• 2021-10-01 06:53:55
  • ព័ត៌មាន

មកដឹងប្រវត្តិឈ្មោះខេត្តពោធិ៍សាត់ ឱ្យកាន់តែស៊ីជម្រៅ កុំឱ្យមានការភាន់ច្រឡំទៀត

  • 2021-10-01 06:53:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ពោធិ៍សាត់” គឺ​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត-ក្រុង ចំនួន ២៥​របស់​កម្ពុជា។ ខេត្ត​នេះ​មាន​ផ្ទៃ​ដី​សរុប ១២,៦៩២​គីឡូម៉ែត្រ​ការ៉េ ឋិត​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស មាន​ព្រំប្រទល់​ជាប់​​ខេត្ត​កំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង និង​ខេត្ត​បាត់ដំបង។ បច្ចុប្បន្ន​នៅ​មាន​ពលរដ្ឋ​មួយ​ចំនួន​លំបាក​ក្នុង​ការ​កំណត់​យក​និយមន័យ​នៃ​អត្តសញ្ញាណ​របស់​ខេត្ត​ពោធិ៍សាត់ និង​ការ​សរសេរ​ឈ្មោះ​ខេត្ត​មួយ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ។

មន្ទីរ​​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ពោធិ៍សាត់ បាន​លើក​យក​ឯកសារ​សម្អាង​ចំនួន​ពីរ​ក្នុង​ការ​ឲ្យ​និយមន័យ និង​សរសេរ​ឈ្មោះ​ខេត្ត​ពោធិ៍សាត់ គឺ​ទី​មួយ​វចនានុក្រម​សម្ដេច​សង្ឃរាជ ជួន ណាត និង​ទីពីរ សៀវភៅ​កម្ពុជ​សុរិយា ដែល​បោះពុម្ព​នៅ​ឆ្នាំ​២០០៣។ យោង​តាម​ឯកសារ​ទាំង​ពីរ​នេះ​បញ្ជាក់​ថា ពាក្យ “ពោធិ៍សាត់ (Pursat)” គឺ​ជា​ពាក្យ​ត្រឹមត្រូវ​របស់​ខេត្ត​នេះ មិនមែន “ពោធិសាត់ (Podhisat)” នោះ​ទេ។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ឡាច ផេងលី មាន​ប្រសាសន៍​ថា ការ​ឲ្យ​និយមន័យ និង​សរសេរ​ឈ្មោះ​ខេត្ត​ពោធិ៍សាត់ ខុស គឺ​ជា​កំហុស​មួយ​ត្រូវ​កែប្រែ​ជា​បន្ទាន់​ដើម្បី​កុំ​ឲ្យ​ក្មេង​ជំនាន់​ក្រោយៗ​ភាន់ច្រឡំ។ លោក​នឹង​ព្យាយាម​កែតម្រូវ​មិន​ឲ្យ​មាន​ការ​សរសេរ​ឈ្មោះ ឬ​ឲ្យ​និយមន័យ​ពីរ​បី​ទាក់ទង​នឹង​ខេត្ត​ពោធិ៍សាត់ ស្រេច​តែ​មនុស្ស​នឹក​ឃើញ​នោះ​ទេ ដោយ​រាប់​ទាំង​ការ​សរសេរ​នៅ​លើ​ស្លាក​លេខ​ម៉ូតូ​ជាដើម៖ «អ៊ីចឹង​ឈ្មោះ​ខេត្ត​ពោធិ៍សាត់ មិន​មែន​ជា​ពាក្យ​អាទិទេព​អី​ទេ គឺ​ដក​ស្រង់​ចេញ​ពី​បាលី​មក ពោធិ៍ ឈ្មោះ​ដើម​ពោធិ៍ ពោធិ៍​ហ្នឹង​រសាត់ អ៊ីចឹង​ពាក្យ​ហ្នឹង​គេ​អាន​ពីរ​ម៉ាត់ គឺ​ពោធិ៍សាត់។ បច្ចុប្បន្ន​ដែល​សរសេរ​ផ្លូវការ​នៅ​ក្នុង​ផែនទី​គេ​ដាក់ PURSAT ពាក្យ​ហ្នឹង​ត្រឹមត្រូវ តែ​បើ​នរណា​ពោធិ ខុស​ហើយ។ អ៊ីចឹង​ស្លាក​លេខ​ម៉ូតូ​នៅ​ថ្ងៃ​អនាគត មន្ទីរ​វប្បធម៌​នឹង​ស្នើ​ទៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សូម​ឲ្យ​កែតម្រូវ​ឡើង​វិញ»។

