• 2021-08-05 04:45:21
  • ព័ត៌មាន

ប្រវត្តិ ព្រះបាទកៅណ្ឌិន្យទី១ ឬ ហ៊ុន ទៀន ជាស្តេចនៃអាណាចក្រភ្នំ និងជាអ្នកកសាងរាជវង្សខ្មែរដំបូងបង្អស់

  • 2021-08-05 04:45:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹក​ដី​នៅ​តាម​ដង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម ហើយ​និង​ក្នុង​ដែន​ដី​សណ្ដ​នៃ​ទន្លេ​នេះ បាន​ត្រូវ​ខ្មែរ​មួយ​ក្រុម​ដែល​មាន​ជំនឿ​ទៅ​លើ​សត្វ​នាគ ឬ​ដែល​ជឿ​ថា បុព្វបុរស​ដូនតា​របស់​ខ្លួន មាន​អម្បូរ​មក​ពី​ពូជ​នាគ រស់​នៅ​តាំង​ពី​យូរ​លង់​មក​ហើយ។ ឯកសារ​ចិន របស់ លោក កាំង ថៃ ដែល​បាន​មក​ទស្សនា​នគរភ្នំ​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​៣​នៃ​គ្រិស្ដសករាជ បាន​រៀប​រាប់​ថា ប្រហែល​ជា​ក្នុង​ឆ្នាំ​៥០​នៃ​គ្រិស្ដសករាជ មាន​ជនជាតិ​ឥណ្ឌា ជា​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ហ៊ុន ទៀន បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌា តាម​កោះ​ខាង​ត្បូង​មក​អាណាចក្រ​ភ្នំ។

ហេតុ​ដែល​បណ្ដាល​អោយ​ព្រាហ្មណ៍ ហ៊ុន ទៀន ធ្វើ​ដំណើរ​មក​កាន់​នគរភ្នំ នេះ ព្រោះ​យប់​មួយ​ព្រះបាទ ហ៊ុន ទៀន បាន​យល់​សប្ដិ​ឃើញ​ថា ទេវតា​ដែល​បី​បាច់​ថែ​រក្សា​ព្រះអង្គ បាន​ធ្វើ​អំណោយ​ធ្នូ​ទិព្វ​មួយ​ដល់​ព្រះអង្គ ហើយ​បញ្ជា​អោយ​ព្រះអង្គ​ឡើង​ជិះ​សំពៅ​ដ៏​ធំ​មួយ។ លោក កាំង ថៃ បន្ត​ថា លុះ​ព្រឹក​ឡើង ព្រះអង្គ​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​ទេវស្ថាន ដើម្បី​ធ្វើ​សក្ការបូជា ស្រាប់​តែ​បាន​ឃើញ​ធ្នូ​ទិព្វ​នោះ​ដូច​សុបិន​មែន។ ដោយ​សុបិន​ឆុត​ដូច្នេះ ព្រះអង្គ​ក៏​ធ្វើ​ដំណើរ​តាម​សមុទ្រ ទៅ​កាន់​អាណាចក្រ​ភ្នំ​តាម​ការ​ណែនាំ​របស់​ទេវតា​ក្នុង​ការ​យល់​សប្ដិ​នោះ។

មក​ដល់​នគរភ្នំ ព្រះបាទ ហ៊ុន ទៀន បាន​ពើប​ប្រយុទ្ធ​ជាមួយ​រាជធានី​នៃ​រដ្ឋ​នេះ ដែល លោក កាំង ថៃ ថា​មាន​ព្រះនាម​ថា ព្រះនាង លីវយី។ ព្រះនាង លីវយី ដែល​បាន​នាំ​កម្លាំង​ទ័ព​មក​វាយ​លុក​លើ​សំពៅ​ព្រះបាទ ហ៊ុន ទៀន មុន។ ដោយ​ឫទ្ធានុភាព​ធ្នូ​ទិព្វ ព្រះអង្គ​ក៏​ទទួល​បាន​ជ័យ​ជម្នះ​លើ​ព្រះនាង លីវយី ដែល​ជា​ម្ចាស់​ស្រុក ដោយ​ព្រះអង្គ​បាន​បាញ់​សំពៅ​របស់​ព្រះនាង​អោយ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង។ ដោយ​ឃើញ​ព្រះបាទ ហ៊ុន ទៀន មាន​ឫទ្ធិ​ខ្លាំង​ពូកែ​ដូច្នោះ ព្រះនាង លីវយី ក៏​ព្រម​ចាញ់​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​បាន​រៀប​អភិសេក​ព្រះនាង​ជា​អគ្គមហេសី តាំង​ពី​ពេល​នោះ​មក។

