• 2021-07-23 09:12:37
  • ព័ត៌មាន

មកស្គាល់បុរសម្នាក់ នៅពីក្រោយរូបគំនូរដ៏ល្បីមួយសន្លឹកនេះ

  • 2021-07-23 09:12:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភក្ដីភាពដ៏ស្មោះស្ម័គ្ររបស់គូស្នេហ៍វ័យចំណាស់ កាន់ដៃមើលថែគ្នា លុះដល់ដង្ហើមចុងក្រោយបានក្លាយជានិមិត្តរូប នៃស្នេហាស្មោះពិត គឺជាពិតជាមាននៅលើលោកនេះ ។ លោកតា សាំង ម៉ោញ អាយុ៨៧ឆ្នាំ បានក្លាយជានិមិត្តរូបនៃបុរស ដែលមានចិត្តស្មោះស្ម័គ្រគ្មានងាករេ ចំពោះភរិយាជាទីស្រលាញ់ និងកំពុងធ្វើឱ្យមហាជន មានក្ដីរំភើបលាយទឹកភ្នែក ចំពោះភក្ដីភាពរបស់លោកតា ។ ភរិយាជាទីស្រលាញ់របស់លោកតា លោកយាយ ជឹម ជន វ័យ៨២ឆ្នាំ បានទទួលអនិច្ចកម្ម នៅវេលា ម៉ោង ៤:១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ កក្កដា ២០២១។ ដោយសារការវាយប្រហារធ្ងន់ធ្ងរនៃមេរោគកូវីដ១៩ បានធ្វើឲ្យស្ថានភាពរបស់លោកយាយកាន់តែធ្ងន់ធ្ងររហូតក្រុមគ្រូពេទ្យពុំអាចជួយសង្គ្រោះគាត់បាន។

ដោយរំភើបនឹងក្ដីស្នេហ៍មួយនេះ និងរំជួលចិត្តពេក រូបភាពមួយសន្លឹកត្រូវបានគេគូរឡើង បែបសិល្បៈ បង្ហាញពីក្ដីអាឡោះអាល័យ នៃវិញ្ញាណក្ខន្ធរបស់លោកយាយដែលមិនអាចកំដរលោកតាបានបន្តទៀត ។ រូបភាពនេះត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផេក Cambo Art ធ្វើឱ្យមហាជនកាន់តែរំជួលចិត្ត និងមានការចែករំលែកបន្តគ្នារាប់ពាន់នាក់ ។ តើនរណាជាអ្នកគូររូបភាពមួយនេះ ?

ជូ ជីនិត មានដើមកំណើតមកពីខេត្តបាត់ដំបង ធ្លាប់ជាអ្នកនិពន្ធ និងវិចិត្រកររូបភាពសម្រាប់សៀវភៅរឿងកុមារ និងជាគ្រូបង្រៀននៅសាកលវិទ្យាល័យជាតិមានជ័យ បច្ចុប្បន្នរស់នៅភ្នំពេញ ជាបុគ្គលិកបម្រើការនៅក្រុមហ៊ុនឯកជនមួយ។

«ការបង្កើតផេក Cambo Art ឡើងគឺគ្រាន់តែជាចំណូលចិត្ត កែកម្សាន្ត និងចែករំលែករឿងល្អៗតាមរយៈគំនូររបស់ខ្ញុំដល់មនុស្សគ្រប់គ្នាក្រៅពីការងារប៉ុណ្ណោះ»។ លោក ជីនិត និយាយមកកាន់ Sabay ទាំងញញឹមញញែម ។

បុរសរូបសង្ហាខាងលើនិយាយទៀតថា៖ «មូលហេតុដែលខ្ញុំគូររូបនេះឡើង គឺដោយសារសាច់រឿងដ៏កម្សត់របស់លោកតា និងលោកយាយដែលឆ្លងជំងឺកូវីដទាំងពីរនាក់នៅវ័យជរាទៅហើយនោះជាកត្តាជំរុញទឹកចិត្ត (និយាយទៅពេលល្ងាចចប់ម៉ោងការងារ ខ្ញុំក៏ឆ្លៀតគូរព្រាង ដាក់ពណ៌ថែមបន្តិច ហើយក៏បង្ហោះក្នុងផេកទៅ។ មិននឹកស្មានថាមានអ្នកស៊ែរច្រើនដល់ម្លឹងសោះ)»

អតីតអ្នកនិពន្ធរូបនេះបង្ហាញក្ដីសោកសៅថា ទោះបីទាំងខ្លួនខ្វះខាតមានតែពីរនាក់តាយាយក្ដី ប៉ុន្តែលោកតាប្ដេជ្ញាថែទាំយាយដើម្បីបានឆាប់ជាទៅវិញ។ ជាអកុសលលោកយាយក៏លាចាកលោកចោលលោកតាទៅទាំងអាឡោះអាល័យ។ កត្តានេះបានបង្ហាញពីទំហំនៃក្ដីស្រលាញ់ដ៏ធំធេងនៃជីវិតគូចំពោះគ្នាទៅវិញទៅមក ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ចង់កាន់ដៃមនុស្សដែលខ្លួនស្រលាញ់ដល់ទីបំផុតនៃជីវិត ខុសពីយុវវ័យខ្លះស្រលាញ់គ្នាគ្រាន់តែមួយឆាវ មិនបានគិតវែងឆ្ងាយក្នុងការជ្រើសរើសគូអនាគត។

«គំនូរនេះក៏បង្ហាញថាជាសារក្រើនរំឭកថាដល់គ្រប់គ្នា ពិសេសយុវវ័យនាពេលបច្ចុប្បន្នឱ្យឃើញថាលោកតាជាគំរូនិមិត្តរូបសម្រាប់ជីវិតគូស្រករ ចេះប្រើប្រាស់ពេលវេលា និងថែរក្សាក្ដីស្រលាញ់រវាងគ្នានិងគ្នាឱ្យបានយូរអង្វែង ទើបមានសុភមង្គល»។ លោកជីនិត បន្ថែមចុងក្រោយ ៕

អត្ថបទ៖ MC Chandarareth

មតិយោបល់