• 2021-08-30 09:01:07
  • ព័ត៌មាន

ខឹងចិត្តណាស់ ទៅសៀមរាបរាប់ភ្លេច មិនគួរណារំលងទីអារាមមួយនេះ ស្អាតស្កឹមស្កៃដូចប្រាសាទបុរាណ

  • 2021-08-30 09:01:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តអារាមមានតួនាទីសំខាន់ណាស់ចំពោះប្រជាជនកម្ពុជា ជាទីកន្លែងសម្រាប់ឲ្យព្រះសង្ឃអប់រំសីលធម៌ ផ្សព្វផ្សាយពុទ្ធវចន ដល់ពុទ្ធបរិស័ទ។ជាកន្លែងប្រជាជនបានផ្សារភ្ជាប់ជីវិត ទៅនិងព្រះពុទ្ធសាសនា ជាទីពឹងពាក់ជាបង្អែងខាងផ្លូវចិត្ត អប់រំកាយចិត្ត និង ជាទីសក្ការៈ។ ទន្ទឹមនេះទីអារាម ជាទីដ៏ឧត្តមសម្រាប់ប្រជាជនកម្ពុជានិយមធ្វើពិធីបុណ្យផ្សេងៗ ដែលជាប្រពៃណី ពុទ្ធសាសនា តាមទំនៀមទំលាប់របស់ប្រជាជនកម្ពុជាដូចជា បុណ្យកឋិន ភ្ជុំបិណ្ឌ មាឃបូជា វិសាខបូជា ចូលវស្សា ចេញវស្សា បុណ្យចូលឆ្នាំជាដើម។

ចម្លាក់រចនាបទក្នុងទីអារាមមួយកន្លែង មានក្បូរក្បាច់យ៉ាងល្អវិចិត្រ រំលេចពណ៌មាសយ៉ាងស្កឹមស្កៃពិតជាគួរឲ្យស្ងើចសរសើរខ្លាំងណាស់បែបខ្មែរពិតៗ មានប្រាង្គប្រកបដោយក្បូរក្បាច់យ៉ាងល្អឯក ប្រៀបដូចជានៅក្នុងសុបិនមួយ ប៉ុន្តែវាជាការពិត នោះគឺជាអារាមវត្តរាជបូណ៌ ជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តដទៃទៀតនៅក្នុងខេត្តសៀមរាប ដែលស្ថិតនៅក្នុងក្រុងតាមដងស្ទឹងសៀមរាប ពោលគឺស្ថិតក្នុងភូមិសាស្ត្រភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

បច្ចុប្បន្នក្រោមការដឹងនាំគ្រប់គ្រងយ៉ាងល្អដោយព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ ព្រះអង្គបានដឹងនាំកសាងសមិទ្ធិផលសំណង់វប្បធម៌យ៉ាងច្រើនក្នុងទីអារាមនេះ តាមគន្លងមាគានៃព្រះពុទ្ធសាសនា ដើម្បីសន្សលទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយៗបានសិក្សាស្វែងយល់ផងដែរ។

វត្តរាជបូណ៌ ឬប្រជាជនហៅកាត់ថាវត្តបូណ៌ ជាបូជនីយដ្ឋាននិងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប កសាងឡើងក្នុងរវាងឆ្នាំ១៦៥០ ហើយព្រះវិហារកសាងនាសម័យកាលក្រោយ ក្នុងរជ្ជកាល សម្តេច ព្រះបាទនរោត្តម។ ទីអារាមមួយនេះសម្បូរទៅដោយសមិទ្ធិផលក្បូរក្បាច់រចនាបែបខ្មែរពិតៗដែលគួរឲ្យចង់គយគន់ និងផ្តិតយករូបភាព សម្រាប់អ្នកទេសចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ ក្នុងនោះមានសំណង់វប្បធម៌ពិសេសជាច្រើនតួយ៉ាងដូចជា តួព្រះវិហារបុរាណគ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរពណ៌ ខ្លោងទ្វាវត្តជាដើម គឺសុទ្ធតែប្រណិតមានសិល្បៈដ៏រស់រវើកល្អវិចិត្រ ដែលឆ្លុះបញ្ចាំងអំពីភាពផ្ចិតផ្ចង់ នៃសិល្បករ ស្ថាបត្យករ និងសិល្បៈបុរាណខ្មែរសម្រាប់សាសនា៕

ប្រភពរូបភាព៖ ស្ដាប់ធម៌អប់រំចិត្ត

អត្ថបទដោយ ៖ Su In

មតិយោបល់