តាម​ពាក្យ​ពី​ព្រេងនាយ​ដំណាល​ថា មាន​ដើម​ពោធិ៍​មួយ​ដើម​រសាត់​ច្រាស​ទឹក​ដ៏​ប្លែក​អស្ចារ្យ ឃើញ​ដូច្នេះ​អ្នក​ស្រុក​ក៏​នាំ​គ្នា​យក​ខ្សែ​ពួរ​ទៅ​ទាក់​ចង​តែ​មិន​ជាប់ ហើយ​បន្ត​រសាត់​ដល់​កន្លែង​មួយ​ត្រង់​ខាង​មុខ​ទី​ប្រាសាទ​ព្រះខ័ន។ រសាត់​មក​ដល់​ទី​នេះ ព្រះសង្ឃ និង​អ្នក​ស្រុក បាន​រៀបចំ​គ្រឿង​ពលីការ​បូជា​ទៀន ធូប ផ្កាភ្ញី ដោយ​អធិដ្ឋាន​បួង​សួង​សុំ​យាង​ដើម​ពោធិ៍ ដើម្បី​ប្រតិដ្ឋាន​ដាំ​ទុក​នៅ​ទីតាំង​នោះ។

ព្រះសង្ឃ​បាន​យក​ខ្សែ​អំបោះ ៧​សរសៃ​ទៅ​ចង​ដើម​ពោធិ៍​ រួច​ប្រគំភ្លេង​ពិណពាទ្យ​ថ្វាយ​ដើម​ពោធិ៍ ស្រាប់​តែ​ដើម​ពោធិ៍​នោះ ត្រូវ​បាន​អ្នក​ស្រុក​អូស​តាម​ជម្រាល​ដី​ឡើង​ច្រាំង​ខាង​កើត​ប្រាសាទ​ព្រះខ័ន បាន​ដោយ​ងាយ។ អ្នក​ស្រុក​ក៏​ស្រែក​អឺងកង​ឡើង​ថា “បានការ…បានការ” ហើយ​ទួល​នេះ​បាន​ជាប់​ឈ្មោះ “ទួល​បានការ” ត​រៀង​មក ដែល​បច្ចុប្បន្ន​ទួល​នេះ ឋិត​នៅ​ខាង​កើត​វត្ត​បាកាន ក្នុង​ទឹកដី​ស្រុក​បាកាន។

ដោយសារ​ប្រាសាទ​ព្រះខ័ន មាន​បារមី​ខ្លាំង​ពូកែ និង​បួងសួង​សុំ​កំណប់​ទ្រព្យ​អ្វី​បាន​នោះ ដំណឹង​បាន​លេច​ឮ​ដល់​កងទ័ព​សៀម ដែល​នៅ​ក្បែរ​ព្រំដែន​ស្វាយដូនកែវ និង​ចង់​មក​ជីក​យក​វត្ថុ​មាន​តម្លៃ​ទាំង​នោះ។ អ្នកស្រុក និង​ព្រះសង្ឃ​ក៏​នាំ​គ្នា​លើក​ដី​ពូន​លុប​ប្រាសាទ ក្នុង​បំណង​លាក់​ទុក​អាថ៌កំបាំង​ដោយ​យក​ដើម​ពោធិ៍​ទៅ​ដាំ​លើ​ចំហៀង​កូន​ភ្នំ និង​ប្ដូរ​ឈ្មោះ​មក​ជា “បាកាន” វិញ ដែល​បច្ចុប្បន្ន​គេ​ហៅ​ថា ស្រុក​បាកាន។

ក្រៅ​ពី​ខ្លឹមសារ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​កម្ពុជសុរិយា​ឆ្នាំ​២០០៣ ត្រង់​ទំព័រ ៦២​នេះ នៅ​ក្នុង​វចនានុក្រម​សម្ដេច​សង្ឃរាជ ជួន ណាត ត្រង់​ទំព័រ ៧៧៩ បញ្ជាក់​ថា ពោធិ៍សាត់ គឺ​ជា​ឈ្មោះ​ខេត្ត​មួយ​ក្នុង​កម្ពុជា​រដ្ឋ នៅ​ជាប់​ខាង​កើត​ខេត្ត​បាត់ដំបង។ តាម​ពាក្យ​ដំណាល​ពី​ព្រេងនាយ​ថា មាន​ដើម​ពោធិ៍​តូច​មួយ​រសាត់​ច្រាស​ទឹក​មក​ជា​អស្ចារ្យ​ប្លែក ហើយ​គេ​បាន​ស្រង់​យក​ទៅ​ដាំ​នៅ​កន្លែង​មួយ។ ដោយ​ហេតុ​ដូច្នេះ ទើប​ឲ្យ​ឈ្មោះ​ភូមិ​ប្រទេស​នោះ​ថា ពោធិ៍សាត់ ព្រោះ​ពាក្យ​ថា រសាត់ និង​សាត់ ជា​ពាក្យ​តែ​មួយ​អាច​ប្រើ​ជួស​គ្នា​បាន។ លុះ​សំណេរ​ជា​យូរ​អង្វែង​មក បាន​ក្លាយ​ជា “ពោធិ៍សាត់” រហូត​ដល់​សព្វថ្ងៃ។

កាល​ពី​ដើម ខេត្ត​ពោធិ៍សាត់ មាន​សក្ដានុពល​សេដ្ឋកិច្ច​សំខាន់ៗ​ចំនួន​បួន គឺ​វិស័យ​កសិកម្ម នេសាទ ការ​ទាញ​យក​អនុផល​ព្រៃឈើ និង​ធនធាន​ថ្មកែវ។ ដើម្បីចង់​បង្ហាញ​ពី​សក្ដានុពល​នៃ​ចម្លាក់​ថ្មកែវ អាជ្ញាធរ និង​មន្ត្រី​ជំនាញ ​បាន​សម្រេច​សង់​រូប​ផ្ដិល​ដ៏​ធំ​នេះ​ នៅ​ចំកណ្ដាល​ទ្រូង​ផ្លូវ​ជាតិ​លេខ​៥​​ នា​ក្រុង​ពោធិ៍សាត់។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ពោធិ៍សាត់ លោក ឡាច ផេងលី ឲ្យ​ដឹង​ថា កន្លង​ទៅ​មន្ទីរ​ក៏​ចង់​យក​ដើម​ពោធិ៍ ធ្វើ​ជា​អត្តសញ្ញាណ​របស់​ខេត្ត​ដែរ ប៉ុន្តែ​មិន​ដឹង​សង់​យ៉ាង​ណា​ឲ្យ​សមសួន ឬ​ត្រូវ​ទៅ​នឹង​សក្ដានុពល​របស់​ខេត្ត​ពោធិ៍សាត់។ ក្រោយ​មក​ក្រុម​ប្រឹក្សា និង​គណៈ​អភិបាល​ខេត្ត​ដែល​កាល​ណោះ​ដឹកនាំ​ដោយ​លោក ខូយ សុខា បាន​សម្រេច​សង់​រូប​សំណាក​ផ្ដិល​នេះ​ឡើង​នៅ​ដើម​ឆ្នាំ​២០១៤៖ «ក្បាច់​រចនាបថ​ដែល​ឆ្លាក់​នៅ​លើ​ផ្ដិល​នេះ តំណាង​ឲ្យ​ពោធិ៍សាត់ ដែល​ពី​យូរលង់​ណាស់​មក​ហើយ មាន​ជាង​ចម្លាក់​ក្បាច់​ខ្មែរ​យើង​នៅ​ក្នុង​ឯកសារ​បង្ហាញ​ថា មាន​តែ​ខេត្ត​ពោធិ៍សាត់ យើង​ទេ ដែល​ឆ្លាក់​ថ្មកែវ​ហ្នឹង។ ចំណុច​ទី​២ សំខាន់ គឺ​តំណាង​ឲ្យ​ខេត្ត​ពោធិ៍សាត់ មាន​ជាប់​បឹង​ទន្លេសាប ហើយ​បង​ប្អូន​យើង​ទាំង​អស់​ប្រើប្រាស់​ផ្ដិល​គ្រប់​ផ្ទះ និង​តំណាង​ឲ្យ​សេចក្ដី​សុខ។ ទី​៣ តំណាង​ឲ្យ​ជង្រុក​ទឹក​ស្រោចស្រព​ស្រែចម្ការ ហើយ​បច្ចុប្បន្ន​គេ​អភិវឌ្ឍ​ខេត្ត​ពោធិ៍សាត់ គេ​យក​វារីអគ្គិសនី​ក៏​ចេញ​ពី​ខេត្ត​ពោធិ៍សាត់ ដែរ»។

