- 2021-09-20 10:19:10
- ព័ត៌មាន
ទៅដើរលេងខេត្តព្រះវិហារ ហាមរំលង ៤ កន្លែងនេះ បានទៅដល់ហើយដិតដាមអនុស្សាវរីយ៍មិនអាចបំភ្លេចបាន
- 2021-09-20 10:19:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅដើរលេងខេត្តព្រះវិហារ ហាមរំលង ៤ កន្លែងនេះ បានទៅដល់ហើយដិតដាមអនុស្សាវរីយ៍មិនអាចបំភ្លេចបាន
ចន្លោះមិនឃើញ
ខេត្តព្រះវិហារ គឺជាខេត្តមួយក្នុងចំណោមរាជធានីខេត្តសរុប២៥របស់កម្ពុជា ដែលមានចម្ងាយប្រវែង២៩៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានព្រំប្រទល់ជិតខាងជាប់ប្រទេសថៃ និង ប្រទេសឡាវ មានសណ្ឋានដីលក្ខណៈជាជួរព្រៃភ្នំ។ ខេត្តមួយនេះគ្របដណ្ដប់ដោយតំបន់ទេសចរណ៍ជាច្រើនរាប់មិនអស់ទាំងវប្បធម៌ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិ សុទ្ធតែមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរ ព្រោះតែសម្រស់នៃប្រាង្គប្រាសាទដ៏អស្ចារ្យ និងតំបន់ធម្មជាតិដ៏ស្រស់ត្រកាល ។ ថ្ងៃនេះ Sabay សូមនាំអារម្មណ៍ប្រិយមិត្តទៅកម្សាន្ត ៤កន្លែង នៅខេត្តព្រះវិហារ ដែលក្រុមការងារផ្លូវទៅស្រុកវគ្គ៣ បានទៅដល់នាពេលកន្លងទៅ ។ ក្នុងនោះរួមមាន៖
១.ព្រៃសហគមន៍ភ្នំត្នោត ឬBeTreed Anventure៖
ព្រៃសហគមន៍ភ្នំត្នោត ឬ BeTreed Anventure គឺជាតំបន់អភិរក្ស និងអេកូទេសចរណ៍ដ៏ទាក់ទាញមួយក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ព្រៃសហគមន៍ភ្នំត្នោត មានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ ជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដែលមានទំហំជាង ៤ម៉ឺនហិចតា ព្រៃសហគមន៍ភ្នំត្នោត ឬ BeTreed Advanture គ្របដណ្ដប់ដោយព្រៃរបោះ ដែលជាជម្រករបស់សត្វព្រៃ និងជាប្រភពមិនចេះរីងស្ងួតនៃវិស័យទេសចរណ៍។
តំបន់អេកូទេសចរណ៍ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកមានសក្តានុពលអំណោយផលខ្ពស់ណាស់ផ្នែកបរិស្ថានធនធានធម្មជាតិជីវចម្រុះ មានសត្វកម្រ រស់នៅតាមដងភ្នំ ព្រៃរបោះ និងកំពុងទទួលបានការអភិរក្សយ៉ាងតឹងរឹងដោយជនបរទេសមួយគ្រួសារ និងទទួលបានការគាំទ្រទាំងថវិកា ទាំងស្មារតីយ៉ាងពេញទំហឹងពីក្រសួងបរិស្ថាន។
ក្រុមគ្រួសារជនជាតិបរទេស គឺលោកបេន ដាវីស បានរស់នៅក្នុងតំបន់ព្រៃសហគមន៍ភ្នំត្នោតនេះ ហើយបានបង្កើត ជារមណីយដ្ឋានមូយឈ្មោះថា Be treed Adventures ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចទៅបោះជំរំ ស្នាក់នៅផ្ទះដើមឈើ ធ្វើដំណើរទេសចរណ៍ផ្សងព្រេង សិក្សាស្វែងយល់ពីការងារអភិរក្ស និង មើលទេសភាពធម្មជាតិ និងសត្វព្រៃជាច្រើនប្រភេទនៅទីនោះ។ លោក បេន បានឱ្យដឹងថា «នៅក្នុងតំបន់ការពារធម្មជាតិភ្នំត្នោត-ភ្នំពក មានវត្តមានសត្វកម្រៗ ដូចជា ទន្សោង ខ្ទីង ប្រើស ឈ្លូស ជ្រូកព្រៃ ស្វា មាន់ព្រៃ ក្ងោក ជាដើម។ លើសពីនេះទៅទៀត អ្នកទេសចរអាចចុះហែលទឹកអូរកម្សាន្តក្នុងព្រៃ និងជិះខ្សែរ៉ត ប្រវែង៣២០មែត្រកម្ពស់៦០ម៉ែត្រពីបាតអូរដែលអ្នកទេសចរអាចគយគន់ទេសភាពដ៏ស្រស់ត្រកាលនៅតាមដងអូរចន្លោះភ្នំត្នោត។
