• 2021-07-26 02:40:24
  • ព័ត៌មាន

ក្រសួងប្រាប់វិធី ៥ យ៉ាងបញ្ចៀសការឆ្លងវីរុសកូវីដ-១៩ ដែលអាចមាននៅក្នុងចំណីអាហារ

  • 2021-07-26 02:40:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីមានសិក្សាថ្មីមួយបានបង្ហាញថា វីរុសសកូវីដ១៩ អាចមានវត្តមាននៅក្នុងចំណីអាហារដែលកខ្វក់ និងមិនស្អាត ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ជាពិសេសលើចំណីអាហារដែលទិញមកទីផ្សារមកបរិភោគជារៀងរាល់ថ្ងៃ។

ខាងក្រោមនេះ ជាគន្លឹះទាំង៥ យ៉ាងនេះ ដែលចេញដោយក្រសួងសុខាភិបាល នៅថ្ងៃទី ២៥ កក្កដា ឆ្នាំ ២០២១ ក្នុងការចម្អិន បរិភោគ រក្សាទុកចំណីអាហារ ឲ្យមានសុវត្ថិភាពល្អ ក្នុងបរិបទប្រយុទ្ធកូវីដ១៩៖

១. ការក្សាអនម័យ

  • ត្រូវលាងសំអាតដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ឬជេល លាងសំអាតដៃ មុននិងក្រោយ ចាប់កាន់ចំណីអាហារ ម្ហូបអាហារកក សាច់កក អាហារស្រស់ បន្លែផ្លែឈើជាដើម

  • ជូតសំអាតវត្ថុ និងផ្ទៃនានា ដែលសង្ស័យថាមានប្រឡាក់ ឲ្យបានស្អាតជានិច្ច ជាមួយសាប៊ូ និងទឹកស្អាត

២. ទុកដាក់អាហារដែលឆ្អិន និងឆៅ ឲ្យនៅដាច់ដោយឡែកពីគ្នា

៣. ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត អាហារសមុទ្រ និងអាហារដែលយកចេញពីការបង្កក ចៀសវាងការចម្លងវីរុស ឬមេរោគជាយថាហេតុ

៤. មិនត្រូវរក្សាអាហារជាច្រើនថ្ងៃ ទោះជាស្ថិតនៅកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ

  • បើយើងរក្សាអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព ៥អង្សាសេ

  • បើយើងរក្សាអាហារក្នុងប្រព័ន្ធកំដៅ ត្រូវឲ្យលើសពីសីតុណ្ហភាព ៦០អង្សាសេ

៥. ប្រើប្រាសទឹក និងវត្ថុធាតុដើមដែលមានសុវត្ថិភាព

បន្ថែមពីនេះ ក្រសួងសុខាភិបាលក៏បានក្រើនរំឭក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវវ័យ សូមបន្តការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ការពារខ្លួនជានិច្ច កុំភ្លេចខ្លួនឲ្យសោះ ត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួន ឲ្យស្របតាមការ រៀនរស់នៅជាមួយវត្តមានវីរុសកូវីដ១៩ និងបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង ៣ការពារ ៕

ប្រភព៖ ក្រសួងសុខាភិបាល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី