- 2020-11-05 07:04:00
- ការអប់រំ
កត្តាមួយចំនួន ដែលធ្វើឱ្យសិស្សរៀនពូកែ
- 2020-11-05 07:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កត្តាមួយចំនួន ដែលធ្វើឱ្យសិស្សរៀនពូកែ
ចន្លោះមិនឃើញ
ការសិក្សារៀនសូត្របើពឹងលើតែសេចក្ដីព្យាយាមរបស់សិស្សមួយមុខ គឺពិបាកនឹងធ្វើឱ្យពួកគេក្លាយជាសិស្សពូកែខ្លាំងណាស់។ ដូច្នេះដើម្បីក្លាយជាសិស្សពូកែ ត្រូវមានកត្តារួមផ្សំជាច្រើនក្នុងនោះមាន កត្តាតំណពូជ គ្រូបង្រៀន ខ្លួនឯង មិត្តភក្តិ គ្រួសារ និងកត្តាសង្គមជុំវិញជាដើម។
ទី១ តំណពូជ៖ តំណពូជ គឺជាកត្តារួមផ្សំមួយក្នុងការជួយឱ្យសិស្សរៀនពូកែ។ ជាក់ស្ដែងយើងឃើញថា សិស្សខ្លះមិនសូវខិតខំរៀនសូត្រប៉ុន្មានទេ ប៉ុន្តែគេបែរជារៀនពូកែជាងសិស្សដទៃដែលខំរៀនសូត្រទៅវិញ។ បើក្រឡែកទៅមើលគ្រួសាររបស់ពួកគេវិញ ឃើញថាបងប្អូនរបស់ពួកគេសុទ្ធតែជាអ្នករៀនពូកែគ្រប់ៗគ្នា។ ដូច្នេះបើសិនជាសិស្សមានពូជពង្សជាអ្នករៀនពូកែ គឺអាចធ្វើឱ្យគេរៀនឆាប់ចាប់បាន ហើយបើគ្រូមានវិធីសាស្ត្របង្រៀនល្អថែមទៀត គឺរឹងរឹតតែល្អប្រសើរ។
ទី២ គ្រូបង្រៀន៖ គ្រូបង្រៀន គឺជាផ្នែកដ៏សំខាន់មួយដែលមិនអាចខ្វះបានក្នុងការជួយជំរុញឱ្យសិស្សរៀនពូកែ។ ប្រសិនបើគ្រូមិនយកចិត្តទុកដាក់ក្នុងការបង្រៀនសិស្សទេ ឬគ្មានវិធីសាស្រ្តល្អៗក្នុងការបង្រៀនទេ នោះសិស្សក៏មិនអាចទទួលយកចំណេះដឹងពីគ្រូបានដែរ។ តាមការមើលឃើញរបស់ខ្ញុំកន្លងមក គឺកាលណាគ្រូមានសិល្បៈ ឬវិធីសាស្រ្តល្អក្នុងការបង្រៀនសិស្ស ភាគច្រើនសិស្សរបស់ពួកគាត់ច្រើនតែពូកែៗ។ ក៏ប៉ុន្តែមិនមែនគ្រូមានវិធីសាស្រ្តបង្រៀនល្អ សិស្សសុទ្ធតែពូកែទេ គឺអាស្រ័យលើការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សដែរ។
ទី៣ សិស្សខ្លួនឯង៖ មានន័យថា ដើម្បីរៀនឱ្យពូកែសិស្សានុសិស្សត្រូវយកចិត្តទុកដាក់ខ្ពស់លើការសិក្សា ពិសេសត្រូវមានការតស៊ូ ព្យាយាម ចេះចំណាយពេលវេលាលើការសិក្សា ចេះជម្នះរាល់ឧបសគ្គ ចេះកំណត់គោលបំណង និងមានការប្ដេជ្ញាចិត្តខ្ពស់លើការសិក្សាផងដែរ។ មួយវិញទៀត សិស្សានុសិស្សត្រូវតែយល់ពីតម្លៃនៃការសិក្សា ព្រោះបើយើងយល់ថាការសិក្សាអាចជួយដឹកនាំជីវិតយើងឱ្យល្អប្រសើរ និងមានអនាគតភ្លឺស្វាងទៅថ្ងៃអនាគត នោះយើងនឹងមានកម្លាំងចិត្តសិក្សាជាមិនខាន។
