• 2021-09-29 09:36:29
  • ព័ត៌មាន

អ្នកបើកបរយានយន្តតិចអត់ដឹង ទាំងនេះជាលក្ខខណ្ឌកាត់ពិន្ទុនៃប័ណ្ណបើកបរ

  • 2021-09-29 09:36:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមមាត្រា៤៣ នៃច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា គ្រប់អ្នកបើកបរយានយន្តត្រូវមានប័ណ្ណបើកបរ ហើយប័ណ្ណបើកបរ ត្រូវមានប័ណ្ណពិន្ទុដែលមានពិន្ទុសរុបចំនួន១២ពិន្ទុ ហើយចំនួនពិន្ទុនេះនឹងត្រូវកាត់បន្ថយនៅពេលប្រព្រឹត្តបទល្មើសចរាចរណ៍ ដែលមានដូចខាងក្រោម :

ត្រូវកាត់បន្ថយ ១ពិន្ទុ :

  • មិនពាក់ខែ្សក្រវាត់ ឬមួកសុវត្ថិភាព

  • ប្រើភ្លើងហ្វានៅពេលជួបយានមកពីទិសផ្ទុយ

  • បើកបរជាន់តាមខែ្សគំនូសបង្អូតកណ្តាលទ្រូងផ្លូវ

  • បើកបរលើសល្បឿនកំណត់ចាប់ពី ១ ទៅ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង

  • បើកបរនៅពេលយប់ដោយគ្មានភ្លើងគ្រប់គ្រាន់ តាមប្រភេទយានយន្ត

  • ការផ្ទុកមនុស្សជិះលើសកំណត់

ត្រូវកាត់បន្ថយ ២ពិន្ទុ :

  • បើកបរលើសល្បឿនកំណត់ចាប់ពី ២០ ទៅ ២៩គីឡូម៉ែត្រក្នុងមួយម៉ោង

  • បើកបរបង្កើនល្បឿន នៅពេលគេកំពុងជែងខ្លួន

  • ការបត់ឆេ្វង ស្តាំមិនបានត្រឹមត្រូវ

  • ការបត់ត្រឡប់ក្រោយ នៅកនែ្លងហាមឃាត់

  • ការមិនគោរពល័ក្ខខ័ណ្ឌនៃប័ណ្ណបើកបរ

  • ការបត់ឆេ្វង ស្តាំ ឬឈប់មិនបានឲ្យសញ្ញាជាដំណឹង

  • ការជែង ឬជៀសមិនបានត្រឹមត្រូវ

  • បើកបរដោយគ្មានទុកចន្លោះសុវត្ថិភាពត្រឹមត្រូវ

  • បើកបរដោយធេ្វសប្រហែស ធ្វើឲ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត

  • មិនបានឲ្យសញ្ញាជាដំណឹងត្រឹមត្រូវនៅពេលចេញដំណើរ

  • យានមានលក្ខណបចេ្ចកទេសមិនត្រឹមត្រូវ

  • ផ្ទុកទំនិញមិនបានត្រឹមត្រូវ

  • ចតយាននៅលើគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់

  • ឈប់ ឬចតនៅលើកនែ្លងគំនូសតម្រឹមទ្រូងផ្លូវ

  • ដាក់ក្មេងអាយុក្រោម ១០ឆ្នាំឲ្យអង្គុយនៅកៅអីផែ្នកខាងមុខនៃរថយន្តដោយគ្មានមនុស្សចាស់អង្គុយជាមួយ

  • មិនបានដាក់ក្មេងអាយុក្រោម ៥ឆ្នាំអង្គុយក្នុងកៅអីពិសេសសម្រាប់ក្មេងអង្គុយ ឬដេក

ត្រូវកាត់បន្ថយ ៣ពិន្ទុ :

  • ការឈប់ ឬចតនៅកនែ្លងដែលគ្រោះថ្នាក់

  • ការជែងដែលប្រកបដោយគ្រោះថ្នាក់

  • បើកបរជែងគ្នានៅកនែ្លងហាមឃាត់

  • ការប្តូរទិសគ្មានឲ្យសញ្ញាជាដំណឹង

  • បើកបរឆ្លងកាត់គំនូសបង្អូតជាប់កណ្តាលទ្រូងផ្លូវ

  • បើកបរលើសល្បឿនកំណត់ចាប់ពី ៣០ ទៅ ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង

  • បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,២៥ទៅ ០,៣៩មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥ទៅ ០,៧៩ក្រាមក្នុងមួយលីត្រឈាម

  • ប្រណាំងគ្នាតាមផ្លូវដោយគ្មានច្បាប់អនុញ្ញាត

  • កំហុសនៃការឈប់ ឬមិនផ្តល់សិទ្ធិអាទិភាពនៅកនែ្លងថ្មើរជើងឆ្លងកាត់

  • មិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌‌ក្រហម

  • មិនគោរពផ្លាកសញ្ញាឈប់ ឬសញ្ញាសិទ្ធិអាទិភាព

  • មិនគោរពសញ្ញាបញ្ជាចរាចរណ៍របស់នគរបាលចរាចរណ៍

ត្រូវកាត់បន្ថយ ៤ពិន្ទុ :

  • បើកបរលើសល្បឿនកំណត់ចាប់ពី ៤០ ទៅ ៤៩គីឡូម៉ែត្រក្នុងមួយម៉ោង

  • បើកបរមិនគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ

  • ការបើកបរទន្ទឹមគ្នា

  • ការធ្វើឲ្យស្ទះចរន្តចរាចរណ៍

  • មិនបានផ្តល់សិទ្ធិអាទិភាពឲ្យយានយន្តមានសិទ្ធិអាទិភាព

  • ទំនិញធ្លាក់ពីលើយាន

  • បើកបរប្រញ្ចាសទិសចរាចរណ៍

  • បើកបរដែលប្រកបដោយគ្រោះថ្នាក់

ត្រូវកាត់បន្ថយ ៦ពិន្ទុ :

  • បើកបរលើសល្បឿនកំណត់ចាប់ពី ៥០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ

  • បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ឬ មាន ឥទ្ធិពល គ្រឿងញៀន

  • រត់គេចខ្លួនពេលមានគ្រោះថ្នាក់ចរាចរណ៍

  • ការប្រើប្រាស់ផ្លាកលេខ និងប័ណ្ណសម្គាល់យានយន្តកែ្លងក្លាយ

  • បើកបរខុសច្បាប់ចរាចរណ៍ ហើយបង្កឲ្យមានអ្នករបួសដោយអចេតនា

  • បើកបរខុសច្បាប់ចរាចរណ៍ ហើយបង្កឲ្យមានអ្នកស្លាប់ដោយអចេតនា ក្នុងករណីប័ណ្ណបើកបរត្រូវព្យួរទុក ដូចមានចែងក្នុងចំណុច២,ខ នៃមាត្រា៦៥ នៃច្បាប់នេះ

  • កំហុសនៃការប្រើប្រាស់ប័ណ្ណបើកបរជាដដែលៗ

  • បដិសេធមិនឲ្យធ្វើតេស្តជាតិអាកុល ឬគ្រឿងញៀន

  • រត់គេចពីមន្រ្តីនគរបាលចរាចរណ៍

  • ផ្ទុកមនុស្សលើទំនិញដែលប្រកបដោយគ្រោះថ្នាក់

សម្គាល់៖ ក្នុងករណីអស់ពិន្ទុទាំង១២ ប័ណ្ណបើកបរត្រូវទុកជាមោឃៈ ហើយក្នុងករណីប័ណ្ណបើកបរត្រូវទុកជាមោឃៈដោយការកាត់បន្ថយពិន្ទុអស់ អ្នកបើកបរត្រូវរៀន និងប្រឡងយកប័ណ្ណបើកបរជាថ្មីឡើងវិញក្នុងរយៈពេល៦ខែដោយឆ្លងកាត់ការត្រួតពិនិត្យសុខភាព៕

ប្រភព៖ ច្បាប់ចរាចរណ៍ផ្លូវគោក

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទថ្មី