• 2021-09-22 02:47:13
  • ព័ត៌មាន

នំខ្មែរទាំង ៥ ប្រភេទ និយមធ្វើពេលបុណ្យភ្ជុំបិណ្ឌ កូនខ្មែរស្ទើរតែភ្លេច

  • 2021-09-22 02:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យភ្ជុំបិណ្ឌ ជារដូវកាលជួបជុំដ៏ធំមួយតាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើង និងត្រូវទៅវត្តធ្វើបុណ្យធ្វើទាន ជាឱកាសជួបជុំគ្រួសារដ៏សប្បាយរីករាយ ពិសេសគឺសម្រាប់អ្នកដែលមានញាតិមិត្ត ឬ សមាជិកគ្រួសាររស់នៅឆ្ងាយពីគ្នា ហើយមិនសូវបានជួបមុខគ្នា ។

តាមទំនៀមទម្លាប់ខ្មែរយើង ក្នុងពិធីភ្ជុំបិណ្ឌតាំងពីបរមបុរាណមក តែងធ្វើម្ហូបអាហារឆ្ងាញ់ៗ ពិសេសគឺធ្វើនំជាច្រើនប្រភេទ មានរសជាតិឆ្ងាញ់ពិសា ចែកញាតិមិត្តបងប្អូនញាំជុំគ្នា យកទៅវត្តប្រគេនព្រះសង្ឃ និងដើម្បីឧទិ្ទសកុសលដល់ជីដូនជីតាទាំង ៧សណ្តានដែលបានបាក់បែកចែកឋានទៅ នឹងទទួលនូវបានពរជ័យ ដែលធ្វើឲ្យជីវិតយើងជួយតែក្តីសុខ ចម្រើន រកស៊ីមានបាន។

កូនខ្មែរស្ទើរតែភ្លេចទៅហើយ ដូច្នេះថ្ងៃនេះ Sabay សូមរំលឹកប្រិយមិត្តបន្តិច អំពីនំខ្មែរ ៥ប្រភេទ មានរសជាតិឆ្ងាញ់ពិសា ហើយនំខ្មែរយើងទាំងនេះ គេនិយមធ្វើបំផុតក្នុងរដូវភ្ជុំ ដូចខាងក្រោម ៖

១. នំអន្សម ៖

ជានំមួយប្រភេទដែលត្រូវបានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសស្គាល់ ទាំងនៅទីក្រុង ឬទីជនបទ។ នំអន្សមមានប្រភេទដូចជា អន្សមស្នូលសណ្ដែក ស្នូលសាច់ជ្រូក ស្នូលផ្អែម និងស្នូលចេកជាដើម។ អន្សមត្រូវបានគេនិយមវេចនៅពេលពិធីបុណ្យចូលឆ្នាំ ភ្ជុំ ពិធីភ្ជាប់ពាក្យ អាពាហ៍ពិពាហ៍ និងឡើងផ្ទះជាដើម ។ គ្រឿងផ្សំមានដូចជា អង្ករដំណើប ដូងទុំ សណ្ដែក ស្ករត្នោត និងចេកទុំ។ គេច្រើនប្រើស្លឹកចេក ដើម្បីវេចខ្ចប់ និងចម្អិនដោយស្ងោរ។

២. នំបត់ ឬនំគម ៖

ជាប្រភេទនំ ប្រើម្សៅអង្ករដំណើប ខ្ចប់ដោយស្នូលសណ្ដែក ស្នូលដូង នៅខាងក្នុង ខ្ចប់រាងសំប៉ែតៗ និងចម្អិនដោយការចំហុយ។ នំប្រភេននេះ ភាគច្រើនត្រូវបានគេលក់តាមទីផ្សារ និងមានក្នុងពិធីនានានៅក្នុងទីក្រុងភ្នំពេញ។

៣. នំជាល ៖

ធ្វើពីម្សៅដំណើបលាយស្ករដាក់ក្នុងជាលតូចៗដែលទ្រាប់ស្លឹកចេកនៅបាតនិងនៅរង្វង់ជុំវិញថាសចម្អិនដោយចំហុយ។ នំនេះជាប្រភេទនំសាមញ្ញបំផុត គ្រាន់តែជានំម្សៅអង្ករដែលមានរសជាតិផ្អែមឡែមៗ។ មូលហេតុបានជាគេហៅវាថា នំជាល ព្រោះនំនេះអាចរក្សាទុកបានរយៈពេលយូររហូតរាប់ខែ ដោយទុកចោលក្នុងជាល។

៤.នំកាតំ ៖

នំនេះធ្វើឡើង ដោយអង្ករដំណើប លាយជាមួយសណ្ដែកស ឬសណ្ដែកខ្មៅ ដូងទុំ អំបិលបន្តិច និងច្រកចូលក្នុងកូនកាតំ ដែលធ្វើពីស្លឹកត្នោត រួចយកទៅស្ងោរ ដូចជានំអន្សមដែរ។ នំប្រភេទនេះ ភាគច្រើនអ្នករស់នៅតាមស្រុកស្រែឧស្សាហ៍ធ្វើលក់ ឬពិសា ប៉ុន្ដែនៅក្នុងរាជធានីភ្នំពេញកម្រមានលក់ណាស់ ។

៥.នំច័ក្កច័ន ៖

នំប្រភេទនេះច្រើនពណ៌ផ្សេងៗជាស្រទាប់ ខ្លះមានពណ៌ក្រហម លឿង បៃតង។ គេប្រើអង្ករខ្សាយ ម្សៅឆា ស្ករ អំបិល និងខ្ទិះដូង។ នំច័ក្កច័ន គេចម្អិនដោយចំហុយ។ ពលរដ្ឋខ្មែរភាគច្រើនស្គាល់នំប្រភេទនេះ ព្រោះសម្បូរមានលក់នៅលើទីផ្សារ។ «នំច័ក្កច័ន» ជាឈ្មោះនំស្រស់មួយយ៉ាងពួកនំកូរ មានស្រទាប់តម្រួតៗគ្នា ចម្រុះសម្បុរផ្សេងៗ។ គេតែងយកនំនេះធ្វើជាបង្អែមសម្រាប់ជាចង្ហាន់ប្រគេនព្រះសង្ឃក្នុងថ្ងៃភ្ជូំបិណ្ឌ ៕

អត្ថបទដកស្រង់និងស្រាវជ្រាវដោយ​៖ ស៊ូ អីន

មតិយោបល់