/pumsen23/pumsen24/pumsen(26)/60fe209cd5b09_1627267200_medium.jpg)
- 2021-07-26 06:34:28
- ព័ត៌មាន
ដឹងកាន់តែច្បាស់ពីមូលហេតុ អ្នកស្រុកហៅឈ្មោះប្រាសាទអាយុជាង១ពាន់ឆ្នាំ ជានិមិត្តរូបនៃខេត្តកំពង់ធំថា "ប្រាសាទតោ"
- 2021-07-26 06:34:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងកាន់តែច្បាស់ពីមូលហេតុ អ្នកស្រុកហៅឈ្មោះប្រាសាទអាយុជាង១ពាន់ឆ្នាំ ជានិមិត្តរូបនៃខេត្តកំពង់ធំថា "ប្រាសាទតោ"
ចន្លោះមិនឃើញ
ប្រាសាទតោ គឺជាក្រុមប្រាសាទដែលនៅកណ្តាលក្នុងតំបន់សម្បូរព្រៃគុក មានកំពែងព័ន្ធជុំវិញចំនួនពីរជាន់។ កំពែងខាងក្រៅមានប្រវែង ២០០ម៉ែត្របួនជ្រុង តែត្រូវដួលរលំបាក់បែកមួយផ្នែកធំ។ រីឯកំពែងខាងក្នុងក៏មានស្ថានភាពបាក់បែក ដែលមានប្រវែង ១៥០ម៉ែត្របួនជ្រុង។
ក្រុមប្រាសាទតោទាំងអស់មានតួប៉មចំនួន ៤៣ប្រាសាទ។ ប៉ុន្តែសព្វថ្ងៃនេះមានចំនួនតែមួយប្រាសាទដែលមានរូបរាងគឺប្រាសាទតោនេះតែម្តង។ ក្រៅពីនោះឃើញតែសំណល់ទីទួលដូចដំបូក និងឃើញសល់តួថ្មខ្លះ។ មូលហេតុដែលធ្វើឱ្យប្រាសាទនៅក្នុងក្រុមប្រាសាទតោ ក៏ដូចជាប្រាសាទដទៃទៀតនៅក្នុងតំបន់សម្បូរព្រៃគុកដោយសារកត្តាចំនួន៣ដូចជា៖ ទីមួយកត្តាធម្មជាតិ ទីពីរគឺកត្តាមនុស្សបំផ្លាញ និងទីបីដោយសារកត្តាសង្គ្រាមនៅក្នុងឆ្នាំ១៩៧០។
ក្រុមប្រាសាទនៅតំបន់សម្បូរព្រៃគុក គឺកសាងឡើងក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ ឆ្នាំ៦១៦-៦៣៥ នៃគ.ស. ព្រះអង្គបានតាំងរាជធានីនៅឦសានបុរៈ ដែលត្រូវនឹងរមណីយដ្ឋានសម្បូរព្រៃគុកបច្ចុប្បន្ន។ ដោយឡែកប្រាសាទតោ កសាងឡើងនៅចុងសតវត្សទី៨ និងដើមសតវត្សទី៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ ដែលព្រះអង្គយាងចុះពីភ្នំគូលែនហើយមកកសាង និងរៀបចំនៅទីនេះ។
នៅពេលចូលដល់មុខប្រាសាទ និងឃើញមានតោចំនួនពីរ ឈរអមសងខាងកាំជណ្តើរ ដោយរូបតោទាំងពីរនេះ មានរូបរាងខុសពីសត្វសីហៈ នៃប្រាសាទនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះដោយសារ តោនេះមានសក់រួញៗ មើលទៅហាក់ទៅដូចជាមានអំណាច នេះមានន័យថាព្រះបាទជ័យវរ្ម័នទី២ ចង់បង្ហាញឬទ្ធិចេស្តារបស់ព្រះអង្គក្នុងសម័យកាលនោះ ដែលព្រះអង្គមានស្នាព្រះហស្ដ រំដោះប្រជារាស្រ្ត និងទឹកដីឱ្យរួចពីគ្រប់គ្រងរបស់ជ្វា និងធ្វើឱ្យប្រទេសជាតិសន្តិភាពឡើងវិញ។
ប្រាសាទតោសង់ឡើងអំពីឥដ្ធ ថ្មភក់ មានកម្ពស់២០ម៉ែត្រ មានរាងចតុកោណកែង និងកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះសិវៈ។ ប្រាសាទតោមានកាំជណ្តើរចំនួន៧កាំ និងមានកម្រាលជើងជណ្តើរជារាងត្របកផ្កាឈូកមួយសន្លឹក។ ជាទូទៅប្រាសាទនៅតំបន់សម្បូរព្រៃគុកនេះ ភាគច្រើនមានកម្រាលនៅកាំជណ្តើរមានរាងជាត្របកផ្កាឈូកមួយសន្លឹក និងមានកាំជណ្តើរ៣កាំ នេះដោយសារប្រាសាទនេះកសាងឡើង ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា តាមជំនឿព្រះរាជា ដែលយាងមកជាន់កម្រាលនេះ ត្រូវលាងព្រះបាទ និងលាងបាបរួចរាល់ហើយទើបអាចឡើងទៅធ្វើពីធីទឹកមន្តបាន ចំណែកឯប្រជារាស្រ្តមិនអាចឡើងតាមច្រកនេះបានឡើយគឺបានតែត្រឹមតាមស្នាមទ្រ នៅខាងក្រៅប្រាសាទតែប៉ុណ្ណោះ។
សព្វថ្ងៃប្រាសាទតោ ជាប្រាសាទមួយក្នុង ចំណោមប្រាសាទពីរសំខាន់បំផុតនៅតំបន់ប្រាសាទសំបូរព្រៃគុក ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយ២៥ គីឡូមែ៉ត្រពីទីរួមខេត្ត។ ប្រាសាទតោនេះ ក៏ដូចជាប្រាសាទដទៃទៀតក្នុងតំបន់អង្គរ ដែលត្រូវបានគេផ្តោតចំណាប់អារម្មណ៍សាជាថ្មីឡើងវិញ។ តោទាំងអស់មាន៦ក្បាល ដែលដាក់តម្កល់នៅតាមខ្លោងទ្វារ៣ នៅសល់តែពីរទេដែលនៅជាមួយប្រាសាទ ពីរទៀតនៅសារមន្ទីរខេត្តកំពង់ធំ។
ទ្វារទាំងបួន គឺបើកតែមួយច្រកទេ តោដែលនៅជាមួយប្រាសាទសព្វថ្ងៃគឺច្រកទ្វារមុខ គឺច្រកចេញចូល ដែលនៅមានសោភ័ណភាពជាទីពេញនិយមរបស់ភ្ញៀវជាតិ និងអន្តរជាតិ ដែលថតផ្តិតជាអនុស្សាវរីយ៍។ យ៉ាងណាមិញ មិនមានសេសសល់សិលាចារឹកណាមួយទាក់ទងនឹងប្រាសាទនេះឱ្យបានក្បោះក្បាយឡើយ ខណៈដែលឈ្មោះប្រាសាទតោនេះ គឺដោយសារតែអ្នកភូមិឃើញមានតោនៅពីមុខប្រាសាទទើបបានជានាំគ្នាដាក់ឈ្មោះថាប្រាសាទតោដូច្នេះទៅ៕