• 2021-07-23 08:00:24
  • ព័ត៌មាន

អាណិតពេក សាយ ប្រកាសរកជំនួយថែមជួយក្មេងអាយុជាង១ខួប មានជំងឺពីកំណើតហើយឆ្លងកូវីដមួយតង់ទៀត កំពុងវះកាត់នៅពេទ្យកុមារអង្គរ

  • 2021-07-23 08:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាយ បានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួន ១ ពាន់ដុល្លារទៀតហើយ ដើម្បីជួយសង្គ្រោះអាយុជីវិតកុមារ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ។

តាមការបញ្ជាក់របស់ សាយ ឱ្យដឹងថា កាលពីសប្តាហ៍កន្លងទៅ (ថ្ងៃទី០២ កក្កដា ២០២១) មន្ទីរពេទ្យកុមារអង្គរ បានរកឃើញកុមារពីរនាក់(ទារក ៨ខែ និង ១ឆ្នាំ ៤ខែ) មានជំងឺកូវីដ១៩ ដែលកុមារម្នាក់មកពីខេត្តកំពង់ធំ និងម្នាក់ទៀតមកពីខេត្តព្រះវិហារ។ កុមារទាំងពីរនាក់នេះ បានមកកាន់មន្ទីរពេទ្យកុមារអង្គរ ហើយត្រូវបានសម្រាកនៅមន្ទីរពេទ្យដោយមានជំងឺធ្ងន់។

បន្ទាប់ពីមានការពិនិត្យ យ៉ាងល្អិតល្អន់មក លទ្ធផលបានបង្ហាញថាកុមារទាំងពីរមានជំងឺកូវីដ១៩។ បច្ចុប្បន្ននេះកុមារម្នាក់បានជាសះស្បើយ និងវិលត្រឡប់ទៅផ្ទះវិញ ចំណែកកុមារម្នាក់ទៀតកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ដោយក្រុមគ្រូពេទ្យកុមារអង្គរ។ គួរបញ្ជាក់ថាកុមារដែលកំពុងសម្រាកព្យាបាល មានបញ្ហាជំងឺពីកំណើតដែលជាហេតុនាំឱ្យមានការវិបាកក្នុងការព្យាបាល។

ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាលក្ខណៈសហគមន៍នៅក្នុងប្រទេសកម្ពុជានៅតែបន្តកើនឡើង និងបង្កឲ្យមានផលលំបាកជាច្រើន ក្នុងរយៈពេលវែងដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ព្រមទាំងមន្ត្រី សុខាភិបាលនៅទូទាំងប្រទេស រួមទាំងមន្ទីរពេទ្យកុមារអង្គរផងដែរ។ ដូច្នេះការចូលរួមចំណែកបរិច្ចាគថវិកាទោះជា តិចក្តី ច្រើនក្តី របស់បងប្អូនទាំងអស់គ្នា គឺពិតជាការចូល រួមចំណែកនៅក្នុងការថែររក្សាសុខភាព សុវត្ថិភាព ការព្យាបាលប្រកបដោយគុណភាពខ្ពស់ និងទាន់ពេលវេលាដល់ប្រជាជន និងកុមារកម្ពុជា។

កុមារ ១ឆ្នាំ៤ខែ ដែលមានជំងឺពីកំណើតនិងកូវីដ-19 បានធ្វើការវះកាត់កាលពីថ្ងៃច័ន្ទ ទី១៩ កក្កដា ២០២១។ បច្ចុប្បន្នកុមាររូបនេះមានលទ្ធផលអវិជ្ជមានពីកូវីដ-19 ប៉ុន្តែបន្តសម្រាកព្យាបាលនៅក្នុងបន្ទប់ជំងឺធ្ងន់ធ្ងរ ដោយមានការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដែលសង្ឃឹមថាគាត់នឹងបានធូរស្បើយឆាប់ៗ។ ខ្ញុំបាទសាយ សូមចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់ Angkor Hospital for Children ដើម្បីមន្ទីរពេទ្យបន្តបេសកកម្មជួយជីវិតកុមារកម្ពុជា ហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់និងចូលរួមបរិច្ចាគតាមលទ្ធភាពទោះ ១ដុល្លារក្តី ២ដុល្លារក្តី ដើម្បីឲ្យមន្ទីរពេទ្យកុមារអង្គរនៅជាមួយ និងប្រជាជនកម្ពុជា និងបានបន្តជួយជីវិតកុមារកម្ពុជាជានិរន្តរ៍ ៕