លោក ឡាច ផេងលី បាន​លើក​ហេតុផល​បន្ថែម​ទៀត​លើ​ការ​សម្រេច​ដាក់​រូប​សំណាក​ផ្ដិល ជំនួស​ដើម​ពោធិ៍ ដែល​ត្រូវ​ទៅ​នឹង​ឈ្មោះ​ខេត្ត និង​ប្រវត្តិ​ទាក់ទង​តាំង​ពី​ព្រេងនាយ​នោះ​ថា ការ​ពិត​គេ​មិន​ចង់​ដាក់​រូប​សំណាក​ដើម​ពោធិ៍​ពីរ ឬ​បី​នោះ​ទេ ខណៈ​ដែល​រូប​សំណាក​ដើម​ពោធិ៍​ក៏​មាន​មួយ​ដើម​ហើយ​ដែរ នៅ​ក្នុង​បរិវេណ​វត្ត​ពោធិ៍​មាន​បុណ្យ ឋិតនៅ​ភូមិ​ដង្កៀបក្ដាម ឃុំ​ស្នាមព្រះ ស្រុក​បាកាន៕

*សូមបញ្ជាក់ថា ផ្អែកតាមឯកសារយោង ភូមិសាស្ត្រខ្មែរ របស់លោក ឌឹក គាម បានឲ្យដឹងថា ខេត្តពោធិ៍សាត់ មានស្រុកចំនួន៣ធំៗ គឺស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកក្រគរ។ ដោយឡែកគោរមងារចៅហ្វាយខេត្តពោធិ៍សាត់ និងចៅហ្វាយស្រុកទាំង៣ រួមមាន៖

-ចៅហ្វាយខេត្ត៖ ឧកញ៉ា សួគាលោក ឥន្ទ្រាឫទ្ធិវិជិតសក្តា មហានិគមធរណិន្ទ ស័ក្តិអគ្គសេនាមហាមាត្យ ឧត្តមក្រមពាហុ

-ភួឈួយខេត្ត៖ សុគ៌ាសមសក្តិ

-បាឡាត់ខេត្ត៖ ពិភ័ក្តិរឿងឫទ្ធិ

-ចៅហ្វាយស្រុកបាកាន៖ សូគ៌ាធិបតី

-បាឡាត់ស្រុកបាកាន៖ ពិនិត្យរឿងរង្គ

-ចៅហ្វាយស្រុកភ្នំក្រវាញ៖ អរញ្ញធិបតី

-ចៅហ្វាយស្រុកក្រគរ៖ ជំនិះសង្គ្រាម

-បាឡាត់ស្រុកក្រគរ៖ ពិជិតសង្គ្រាម

ប្រភព ៖ រដ្ឋបាលខេត្តពោធិ៍សាត់

មតិយោបល់