• 2021-08-29 00:31:00
  • ព័ត៌មាន

ព្រះវិហារបុរាណ១២០ឆ្នាំមួយនៅច្បារអំពៅប្រេះជា២ដង្ហើយរកជំនួយបន្ទាន់[បណ្តុំរូបភាព]

  • 2021-08-29 00:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះវិហារបុរាណអាយុ១២០ឆ្នាំនៅខណ្ឌច្បារអំពៅកំពុងតែដង្ហើយរកជំនួយបន្ទាន់ដើម្បីអភិរក្ស។ ព្រះវិហារខាងលើមានទីតាំងស្ថិតនៅក្នុងវត្ត មជ្ឈិមវ័ន ហៅវត្តជ្រោយអំពិលថ្មី ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ព្រះវិហារនេះ ដំបូលឈើ ជញ្ជាំងធ្វើពីឥដ្ឋបូកបាយ អ។ សសរខាងក្រៅធ្វើពីបេតុង ១៦ដើម ទ្រដំបូលដោយគ្រុឌទាំងអស់។ ហោជាងខាងកើត គេសម្អដោយក្បាច់ភ្ងីភ្លើង។ ខាងកើតមានទ្វារ៣ ខណៈទិសខាងលិចមានទ្វារតែ២ ខាងជើងនិងខាងត្បូងមានទ្វារ៤ ទ្វារនីមួយៗលម្អដោយសិល្បៈក្បាំងមុខភ្ងីអង្គរ។ ខាងក្នុងព្រះវិហារមាន ព្រះជីវ៍គង់លើបល្ល័ងមហាបញ្ទាក្បាច់អង្គរ សសរឈើ និងសិល្បៈសាណី។

ព្រះវិហារបុរាណដែលសព្វថ្ងៃមានសភាពទ្រុឌទ្រោមជាខ្លាំង នៅផ្នែកចំហៀងសងខាងជញ្ជាំងព្រះវិហារប្រះបែកជាពីរ និងផ្នែកជាច្រើនទៀតនៃព្រះវិហារក៏មានសភាពដែលគួរឲ្យព្រួយបារម្ភខ្លាំងផងដែរ។ គិតត្រឹមឆ្នាំ២០២១នេះ វិហារបុរាណនេះមានអាយុ១២០ឆ្នាំ កសាងឡើងនៅ ព. ស. ២៤៤៥ ត្រូវនឹង គ. ស.១៩០១ ដោយព្រះចៅអធិការព្រះនាម ព្រះគ្រូបទុមត្ថេរ ថោង។

យោងតាមផ្ទាំងព័ត៌មាននៅជាប់ព្រះវិហារបានបញ្ជាក់ថា ពាក្យ មជ្ឈិមវ័ន គឺមកពីពាក្យ «មជ្ឈិម» មានន័យថា «កណ្តាល» បូក «វ័ន» មានន័យថា «ព្រៃ» ហេតុនេះ វត្តមជ្ឈិមវ័ន មានន័យថា «វត្តកណ្តាលព្រៃ»

ខាងក្រោមនេះជារូបភាពបច្ចុប្បន្នភាពនៃព្រះវិហារវត្តមជ្ឈិមវ័ន ហៅវត្តជ្រោយអំពិលថ្មី៖










ដោយ៖ យ៉ន សូវៀត

មតិយោបល់