ប្រភព​មួយ​ទៀត​ដែល​រៀប​រាប់​ពី​ព្រឹត្តិការណ៍​នេះ​ដែរ គឺ​សិលា​ចារិក​ចាម នៅ​មីសឺន (គ្រិស្ដសករាជ ៦៥៨) បាន​ឲ្យយើង​ដឹង​ថា ព្រះបាទ ហ៊ុន ទៀន ដែល​ចិន ហៅ​នោះ​ឈ្មោះ កៅណ្ឌិន្យ ឯ​ព្រះនាង លីវយី វិញ គឺ​ព្រះនាង សោមាកូនព្រះច័ន្ទ។ ឯ​ខាង​ព្រះរាជពង្សាវតារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា វិញ បាន​ហៅ​ព្រះនាម​ស្ដេច​នោះ​ថា ព្រះថោង និង​នាង​នាគ ដែល​បាន​បន្សល់​ទុក​នូវ​កេរ្តិ៍​ដំណែល​ទំនៀមទម្លាប់​ប្រពៃណី​ជាច្រើន អោយ​ជីវភាព​សង្គម​ខ្មែរ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

ដូច្នេះ រួម​សេចក្តី​មក គឺ​ព្រះបាទ ហ៊ុន ទៀន ឬ កៅណ្ឌិន្យ ឬ ព្រះថោង និង​ព្រះនាង លីវយី ឬ ព្រះនាង សោមាកូនព្រះច័ន្ទ ឬ នាង​នាគ នេះ​ហើយ ដែល​ជា​អ្នក​បាន​កសាង​ឡើង​នូវ​សន្តតិវង្ស ឬ​រាជវង្ស​ខ្មែរ​ជា​ដំបូង​គេ​បង្អស់​នោះ។ ម៉្យាង​ទៀត គឺ​ពេល​នោះ​ហើយ​ដែល​ព្រះថោង ឬ កៅណ្ឌិន្យ ឬ ហ៊ុន ទៀន ដែល​ជា​ជាតិ​ឥណ្ឌា បាន​នាំ​យក​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ផ្សេងៗ​ពី​ប្រទេស​ឥណ្ឌា មាន​សាសនា ភាសា អ្នក​ប្រាជ្ញ​អក្សរសាស្ត្រ ច្បាប់​ទម្លាប់​ផ្សេងៗ ពិសេស គឺ​របៀប​រៀប​ចំ ឬ​គំនិត​ដឹក​នាំ​ប្រទេស​តាម​បែប​រាជាធិបតេយ្យ​មក​បន្ថែម​អោយ ឬ​បញ្ចូល​គ្នា​នឹង​អ្វីៗ​ដែល​សង្គម​ខ្មែរ​មាន​រួច​ទៅ​ហើយ ដូច​ជា​ជំនឿ​លើ​ព្រលឹង​ដូនតា គោរព​មេបា អារក្ខ​អ្នកតា និង​លទ្ធិមាតាធិបតេយ្យ​យក​មេ​ជា​ធំ ដែល​ជា​ហេតុ​ធ្វើ​អោយ​សង្គម​ខ្មែរ​ក្នុង​សម័យ​នោះ​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​បំផុត៕

ប្រភព៖ Radio Free Asia

មតិយោបល់
អត្ថបទថ្មី