២. ប្រាសាទព្រះវិហារ៖
បង្ហាញខ្លួនយ៉ាងអង់អាចនៅលើកំពូលភ្នំដងរែក ប្រាសាទព្រះវិហារ ប្រៀបដូចជាប្រាសាទសួគ៌ដែលប្រកបដោយឫទ្ធានុភាពដ៏អស្ចារ្យលើផែនពសុធា។ ដើម្បីទៅទស្សនាប្រាសាទព្រះវិហារ គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៦២ ចេញពីរង្វង់មូលស្រអែម ស្រុកជាំក្សាន្ត ប្រមាណ ២៣គីឡូម៉ែត្រ ទៅកាន់ទីស្នាក់ការអាជ្ញាធរជាតិព្រះវិហារ ដែលស្ថិតនៅជើងភ្នំ។ បន្ទាប់មក ភ្ញៀវទេសចរត្រូវជួលរថយន្ត pick up ជិះកាត់ផ្លូវដ៏ពត់ពែន និងចោតខ្លាំង ប្រមាណ ១៥នាទីទៀត ទើបឡើងទៅដល់កំពូលភ្នំ។ស្ថិតលើភ្នំដងរែកមានកម្ពស់ ៦២៥ម៉ែត្រ ស្ថាបត្យកម្មដ៏ល្អឯកគ្មានគូផ្ទឹមនេះ ត្រូវបានសាងសង់ឡើងលើផែនសិលា ប្រវែង ៨០០ម៉ែត្រ និងទទឹង ៤០០ម៉ែត្រ ដែលបានចែកជាគោបរៈចំនួន ៥។ ការទស្សនាប្រាសាទសួគ៌នេះ ចាប់ផ្ដើមចេញពីគោបរៈទី៥ ដែលជាសំណង់ដែលមានទំហំតូចជាងគោបរៈដទៃទៀត។ គោបរៈនេះរំលេចទៅដោយក្បាច់ចម្លាក់ដ៏ស្រស់ឆើតឆាយ គួរជាទីទាក់ភ្នែក។
៣.ទឹកធ្លាក់ព្រះនិមិត្ត៖
ទឹកធ្លាក់ព្រះនិម្មិត គឺជារមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញមួយរបស់កម្ពុជា។ អ្នកទេសចរភាគច្រើនដែលធ្វើដំណើរទៅកម្សាន្តនៅខេត្តស្ទឹងត្រែង តែងតែឆ្លៀតចូលលេងទឹកធ្លាក់ព្រះនិម្មិត បើទោះបីរមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ដស្រុកឆែប ខេត្តព្រះវិហារក៏ដោយ។ ដើម្បីទៅដល់ទឹកធ្លាក់ព្រះនិមិត្ត ភ្ញៀវទេសចរអាចធ្វើដំណើរចេញពីទីរួមខេត្តស្ទឹងត្រែង តាមផ្លូវជាតិលេខ ៩ ក្នុងរយៈចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ។ ក្រៅពីនេះ មធ្យោបាយធ្វើដំណើរដ៏គួរឲ្យរំភើបមួយទៀត គឺការជិះទូកចេញពីសហគមន៍អេកូទេសចរណ៍ព្រះរំកិល។ សន្ធឹកទឹកហូរ កាត់ផ្ទាំងថ្មតូចនេះ គឺជាអត្តសញ្ញាណល្អឯកតែមួយគ្មានពីររបស់ទឹកធ្លាក់ព្រះនិមិត្ត ដែលទាក់ចិត្តឲ្យអ្នកទេសចរចង់ទៅឃើញឲ្យបានយ៉ាងហោចណាស់ម្ដង ក្នុងមួយជីវិត។
៤.ប្រាសាទកោះកេរ៖
កោះកេរ គឺជាអតីតរាជធានីនៃអាណាចក្រខ្មែរ ដែលមានអាយុកាលជាង ១០០០ពាន់ឆ្នាំមកហើយ។ តំបន់ប្រវត្តិសាស្រ្ដមួយនេះ មានទីតាំងនៅស្រុកគូលែន ខេត្ពព្រះវិហារ ដែលមានចម្ងាយជាង ៥០គីឡូម៉ែត្រពីទីរួមខេត្ត។ អច្ឆរិយៈនៃស្ថាបត្យកម្មដ៍គួរឲ្យស្ញប់ស្ញែង គឺប្រាសាទធំ ដែលអ្នកទេសចរនិយមមកទស្សនាច្រើនជាងគេ។ បច្ចុប្បន្នអ្នកទេសចរអាចឡើងទៅកម្សាន្តនៅលើកំពូលប្រាសាទ ដើម្បីគយគន់វាលស្រែ និងភូមិឋានប្រជាពលរដ្ឋ ព្រមទាំងទេសភាពធម្មជាតិនៅជុំវិញតំបន់កោះកេរយ៉ាងស្រស់ត្រកាល។ ប្រាសាទធំ ត្រូវបានសាងសង់ឡើងពីថ្មភក់ មានសណ្ឋាន ៧ថ្នាក់ និងមានកម្ពស់ ៣៥ម៉ែត្រ។ មានរាងជាសាជីដូចពីរ៉ាមីតនៅអេហ្ស៊ីប ប្រាសាទនេះ ជាទីតាំងដំកល់សិវលិង្គ ប៉ុន្តែគួរឲ្យស្ដាយ សិវលិង្គដ៏ធំនោះ ពុំមានវត្តមាននៅលើប្រាសាទនោះទេ ៕