- 2021-08-26 04:56:44
- ព័ត៌មាន
ព្រះនាងឥន្ទ្រទេវី និងស្នាព្រះហស្តដ៏ធំធេងចំពោះព្រះពុទ្ធសាសនាមហាយាន ក្នុងប្រវត្តិសាស្ត្រស្ត្រីខ្មែរ នាសម័យអង្គរ
- 2021-08-26 04:56:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះនាងឥន្ទ្រទេវី និងស្នាព្រះហស្តដ៏ធំធេងចំពោះព្រះពុទ្ធសាសនាមហាយាន ក្នុងប្រវត្តិសាស្ត្រស្ត្រីខ្មែរ នាសម័យអង្គរ
ចន្លោះមិនឃើញ
ស្ត្រីខ្មែរមួយរូប ដែលមានមោទនៈចំពោះភាពរុងរឿងនៃប្រទេសកម្ពុជាសម័យអង្គរហើយសរសើរប្រទេសកម្ពុជាថា "ស្មើមេឃ"។ ស្ត្រីខ្មែររូបនោះគឺ ព្រះនាង ឥន្ទ្រទេវី ព្រះរាជអគ្គមហេសីព្រះបាទ ជ័យវរ្ម័នទី៧។
សិលាចារឹកប្រាសាទព្រះខាន់ K. 908 ចារឹកឆ្នាំ១១៩១ បញ្ជាក់អំពី ពិធីស្រង់ព្រះពុទ្ធរូបដែលទឹកសម្រាប់ស្រង់ត្រូវបាននាំយកពី ប្រទេសជ្វា ប្រទេសដាយវៀត(យួន) និង ប្រទេសចាម្ប៉ា។ តាម The Indianized States of Southeast Asia 1969 លោក ហ្ស៊ក សឺដែស បានបញ្ជាក់ថា ព្រះរាជាយួននៅសម័យនោះគឺ ព្រះបាទ លី កាវ-តុង (Ly Cao-tong), ព្រះរាជាជ្វាគឺ ព្រះបាទ កាមេស្វរៈ។ ចំណែក ប្រទេសចាម្ប៉ាចែកជាពីរគឺ រាជធានីវិជ័យ (ខេត្តបិញដិញ ប្រទេសវៀតណាមសព្វថ្ងៃ) សោយរាជ្យដោយព្រះបាទ សូរ្យជយវម៌ទេវៈ និង រាជធានីបាណ្ឌុរង្គ (ខេត្តផានរ៉ាង ប្រទេសវៀតណាមសព្វថ្ងៃ) សោយរាជ្យដោយព្រះបាទ វិទ្យានន្ទ។
ព្រះបាទ សូរ្យជយវម៌ទេវៈ ជាអនុជថ្លៃនៃព្រះបាទ ជ័យវរ្ម័នទី៧ ដែលយាងពីរាជធានីអង្គរទៅ ហើយ ព្រះបាទ វិទ្យានន្ទ ក្នុងគ.ស.១១៨២ កាលនៅជាយុវរាជ បានយាងមកជ្រកកោន និងរៀនសូត្រនៅប្រទេសកម្ពុជា។ តាមរយៈសិលាចារឹកភិមានអាកាស K. 485 ចារនៅសតវត្សរ៍ទី១២ គេដឹងថា គឺព្រះនាង ឥន្ទ្រទេវី នេះហើយ ដែលបានផ្តល់ព័ត៌មានសំខាន់មួយចំនួនទាក់ទងនឹងព្រះបាទ ជ័យវរ្ម័នទី៧ និង មហេសីទាំងទ្វេរបស់ទ្រង់។
