗនាសម័យនោះរួមមាន មេដឹកនាំអ៊ុនតាក់(UNTAC) លោក Yasushi Akashi, លោកឧត្តមសេនីយ៍ John Sanderson, សម្តេចតេជោ ហុ៊ន សែន, ឯកឧត្តម អៀង ម៉ូលី, សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ, លោក ខៀវ សំផន។

បច្ចុប្បន្នសណ្ឋាគារ រ៉ាហ្វលហ្គ្រេនហូថែលអង្គរ មាន១១៩បន្ទប់ ហើយក៏ជាសណ្ឋាគារប្រណិតដែលជាប់ចំណាត់ថ្នាក់ជាសណ្ឋាគារល្អប្រចាំនៅកម្ពុជា និងពិភពលោកផងដែរ៕

ប្រភព៖ famoushotels និងគេហទំព័រសណ្ឋាគារទាំង២

មតិយោបល់