• 2021-07-21 03:42:30
  • ព័ត៌មាន

សូមកូនខ្មែរមកដឹងពីអត្ថន័យ ព្រះមហាស្វេតច្ឆត្រ ជាគ្រឿងបាំងជាន់ខ្ពស់សម្រាប់ការពារអង្គព្រះមហាក្សត្រ

  • 2021-07-21 03:42:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្វេតច្ឆត្រ មកអំពីពាក្យសំស្ក្រឹត២ពាក្យផ្សំគ្នា គឺពាក្យស្វេតដែលមានន័យថាពណ៌ស ច្ឆត្រ ដែលមានន័យជាគ្រឿងបាំងពាសសំពត់។ ដូចនេះស្វេតច្ឆត្រមានន័យសំដៅលើឆត្រដែលមានពាសសំពត់ពណ៌ស ជាគ្រឿងបាំងជាន់ខ្ពស់សម្រាប់ព្រះរាជា ឬអ្នកអភិជនទាំងពួង។

ព្រះមហាស្វេតច្ឆត្រ ជាគ្រឿងបាំងជាន់ខ្ពស់សម្រាប់ការពារអង្គព្រះមហាក្សត្រពីពន្លឺថ្ងៃ ឬសេចក្តីសៅហ្មងទំពួង ដោយសារគេជឿថាព្រះរាជាគឺជាអ្នកមានបុណ្យបារមីខ្ពស់ ដូចនេះមិនត្រូវឱ្យមានពន្លឺព្រះអាទិត្យ ឬវត្ថុសៅហ្មង មកប៉ះពាល់ព្រះវរកាយព្រះអង្គដោយត្រង់ណាបានឡើយ។

លើសពីនេះស្វេតច្ឆត្រក៏ជាតំណាងនៃអំណាចរបស់ព្រះមហាក្សត្រ ជានិមិត្តរូបបង្ហាញពីវិសាលភាពនៃព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់គ្រប់គ្រងរាជសម្បត្តិប្រកបដោយទសពិធរាជធម៌ ដើម្បីជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រទាំងអស់ផងដែរ។ តាមរយៈកំណត់ត្រានានា ដូចជាតាមរយៈសិលាចារឹក ឯកសារព្រះរាជពង្សាវតាក្តី បានបញ្ជាក់ថាព្រះរាជាណាចក្រយើងមានការប្រើប្រាស់ស្វេត្រឆត្រតាំងពីយូរយារណាស់មកហើយ។

ព្រះមហាស្វេតច្ឆត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នគឺជា ឆត្រពណ៌សត្រួតលើគ្នាចំនួន៩ជាន់ ពីធំទៅតូចមានសណ្ឋានស្រួចឡើងទៅលើជាលក្ខណៈកំពូលវិមាន ជាន់នីមួយៗមានរំភាយ ៣ជាន់ ហើយនៅផ្នែកខាងចុងរំភាយមានជរសំពត់ពណ៌មាស។

នៅជាន់ទីមួយៗ នៃស្វេតច្ឆត្ររាប់ពីក្រោមមក មានចងជាផ្កាចំប៉ីមាស(បច្ចុប្បន្នប្រើប្រាស់ជាសំណុំអំបោះពណ៌មាសវិញ) កំពូលព្រះមហាស្វេតច្ឆត្រខ្ពស់បុកស្រួចឡើងទៅលើពិដាននៃកំពូលកណ្តាលព្រះទីនាំងទេវាវិនិច្ឆ័យ ជាសញ្ញាភ្ជាប់រវាងទេព និងមនុស្សតាមរយៈព្រះមហាក្សត្រដែលជាអង្គសម្មតិទេព។ ឯដងខាងក្រោមវិញគឺលូតចេញពីផ្នែកខាងក្រោយនៃព្រះមហារាជបល្ល័ង្កទៅកាន់ខាងលើ។ នៅក្រោមជាន់ទី១ នៃព្រះមហាស្វេតច្ឆត្រនេះហើយដែលមានចម្លាក់ទេវតាដើរទេសកាន់ព្រះខ័នមួយព្រះអង្គ ដែលគេសំគាល់ថាជាអង្គទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ។

ក្រៅអំពីព្រះមហាស្វេតច្ឆត្ រ៩ជាន់នេះ ព្រះរាជាណាចក្រកម្ពុជាយើងពីបុរាណក៏មានប្រើប្រាស់នូវប្រភេទស្វេតច្ឆត្រផ្សេងៗផងដែរ ដូចជា ស្វេតច្ឆត្រ៧ជាន់ ៥ជាន់ និង៣ជាន់ តាមស្ថានភាព កាលៈទេសៈផ្សេងៗពីគ្នា។

ស្វេតច្ឆត្រ ៧ជាន់ ព្រះបរមស្វេតច្ឆត្រ ជាទូទៅមានប្រើប្រាស់សម្រាប់ព្រះមហាក្សត្រដែលពុំទាន់ទទួលព្រះរាជពិធីបរមរាជាភិសេកផ្លូវការ។ នៅក្នុងព្រះទីនាំងមហាមន្ទីរមានព្រះបល្ល័ងមួយ សម្រាប់អង្គព្រះមហាក្សត្រមួយ ដែលមានបាំងស្វេត្រឆត្ រ៧ជាន់នេះ។

សម័យបុរាណកាលពីព្រះមហាក្សត្រយាងគ្រងរាជពុំបានប្រារព្ធព្រះរាជពិធីបរមរាជាភិសេក ពេញបរិបូណ៌ទេក៏នឹងប្រើតែស្វេតច្ឆត្រ ៧ជាន់នេះតែប៉ុណ្ណោះ រីឯកាលបើសម័យណាដែលនគរកម្ពុជាយើងធ្លាក់ជាចំណុះប្រទេសជិតខាងវិញ ក៏តម្រូវអោយព្រះមហាក្សត្រនគរយើងទម្លាក់ចំនួនជាន់នៃព្រះមហាស្វេតច្ឆ័ត្រចុះមកនៅត្រឹម ៧ជាន់វិញ ដើម្បីមិនឱ្យមានឋានៈស្មើនគរជាធំនោះ។

ស្វេតច្ឆត្រ ៥ជាន់ ប្រើប្រាស់បានសម្រាប់សម្តេចព្រះមហាឧបរាជនៃក្រុងកម្ពុជាធិបតី ដែលជាអ្នកនឹងឡើងសោយរាជ្យបន្តពីព្រះមហាក្សត្រ ឬសង្កេតឃើញថាមានចងលើព្រះទីន័ងគជសារសឹកផងដែរ ៕

ប្រភពរូប និង អត្ថបទ ៖ បុរាណាចារ្យ

មតិយោបល់