• 2021-08-05 09:09:10
  • ព័ត៌មាន

កម្ពុជា ស្នើឱ្យភាគីថៃ បង្ហាញឯកសារជាក់លាក់ពាក់ព័ន្ធការសាងសង់ប្រាសាទថ្ម មានរចនាបថស្រដៀងអង្គរ

  • 2021-08-05 09:09:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបពិភាក្សាការងារជាមួយឯក ឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា។ កិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

គោលដៅសំខាន់នៃការពិភាក្សាការងារ ផ្តោតលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ថៃ និងលើវិស័យវប្បធម៌ទ្វេភាគី និងពហុភាគី រួមមាន សកម្មភាពមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបឆ្នាំ២០២១ សកម្មភាពវប្បធម៌អាស៊ានឆ្នាំ២០២២ ដែលកម្ពុជាជាប្រធានប្តូរវេន។ នាឱកាសនោះ កិច្ចពិភាក្សា ក៏បានលើកឡើងផងដែរពីករណីព័ត៌មានស្តីពីគម្រោងនៃការសាងសង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំ ដែលបណ្តាញសង្គម និង សារព័ត៌មានផ្សព្វផ្សាយ ថាមានការចម្លងតាមនៃស្ថាបត្យកម្មប្រាសាទអង្គរវត្ត។

ព័ត៌មាននេះ ត្រូវបានសាធារណមតិនៃប្រទេសទាំងពីរ មានប្រតិកម្មយ៉ាងផុសផុល និងពុះកញ្ជ្រោល។ ក្នុងន័យនេះ លោកជំទាវរដ្ឋមន្រ្តី បានស្នើដល់ភាគីថៃ ឱ្យជួយសហការក្នុងការផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ ស្តីពីគម្រោងនៃការសាងសង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំនេះ ដើម្បីឲ្យភាគីកម្ពុជាមានមូលដ្ឋានក្នុងការពិនិត្យ សម្រេចនូវវិធាននានាបន្ត សំដៅបញ្ចៀសនូវផលអវិជ្ជមានណាមួយដែលអាចកើតឡើងនិងប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។

ទាក់ទិននឹងបញ្ហាដ៏រសើបនេះ ឯកឧត្តមឯកអគ្គរាជទូតថៃ បានទទួលយកសំណើ និងសន្យាឆ្លើយតបតាមការស្នើសុំរបស់ភាគីកម្ពុជាក្នុងស្មារតីសហការដ៏ជ្រាលជ្រៅ។ ជាមួយគ្នានេះដែរ ក្នុងនាមជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានចូលរួមអបអរសាទរ ចំពោះការចុះបញ្ជី ព្រៃ Kaeng Krachan របស់ថៃក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕

ប្រភព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

អត្ថបទ ៖ សង្ហា

មតិយោបល់