• 2021-09-22 05:36:58
  • ព័ត៌មាន

មណ្ឌលគីរី ដែនដីត្រជាក់ត្រជុំ បើទៅដល់ហើយ ហាមហួស ៥កន្លែងនេះ បានដល់ហើយមានក្ដីសុខខ្លាំង

  • 2021-09-22 05:36:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយដល់ដែនដីនៃទេសភាពធម្មជាតិ គេពិតជាមិនអាចមើលរំលងខេត្តមណ្ឌលគិរីបានឡើយ។ អាកាសធាតុដ៏ត្រជាក់ជាង ១០អង្សារ គឺជាចំណុចពិសេសមួយប្លែកពីខេត្តដទៃមួយហើយ តែទឹកដីនាភូមិភាគឦសាននេះ គ្របដណ្ដប់ដោសម្បុកសម្បត្តិធម្មជាតិច្រើនអនេក មានជ្រោះជ្រោង ជ្រលងដងអូរ ព្រៃភ្នំ ទឹកជ្រោះដ៏ស្អាតគ្មានផ្ទឹម ។ ថ្ងៃនេះ Sabay ​សូមនាំប្រិយមិត្តមកស្គាល់ ៥ កន្លែងនៅខេត្តមណ្ឌលគីរី ក្រុមការងារផ្លូវទៅស្រុកវគ្គ៣ធ្លាប់ទៅដល់នាពេលកន្លងទៅសុទ្ធតែស្អាតៗ និងសប្បាយបំផុតហើយ ។

១.ភ្នំអណ្ដូងស្នេហ៍

វាលស្មៅធម្មជាតិដ៏ធំល្វឹងល្វើយដូចកម្រាលព្រំ គ្របដណ្ដប់លើដីខ្ពង់រាបរាប់ពាន់ហិចតាគឺជាចំណុចដ៏ពិសេស និងទាក់ទាញក្រសែភ្នែកទេសចរឱ្យលង់នឹងសម្រស់ធម្មជាតិដ៏ត្រកាលគ្មានពីរនៃដែនដីមណ្ឌលគីរី ។ ចំណោមវាលស្មៅធម្មជាតិជាច្រើនកន្លែងក្នុងខេត្តមណ្ឌលគិរី ភ្នំអណ្ដូងស្នេហ៍គឺជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយ ដែលអ្នកទេសចរជាច្រើនប្រាថ្នាចង់ទៅ។

កម្រាលស្មៅធម្មជាតិ ក្រោមមេឃខៀវខ្ចី អមទៅដោយបរិយាកាសដ៏សែនស្ងប់ស្ងាត់នៅទីនេះ ពិតជាសក្ដិសមឥតទាស់ សម្រាប់ការសម្រាកលំហែកាយបែប picnic ជាលក្ខណៈគ្រួសារ ឬមិត្តភក្ដិ ជាពិសេសគឺសម្រាប់គូស្នេហ៍។

ទីឋានដ៏សែនរមនាមួយនេះ ស្ថិតក្នុងស្រុកអូររាំង ក្នុងខេត្តមណ្ឌលគិរី ភ្នំអណ្ដូងស្នេហ៍ មានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រពីក្រុងសែនមនោរម្យ និងចម្ងាយប្រមាណ ៥គីឡូម៉ែត្រប៉ុណ្ណោះ ពីច្រកដាក់ដាំ ព្រំដែនកម្ពុជា-វៀតណាម។ បើទេសចរប្រាថ្នាចង់ទស្សនាថ្ងៃលិច ភ្នំអណ្ដូងស្នេហ៍ គឺជាកន្លែងគយគន់ដ៏ល្អឥតខ្ចោះផងដែរ ។

២.ទឹកជ្រោះប៊ូស្រាដំណាក់ទី២

និយាយដល់ឈ្មោះខេត្តភាគឦសានមួយនេះ គេប្រាកដជាចាំច្បាស់ជាងគេ គឺទឹកជ្រោះប៊ូស្រា ។ ជ្រោះប៊ូស្រា គឺជារមនីយដ្ឋានដ៏ល្បីល្បាញមួយប្រចាំខេត្តមណ្ឌលគីរី ស្ថិតនៅស្រុកពេជ្រដា មានចម្ងាយជាង ៣៣គីឡូម៉ែត្រពីរង្វង់មូលគោព្រៃ ទីរួមខេត្តមណ្ឌលគិរី។

កន្លងទៅភ្ញៀវទេសចរ ច្រើនទៅលេងកម្សាន្ត ទឹកជ្រោះប៊ូស្រាដំណាក់ទី១ មានកម្ពស់ជាង ២០ម៉ែត្រ ជាទីពេញនិយម ប៉ុន្តែ ទឹកជ្រោះប៊ូស្រាដំណាក់ទី២ ជាទីដែលអ្នកទេសចរកម្របានឃើញ។

ដើម្បីទៅកាន់ទឹកជ្រោះដំណាក់ទី២ យើងត្រូវធ្វើដំណើរឆ្លងកាត់ព្រៃ ប្រមាណ ១៥នាទី រួចត្រូវសរសៀចុះតាមជញ្ជាំងថ្មីដ៏ចោត ដែលមានកម្ពស់ជាង ៤ម៉ែត្រ រួចបន្តដំណើរតាមជណ្ដើរឈើបែកបាក់ចុះមកក្រោម តាមផ្លូវឬស្សី។ បន្ទាប់មកយើងនឹងមកដល់ធ្លាក់លាក់ខ្លួនក្នុងធម្មជាតិដ៏ស្រស់ត្រកាលនេះ ។ ទឹកធ្លាក់ប្រឡែងជាមួយផ្ទាំងថ្មដាមានកម្ពស់ជាង ៤០ម៉ែត្រ បន្សាយទឹកបែកផ្សែង បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ទាក់ភ្នែកប្លែកពីកន្លែងដទៃ។

អ្វីដែលកាន់ពិសស និងសប្បាយប្លែកអារម្មណ៍ នៅទឹកជ្រោះប៊ូស្រាបានបន្ថែមសេវាកម្មទេសចរណ៍ថ្មីមួយទៀតដោយជិះខ្សែរ៉ត ឆ្លងពីដើមឈើមួយទៅដើមឈើមួយទៀត ។ ខ្សែរ៉តនៅទីនេះមានច្រើនដំណាក់កាល ដោយបច្ចេកទេសត្រឹមត្រូវ ដោយបំពាក់ឧបករណ៍សុវត្ថិភាពជូនភ្ញៀវទេសចរ ជិះឆ្លងកាត់នៅរយៈកម្ពស់ដ៏ខ្ពស់ ។ មិនទាន់អស់ទេនៅដំណាក់កាលចុងក្រោយខ្សែរ៉តដ៏វែងអន្លាយហោះកាត់ជ្រោះជ្រោងដ៏ជ្រោះ ដែលអាចឱ្យភ្ញៀវទេសចរគយគន់សម្រស់ទឹកជ្រោះប៊ូស្រាពីលើអាកាសយ៉ាងស្រស់ស្រាយបំផុត ។

៣.ដាក់ដាំ

ដាក់ដាំជាឃុំតូចមួយ ស្ថិតនៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលមានចម្ងាយប្រមាណ ១៦គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងសែនមនោរម្យ ។ ដាក់ដាំ ប្រជុំទៅដោយជនជាតិភាគតិចពូនងរស់នៅ មានឈ្មោះល្បីរន្ទឺ តាមរយៈវិស័យកសិកម្ម ផ្សារភ្ជាប់នឹងវិស័យទេសចរណ៍។ សព្វថ្ងៃនេះ ជនជាតិដើមភាគតិចពូនង ដែលរស់នៅតំបន់ដាក់ដាំ ភាគច្រើនប្រកបរបរកសិកម្ម ដាំស្រូវ ដាំបន្លែ ចិញ្ចឹមសត្វ និងរកអនុផលព្រៃឈើ។

បងប្អូនជនជាតិភាគតិចនៅទីនេះ នៅតែរក្សាបានប្រពៃណីវប្បធម៌របស់ខ្លួននៅដដែល ក្នុងនោះមានដូចជា ភាសា ម្ហូបអាហារ និងពិធីសែនព្រេនជាដើម។ នៅតាមផ្ទះនីមួយៗ មានតាំងពាងបុរាណ ផ្លែឃ្លោក និងឃ្មោះ ដែលជាវត្ថុដ៏មានតម្លៃសម្រាប់ជនជាតិភាគតិច។

នៅក្បែរសហគមន៍ឃុំដាក់ដាំ ភ្ញៀវទេសចរក៏អាចទៅកម្សាន្តទឹកធ្លាក់មួយកន្លែងដែលមានឈ្មោះថា ទឹកធ្លាក់ដាក់ដាំ ឬទឹកធ្លាក់ជ្រៃធំ។ទឹកធ្លាក់នៅទីនោះ មិនត្រឹមតែបម្រើឲ្យវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាប្រភពទឹកសម្រាប់ស្រោចស្រប់ចម្ការដំណាំគ្រប់ប្រភេទប្រចាំតំបន់នេះផងដែរ។

បច្ចុប្បន្ន បងប្អូនជនជាតិដើមភាគតិចបានចងក្រងគ្នាបង្កើតជាសហគមន៍មួយ ដែលបានរៀបចំជាផ្ទះស្នាក់ សម្រាប់បម្រើសេវាកម្មទេសចរណ៍ថែមទៀតផង។