សូមចូលរួមបរិច្ចាគថវិកាទៅកាន់មន្ទីរពេទ្យកុមារអង្គរតាមរយៈ៖

1.ធនាគារអេប៊ីអេ (ABA Bank)៖ 000 853 843 (Angkor Hospital for Children) •ឬចូលទៅកាន់ ABA Mobile App

2.ភ្នាក់ងារវេប្រាក់វីង (WING)៖ ប្រាក់រៀល៖ 9122 និង ប្រាក់ដុល្លារ៖ 8122 •ឬចូលកម្មវិធី Wings App

3.ធនាគារស្ថាបនា (Sathapana Bank)៖ 07808082834100102 (Angkor Hospital for Children)

•ឬចូលកម្មវិធី Sathapana Mobile App

4.ធនាគារអេស៊ីលីដា (ACLEDA Bank)៖ 01000105696828 (Angkor Hospital for Children) •ឬចូលកម្មវិធី ACLEDA Mobile App

P.S ព័ត៌មានប្រតិបត្តិការណ៍ទូទៅនៃមន្ទីរពេទ្យ ៖

• ចំនួនកុមារអ្នកជំងឺបានទទួលការព្យាបាល ឆ្នាំ២០២០៖ ៩៧ ០៦៩ ករណី

• ចំនួនអ្នកចូលរួមវគ្គបណ្តុះបណ្តាលនៅមន្ទីរពេទ្យកុមារអង្គរ ដោយរួមមានមន្ត្រីសុខាភិបាល និស្សិតគិលានុបដ្ឋាក និស្សិតវេជ្ជសាស្ត្រ និងបុគ្គលិកមន្ទីរពេទ្យកុមារអង្គរ ឆ្នាំ២០២០៖ ៧៣ ៩០៨នាក់

• ចំនួនអ្នកចូលរួមសកម្មភាពអប់រំ ការពារនិងលើកកម្ពស់សុខភាពរបស់មន្ទីរពេទ្យកុមារអង្គរនៅក្នុងសហគមន៍ តាមបណ្ដាភូមិ សាលារៀន មណ្ឌលសុខភាព និងក្នុងសហគមន៍ ឆ្នាំ២០២០៖ ៥៦ ៧៤៧នាក់

• ចំនួនកុមារអ្នកជំងឺដែលបានទទួលការពិនិត្យព្យាបាលតាំងពីចាប់ផ្តើមរហូតដល់បច្ចុប្បន្ន៖ ជាង២,៥លានករណី

• ប្រភេទជំងឺដែលមកទទួលសេវាពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ៖ មន្ទីរពេទ្យកុមារអង្គរមានផ្តល់សេវាកម្មជាច្រើន ដែលធ្វើការរួមគ្នា រួមមាន៖ ផ្នែកពិគ្រោះជំងឺក្រៅ(IPD), ផ្នែកសម្រាកព្យាបាលពេទ្យ (OPD), ផ្នែកជំងឺធ្ងន់ធ្ងរ (PICU), សង្គ្រោះបន្ទាន់ (ER), ផ្នែកជំងឺទារកទើបកើត (NU), Low Acuity Unit (LAU), ផ្នែកវះកាត់

• ផ្នែកថែទាំឯកទេស រួមមាន៖ ផ្នែកជំងឺអេដស៏លើកុមារនិងការថែទាំ, ជំងឺរលាកសួត, ផ្នែកមីក្រុបវិទ្យា, ផ្នែកចក្ខុរោគ, ជំងឺមហារីក, ជំងឺបេះដូង, ជំងឺសសៃប្រសាទ, វិទ្យុវិទ្យា, ព្យាបាលដោយចលនា, ផ្នែកសង្គមកិច្ច, ផ្នែកមាត់ធ្មេញ។ ថ្មីៗនេះមន្ទីរពេទ្យកុមារអង្គរក៏មានការពិនិត្យព្យាបាលឯកទេស ជំងឺទឹកនោមផ្អែមនិងលើសសំពាធឈាមលើកុមារ។

• ជំងឺភាគច្រើន៖ ជំងឺរលាកផ្លូវដង្ហើម រាគរូស កង្វះអាហារូបត្ថម្ភ គ្រុនឈាម

• ការចំនាយកាលពីឆ្នាំ២០២០៖ ៥,៩លានដុល្លារអាមេរិក

• គម្រោងថវិកាចំនាយក្នុងឆ្នាំ២០២១៖ ៥,៤លានដុល្លារអាមេរិក

មតិយោបល់