- 2021-08-25 05:00:00
- ព័ត៌មាន
ក្បាច់រចនាស្អាតមែន ព្រះវិហារកិងឈើបុរាណឥស្លាមអាយុ ១០២ឆ្នាំ នៅត្បូងឃ្មុំ
- 2021-08-25 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្បាច់រចនាស្អាតមែន ព្រះវិហារកិងឈើបុរាណឥស្លាមអាយុ ១០២ឆ្នាំ នៅត្បូងឃ្មុំ
ចន្លោះមិនឃើញ
ព្រះវិហារអាយុ១០២ «ចាម្ប៍បុរាណ» ឬ «ចាម្ប៉ា»មានទីតាំងនៅ ភូមិបន្ទាយចាស់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ តាមបណ្ដោយផ្លូវមាត់ទន្លេពីស្រុកក្រូចឆ្មារ ឆ្ពោះទៅស្រុកឆ្លូង ខេត្តក្រចេះ ។ ដើម្បីទៅដល់ទីតាំងសំណងនេះ សូមចុចត្រង់នេះ។
ស្ថាបត្យកម្មព្រះវិហារចាម្ប៍បុរាណនេះ គឺជាបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននៃជនជាតិចាម្ប៍នៅក្នុងព្រះរាជាណាចក្រយើង ។ យោងតាមចារឹកលេខនៅលើដងដោយនៃព្រះវិហារ បុព្វបុរសចាម្ប៍បុរាណបានកសាងព្រះវិហារនេះនៅក្នុងឆ្នាំ ១៩១៩ ដែលមានអាយុគ្រប់ ១០២ ឆ្នាំគិតត្រឹមឆ្នាំ២០២១នេះ។
ព្រះវិហារបុរាណនេះធំទូលំទូលាយណាស់ ហើយប្រហែលជាធំលើសអស់ព្រះវិហារចាម្ប៍បុរាណនានា ដោយសារកាលអំឡុងក្នុងឆ្នាំ ១៩៦៧ នោះ យោងតាមចារឹកលេខនៅក្នុងនព្វតាមបណ្ដោយព្រំដំបូល ក្រៅអំពីការតុបតែងនូវអស់នាងច្រាល ព្រះវិហារបុរាណកាលអំពីឆ្នាំ ១៩១៩ ត្រូវបានគេកសាងពង្រីកបន្ថែមដោយភ្ជាប់នូវព្រះរបៀងទាំង ៤ ទិស ក៏ទើបធ្វើឱ្យព្រះវិហារបុរាណនេះមានសសរសរុបដល់ទៅ ១៣០ ដើម គួរឱ្យភ្ញាក់ផ្អើល ។ លុះក្រោយមក នៅក្នងឆ្នាំ ១៩៨០ ក៏យោងតាមចារឹកក្នុងនព្វនៃដំបូលព្រះរបៀងមួយ ក៏ធ្វើឱ្យយើងដឹងបន្ថែមថា មានការជួសជុលម្ដងទៀត ដែលជាការតុបតែងនូវគ្រឿងដំបូលព្រះរបៀងទាំង ៤ ទិសា ។
នៅក្នុងលក្ខណៈស្ថាបត្យកម្ម ព្រះវិហារបុរាណត្រូវបានសាងឡើងក្នុងរចនាបថជាព្រះវិហារកិង មានហោជាងឈើប្រកបក្បាច់ និង ភ្ជាប់ស្លាបបក្សីដូចនឹងព្រះវិហារខ្មែរ ខុសតែត្រង់ដំបូលពុំលម្អដោយជហ្វា ប្រែជាការតុបតែងបែបចាម្ប៍ដ៏វិចិត្រស្រស់ស្អាតគួរឱ្យទាក់នេត្រា ។ គ្រាដែលសាងបន្ថែមនូវព្រះរបៀងទាំង ៤ ទិសនោះ ព្រះរបៀងតាមទិសនីមួយៗ ក៏សាងតាមលំនាំព្រះវិហារធំ គឺរចនាបថផ្ទះកិងផ្សំនឹងរបៀបចាម្ប៍បុរាណ ។ នៅក្នុងខាងក្នុងព្រះវិហារនេះ មានលម្ហដ៏ធំធេង នៅក្រោមពិដានដែលត្រូវបានរៀបចំយ៉ាងមានរបៀប ប្រកបនឹងហប់ខ្យល់ដែលផ្ទាប់នូវក្បាច់ភ្ញីដ៏រស់រវើក ។
សព្វថ្ងៃ ទោះបីជាវឌ្ឍនភាពពីបុរាណថ្កុំថ្កើងយ៉ាងណា វាសនាព្រះវិហារចាម្ប៉ាបុរាណនេះ ត្រូវបានគេបោះបង់ចោលទៅហើយ៖ ក្ដារជញ្ជាំងឈើ និង បង្អួច-ទ្វារ ត្រូវបានគេរុះរើចោល និង ទុកចោល កម្រាលការ៉ូក៏ត្រូវបានខូចខាតស្ទើរពុំសល់ ឯសំណល់នានាត្រូវបានបន្តចាក់បង្គរជារៀងរាល់ថ្ងៃ ។
បេតិកភណ្ឌជាតិរបស់ជនជាតិខ្មែរឥស្លាមនៅទីនោះ នៅស្រស់ស្អាតនៅឡើយ ក៏នៅមានស្ថាបត្យកម្មផ្ទះបុរាណដ៏ល្អប្រណីតជាច្រើនទៀតដែល នៅរាយប៉ាយជុំវិញ ដែលសង្ឃឹមថា៖ «ថ្ងៃមួយនៃអនាគតដ៏ឆាប់ខាងមុខ ទីនេះ នឹងក្លាយជាគោលដៅទេសចរមួយដ៏សំខាន់ ដែលចូលរួមចំណែកនៅក្នុងការថែរក្សាការពារសម្បត្តិបេតិកភណ្ឌជាតិខ្មែរឥស្លាម និង បន្តនិរន្តភាព ក៏ដូចជាភាតរភាពនៃបងប្អូនខ្មែរ និង បងប្អូនខ្មែរឥស្លាម ឱ្យបានកាន់តែរឹងមាំ ដែលធ្វើឱ្យសហគមន៍មានទឹកចិត្តនៅក្នុងការជម្រុញវឌ្ឍនភាពនៃវប្បធម៌របស់ខ្លួនសម្រាប់អ្នកស្នងបន្តជាន់ក្រោយ ៕
អត្ថបទ និងរូបថត ៖ លោក សី លីហ៊ាង/ទាយាទអង្គរ-Angkor Inheritor