ទី៤ មិត្តភក្តិ៖ ក្រៅតែពីខិតខំរៀនសូត្រដោយខ្លួនឯង សិស្សក៏គួរតែចេះសេពគប់មិត្តភក្តិជាអ្នកសិក្សាផងដែរ។ ការសេពគប់មិត្តភក្តិនេះ ដើម្បីជួយឱ្យការសិក្សារបស់ខ្លួនមានការរីកចម្រើន សិស្សត្រូវសេពគប់មិត្តភក្តិដែលរៀនពូកែជាងខ្លួន មិត្តភក្តិដែលចូលចិត្តសិក្សារៀនសូត្រជាដើម។ ប្រសិនបើយើងរាប់អានមិត្តដែលស្រឡាញ់ការរៀនសូត្រ ឬមិត្តភក្តិដែលរៀនពូកែ នោះយើងនឹងក្លាយខ្លួនជាសិស្សស្រឡាញ់ការសិក្សារៀនសូត្រ ឬជាសិស្សពូកែដូចពួកគេដែរ។ ហេតុអ្វី? ពីព្រោះនៅពេលយើងដើរជាមួយពួកគេ យើងអាចយកគេធ្វើជាគំរូ ពិសេសបើយើងមានចម្ងល់ឬមានមេរៀនណាមិនយល់ យើងអាចសុំឱ្យមិត្តភក្តិរបស់យើងពន្យល់បន្ថែមបាន។
ទី៥ គ្រួសារ៖ មាតាបិតា ឬអាណាព្យាបាលសិស្សក៏ជាកត្តាសំខាន់ណាស់ដែរក្នុងការចូលរួមចំណែកធ្វើឱ្យកូនៗរបស់ខ្លួនក្លាយជាសិស្សពូកែ។ ពោលពួកគេអាចចូលរួមចំណែកជួយឱ្យកូនៗរបស់ខ្លួនរៀនពូកែ តាមរយៈការយកចិត្តទុកដាក់លើការសិក្សារៀនសូត្ររបស់កូន តាមដានការសិក្សារៀនសូត្ររបស់កូន ផ្ដល់ភាពកក់ក្ដៅដល់កូន ពិសេសតាមរយៈការចូលរួមជំរុញ និងលើកទឹកចិត្តកូនៗរបស់ខ្លួនឱ្យខំប្រឹងប្រែងរៀនសូត្រ ព្រមទាំងតាមរយៈការសហការជាមួយសាលា និងលោកគ្រូអ្នកគ្រូក្នុងការរកវិធីសាស្រ្តល្អៗពន្យល់ណែនាំកូនរបស់ខ្លួនឱ្យយល់ពីសារៈសំខាន់នៃការសិក្សារៀនសូត្រជាដើម។
ទី៦ សង្គមជុំវិញ៖ ក្រៅតែពីកត្តាទាំង៥ខាងលើ សង្គមជុំវិញនេះក៏ជាកត្តាសំខាន់ជួយឱ្យសិស្សរៀនពូកែផងដែរ។ ទោះបីជីវភាពគ្រួសារធូរធារក៏ដោយ តែបើរស់នៅក្នុងសង្គមអាប់អួ ឬតំបន់មនុស្សក្រីក្រ តំបន់ដែលអត់មានអ្នករៀន ឬអ្នករៀនក្នុងកម្រិតអន់ខ្សោយ ក៏សិស្សរៀនមិនពូកែដែរ។ ផ្ទុយទៅវិញ បើសិនជារស់នៅក្នុងតំបន់អ្នកមាន តំបន់ដែលមានសុវត្ថិភាព ឬតំបន់ដែលពោរពេញទៅដោយអ្នករៀនសូត្រ នោះសិស្សនឹងរៀនពូកែ។