៤.ភ្នំណាមលៀរ

ទីកន្លែងដ៏អស្ចារ្យមួយទៀតភ្ញៀវទេសចរ មិនគួរមើលរំលង គឺភ្នំណាមលៀរ ស្ថិតនៅជាយដែនភាគឦសាន នៃប្រទេសកម្ពុជា ភ្នំណាមលៀរ មានចម្ងាយប្រមាណ ៤៨គីឡូម៉ែត្រពីក្រុងសែនមនោរម្យ និងត្រឹម ៤គីឡូម៉ែត្រពីព្រំដែនកម្ពុជា- វៀតណាម ស្ថិតនៅក្នុងស្រុកពេជ្រដា។

ក្នុងដំណើរឡើងទៅជំរាលភ្នំដ៏ខ្ពស់ និងចោតនេះ បានផ្ដល់ឲ្យអ្នកទេសចរនូវដំណើរផ្សេងព្រេងបែបថ្មីមួយ។ ទស្សនីយភាពនៅជុំវិញភ្នំ បានជួយកំដរអារម្មណ៍ និងផ្ដល់ជាចំណីចក្ខុដល់អ្នកដំណើរជាប់ជានិច្ច។ ពេលឡើងដល់កំពូលភ្នំ អ្នកទេសចរនឹងប្លែកអារម្មណ៍កាន់តែខ្លាំង ជាមួយបរិយាកាសដ៏ស្រឡះល្អ ខ្យល់ជំនោរបក់បោកយ៉ាងត្រជាក់ និងអាចគយគន់ទេសភាពព្រៃប្រឹក្សាយ៉ាងខៀវស្រងាត់ បានយ៉ាងច្បាស់។ ទិដ្ឋភាពទាំងអស់នេះ ធ្វើឲ្យភ្នំណាមលៀរ ក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញមួយ ក្នុងចំណោមតំបន់ភ្នំដទៃទៀត។

គ្រប់ដណ្ដប់លើផ្ទៃដី ៨ហិចតា ភ្នំណាមលៀរ មិនត្រឹមតែតំបន់ទេសចរណ៍ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីតាំងប្រវត្តិសាស្រ្ដនៃជនជាតិដើមពូនងផងដែរ។

៥.ទស្សនាដំរីព្រៃធម្មជាតិភូមិពូតាំង

ភូមិពូតាំង ជាតំបន់ទេសចរណ៍បែបធម្មជាតិមួយនៃខេត្តមណ្ឌលគិរី មានចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។ តំបន់នេះ មិនត្រឹមតែសំបូរទៅដោយជនជាតិពូនងរស់នៅប៉ុណ្ណោះទេ តែក៏ជាជម្រកដ៏សំខាន់របស់ហ្វូងសត្វដំរីស្រុកនៃខេត្តមណ្ឌលគិរីផងដែរ។

សព្វថ្ងៃនេះ នៅភូមិពូតាំង មានសត្វដំរីស្រុករស់នៅចំនួន ៦ក្បាល ក្រោមគម្រោងអភិរក្សផ្សេងៗគ្នា។ គម្រោងអភិរក្សទាំងនេះ ចិញ្ចឹម និងថែរក្សាសត្វដំរីតាមរបៀបជីវិតក្នុងធម្មជាតិ ដោយដាក់ឲ្យដំរីរ់សនៅក្នុងព្រៃ រកចំណី និងដើរលេងតាមការចូលចិត្ត។

ភ្ញៀវទេសចរដែលចាប់អារម្មណ៍ អាចទៅស្វែងយល់ពីជីវិតឥតកង្វល់របស់សត្វដំរីតាំងនេះបាន ដោយធ្វើដំណើរថ្មើរជើងចេញពីភូមិពូតាំង ឆ្ពោះទៅកាន់ព្រៃដែលសត្វដំរីរស់នៅ។

ដំណើរកាត់តាមភូមិស្ថាន និងចម្ការរបស់អ្នកភូមិដែលប្រើរយៈពេលប្រមាណ ៣០នាទី នឹងនាំភ្ញៀវទេសចរទៅដល់អូរទេ ដែលមានទឹកហូរត្រជាក់ល្ហឹម ក្រោមម្លប់ឈើត្រឈឹងត្រឈៃ។ ទីនេះជាកន្លែងដែលពពួកសត្វដំរីនិយមចូលចិត្តសម្រាកលម្ហែជារៀងរាល់ថ្ងៃ ខ្លះបេះស្លឹកឈើឆី ខ្លាចទារចំណីពីដៃអ្នកទេសចរ ហើយខ្លះទៀតចុះលេងទឹកអូរបំបាត់ភាពក្ដៅ។ ចំណែកអ្នកទេសចរដែលស្អុះស្អាប់ ក៏អាចចុះហែលទឹកលេងជាមួយដំរីដ៏រួសរាយទាំងនេះបានផងដែរ៕

មតិយោបល់