ព្រះនាង ឥន្ទ្រទេវី ជាអគ្គមហេសីរបស់ព្រះបាទ ជ័យវរ្ម័នទី៧ ក្រោយពីព្រះនាង ជ័យរាជទេវី ដែលជាព្រះអនុជរបស់ព្រះនាង ឥន្ទ្រទេវី សោយទិវង្គតទៅ។ ព្រះនាងបានរៀបរាប់ពីរយៈពេលដែលព្រះបាទជ័យវរ្ម័នទី៧ បានដឹកនាំទ័ពធ្វើចម្បាំងនៅរាជធានីវិជ័យនៃប្រទេសចាម្ប៉ា។ នៅឯប្រទេសកម្ពុជាវិញ ត្រូវបានមន្ទ្រីនាម ត្រីភូវនាទិត្យ បះបោរដណ្តើមរាជពីព្រះបាទ យសោវរ្ម័នទី២។ ពេលទទួលដំណឹងនេះ ព្រះបាទជ័យវរ្ម័នទី៧ យាងត្រឡប់មកវិញដើម្បីជួយ តែ ព្រះបាទ យសោវរ្ម័នទី២ ត្រូវគេធ្វើគុតបាត់ទៅហើយ។ ដូច្នេះ ទ្រង់គង់នៅប្រទេសកម្ពុជា ដើម្បីបង្ក្រាបបទឧក្រិដ្ឋនានាដែលកើតពាសពេញប្រទេសវិញ។
យោងតាមខ្លឹមសារសិលាចារឹក ភិមានអាកាស ដែលចារដោយព្រះនាងឥន្ទ្រទេវី និយាយថា ព្រះនាង ជ័យរាជទេវី រូបឆោមស្រស់សោភា មានស្វាមីភ័ក្តិ និងកិរិយាមារយាទដ៏ខ្ពង់ខ្ពស់។ ពេលដែលព្រះបាទ ជ័យវរ្ម័នទី៧ យាងទៅប្រទេសចម្ប៉ានោះ ព្រះនាង ជ័យរាជទេវី បានរំសាយព្រះកេសា ដែលមានស្នៀតព្រះព្រះកេសចេញ ដើម្បីធ្វើតបៈដ៏តឹងរឹង។ ព្រះកាយព្រះនាងប្រែជាស្គមស្គាំង តែ ព្រះនាងមិនរាថយ ដោយព្រះនាងប្រាថ្នាសូមឲ្យជួបព្រះស្វាមីវិញ បីដូចព្រះនាង ឧម្មា និត្យនៅនឹងព្រះស្វាមីរបស់ទ្រង់ គឺព្រះសិវៈ ដូច្នោះដែរ។
ព្រះនាង ជ័យរាជទេវី មានព្រះរាជបុត្រាមួយព្រះអង្គដែលគ្រប់គ្រងក្រុងលវោ (ខេត្តលពបុរី ប្រទេសថៃបច្ចុប្បន្ន)។ ព្រះរាជបុត្រានេះក៏មានបំណងធ្វើតបធម៌ដែរ ដែលព្រះនាងទូន្មានឲ្យធ្វើ ឲ្យត្រូវតាមផ្លូវធម៌ រហូតដល់បានសម្រេចបំណង។ ព្រះនាង ជ័យរាជទេវី បានណែនាំព្រះនាង ឥន្ទ្រទេវី ទទួលយកមាគ៌ាព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ ដែលជាផ្លូវស្ងប់ចប់ផុតទុក្ខ។ ព្រះនាង ឥន្ទ្រទេវី ក៏បានរំសាយព្រះកេសាដែលមានស្នៀតព្រះកេសដើម្បីធ្វើតបធម៌តាមដែរ។
សិលាចារឹក ក៏បានបញ្ជាក់ពីព្រះបាទ ស្រីជ័យ ឥន្ទ្រវរ្ម័ន នៃប្រទេសចម្ប៉ាដែលមានចរិតឥតកោតក្រែង ប្រៀបបីនឹងក្រុងរាពណ៍មកច្បាំងប្រទេសកម្ពុជាស្មើមេឃ (ទ្យោសមកម្វុជទេសៈ) ។ ព្រះបាទ ជ័យវរ្ម័នទី៧ បានវាយបកវិញនិងរហូតកាន់កាប់បានរាជធានីវិជ័យ និង នគរដទៃទៀត ដែលទ្រង់អាចចាត់ទុកថាជាផ្ទះរបស់ទ្រង់។ ក្រោយពេលដែលបានជួបព្រះរាជស្វាមីវិញ ព្រះនាង ឥន្ទ្រទេវី បានយាងធ្វើបុណ្យគ្រប់ទិសទី។ ព្រះនាងមានព្រះរាជបញ្ជាឲ្យលេងរបាំ និងសម្តែងរឿងដែលស្រង់ចេញពីទសជាតក។ ព្រះនាងដាក់ទ្រព្យសម្បត្តិរបស់ព្រះនាង ឲ្យជាប្រយោជន៍ដល់សាសនានិងមនុស្សក្រីក្រ។ ព្រះនាងបានប្រមូលក្មេងស្រីដែលម្តាយបោះបង់ និងបង្កើតជាភូមិឲ្យរស់នៅ ជាភូមិមានសេចក្តីសុខចម្រើន។ ព្រះនាងទ្រង់ឲ្យក្មេងស្រីទាំងនោះបួសនិងប្រតិបត្តិធម៌ខ្ជាប់ខ្ជួន។
ព្រះនាង ឥន្ទ្រទេវី បានថ្វាយសម្ភារជាច្រើនដល់ប្រាសាទនានា ដូចជាប្រាសាទ ស្រីរាជចូឌាមណី (ប្រាសាទព្រះខាន់) ស្រីជ័យស្រី (ប្រាសាទតាព្រហ្ម) ប្រាសាទ មធ្យាទ្រិ (ប្រាសាទភ្នំបាខែង) ស្រីជយក្សេត្រសិវៈ (ប្រាសាទបាសែត/បាណន់ ខេត្តបាត់ដំបង) សិវបុរៈ (តាមលោក សឺដែស ប្រាសាទនេះអាចជាប្រាសាទ ភ្នំសន្ទុក ឬ ភ្នំបាយ៉ង់) ប្រាសាទ វិមាយ (ភិមាយ បច្ចុប្បន្ន នៅប្រទេសថៃ) ប្រាសាទ ប្រឹវទ្រី (ភ្នំរុង បច្ចុប្បន្ន នៅប្រទេសថៃ)។
ក្រៅពីការធ្វើកុសលកម្មនានា ចំពោះសាសនា ព្រះអគ្គមហេសីអង្គនេះ បានឲ្យគេស្ថាបនាបដិមាជារូបតំណាង ព្រះមាតា ព្រះបិតា ព្រះអនុជ មិត្តភក្តិ សាច់សាលោហិតដែលព្រះនាងស្គាល់ ឬអ្នកដែលធ្លាប់បាននិយាយប្រាស្រ័យទាក់ទងនឹងព្រះនាង ជាពិសេស ព្រះនាងបានឲ្យគេសាងបដិមា ព្រះនាង ជ័យរាជទេវី ព្រះបាទជ័យវរ្ម័នទី៧ និង បដិមាតំណាងរូបព្រះនាង តម្កល់នៅគ្រប់ភូមិ។ ព្រះនាង ឥន្ទ្រទេវី មានសម្រស់បីដូចទេពធីតាដែលបញ្ចេញរស្មី។ ក្នុងផ្នែកចំណេះដឹង ព្រះនាងមានចំណេះខ្ពង់ខ្ពស់លើសទស្សនវិទូនានា។ ព្រះនាងមានប្រាជ្ញាឈ្លាសវៃពីធម្មជាតិ។ នៅអាស្រមព្រះពុទ្ធសាសនា ព្រះនាងជាប្រធាននៃសាស្ត្រាចារ្យទាំងឡាយដោយព្រះនាងបង្រៀនជារៀងរាល់ថ្ងៃដល់ស្ត្រីនានា នៅក្នុងអាស្រម។
ជាស្ត្រីខ្មែរមួយរូប មានមោទនៈ ចំពោះភាពរុងរឿងនៃប្រទេសកម្ពុជាសម័យអង្គរហើយសរសើរប្រទេសកម្ពុជាថា "ស្មើមេឃ" ជាស្ត្រីខ្មែរមួយរូបដែលបានតែងកំណាព្យសរសើរជាភាសាសំស្ក្រឹតដ៏ល្អឥតខ្ចោះ ព្រះនាង ឥន្ទ្រទេវី បញ្ជាក់ថា ព្រះនាងមានស្វាមីភ័ក្តិចំពោះព្រះបាទ ជ័យវរ្ម័នទី៧ រៀងរហូតដល់ព្រះនិព្វាន៕
ប្រភព៖ កំណត់ត្រាប្រវត្តិសាស្ត្រខ្មែរ