• 2021-10-09 02:19:08
  • ព័ត៌មាន

វិធីសាស្ត្រងាយៗក្នុងជួយឲ្យកូនៗរបស់លោកអ្នកអាចរៀនពីចំណេះដឹងហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធិភាព

  • 2021-10-09 02:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតណាស់ សាលាភាគច្រើន ត្រូវបានកំណត់ឲ្យបង្រៀនមុខវិជ្ជា និងជំនាញជាច្រើនប្រភេទ ដូចជាអក្សរសាស្ត្រ គណិតវិទ្យា និងវិទ្យាសាស្ត្រ ជាដើម ដើម្បីជួយឲ្យកូនៗរបស់លោកអ្នកមានមូលដ្ឋានគ្រឹះផ្នែកចំណេះដ៏រឹងមាំ មុននឹងឈានជើងចូលមហាវិទ្យាល័យ ឬធ្វើការក្នុងកម្រិតពិភពលោក។

នាំមកជូនដោយ៖ Manulife -គាំទ្រការស្រឡាញ់សុខភាព

ជាមួយគ្នានេះ ជាទូទៅប្រព័ន្ធអប់រំថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យ សង្កត់ធ្ងន់ការផ្តល់ចំណេះដឹងទូទៅ ប៉ុន្តែ មិនមានសាលាច្រើនឡើយ ដែលបង្រៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សិស្សានុសិស្ស។ បើយោងទៅតាមការស្រាវជ្រាវនានា ការបង្រៀនចំណេះដឹង និងជំនាញទៅលើការចំណាយប្រាក់ប្រកបដោយប្រសិទ្ធិភាពដល់ក្មេងៗតាំងពីកុមារភាព ពិតជាមានសារសំខាន់ណាស់ក្នុងការជួយឲ្យពួកគេទទួលសម្រេចបាននូវសន្តិសុខហិរញ្ញវត្ថុ និងទទួលបានភាពជោគជ័យ ពេលពួកគេធំពេញវ័យ។

ជាមួយគ្នានេះផងដែរ ឪពុកម្តាយដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្រៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់កូនៗរបស់របស់ខ្លួនតាំងពីកុមារភាព ពិសេសទៅលើចំណូល និងចំណាយប្រាក់ប្រកបដោយប្រសិទ្ធិតែម្តង។

ខាងក្រោមនេះគឺជាវិសាស្ត្រងាយៗក្នុងជួយឲ្យកូនៗរបស់លោកអ្នកអាចរៀនពីចំណេះដឹងហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធិភាព៖

១. លេងហ្គេមជាមួយកូនៗទាក់ទងនឹងសាច់ប្រាក់

វិសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រដ៏ល្អបំផុតក្នុងការបង្រៀនមេរៀនមួយ គឺការព្យាយាមធ្វើយ៉ាងណាមិនឲ្យកូនរបស់អ្នកដឹងថា ពួកគេកំពុងតែរៀនសូត្រ។ ការបង្កើតការលេងហ្គេមនានាជាមួយកូនៗ ដែលទាក់ទងនឹងចំណេះដឹងនៃចំណូល និងចំណាយប្រាក់ជាដើម នឹងជួយឲ្យពួកគេមានចំណេះដឹងលើការគ្រប់គ្រងសាច់ប្រាក់ តាមរយៈការលេងហ្គេមនេះ។ ការធ្វើបែបនេះ នឹងជួយឲ្យកូនៗរបស់អ្នកដឹងពីសារសំខាន់នៃការកំណត់គម្រោងថវិកា ឬការចាយវាយ និងធ្វើផែនការសម្រាប់អនាគត ជាដើម។

២. បង្កើតបញ្ជីរាយឈ្មោះសម្ភារដែលចង់បាន ជាមួយនឹងកូនៗរបស់អ្នក

ផ្នែកដ៏សំខាន់ការបង្ហាត់បង្រៀនពីចំណេះដឹងហិរញ្ញវត្ថុ គឺការបង្កើតបញ្ជីសម្ភារ ដែលមានតម្រូវការចាំបាច់ និងរបស់របរដែលចង់បាន។ យើងមិនអាចមានរាល់វត្ថុដែលយើងចង់បានក្នុងពេលតែមួយឡើយ ប៉ុន្តែ យើងអាចសម្រេចគោលដៅរបស់យើង ប្រសិនបើមានផែនការច្បាស់លាស់ ហើយ នេះក៏គឺជាមេរៀនដ៏ល្អបំផុតដែលកុមារអាចរៀនសូត្របាន ផងដែរ។ លោកអ្នកអាចជជែកលេងជាមួយកូនរបស់អ្នក និងប្រាប់ឲ្យគេសរសេរសម្ភារ ឬវត្ថុចំនួន៥ដែលពួកគេចង់បាន។

បន្ទាប់មក ឲ្យពួកគេដាក់លេខរៀងលើវត្ថុដែលពួកគេចង់បានបំផុត រហូតវត្ថុដែលមិនសូវចង់បាន។ បន្ទាប់មក រៀបចំផែនការជាមួយនឹងកូនរបស់អ្នក ដើម្បីធ្វើយ៉ាងណាដើម្បីទទួលវត្ថុដែលចង់បានបំផុតនោះ ខណៈដែលការធ្វើបែបនេះ នឹងជួយឲ្យពួកគេដឹងថា វត្ថុណាជាតម្រូវការចាំបាច់ ហើយវត្ថុណាទៀតជាតម្រូវការមិនសូវចាំបាច់។

៣. បង្រៀនកូនរបស់អ្នក ពេលអ្នកដើរទិញឥវ៉ាន់

លោកអ្នកគួរតែយកកូនរបស់អ្នកទៅតាម ពេលទៅទិញឥវ៉ាន់ និងពន្យល់ពួកគេឲ្យបានច្បាស់ពីដំណើរការនៃការសម្រេចចិត្តទិញ។ នៅពេលដែលអ្នកទៅដល់ហាង ប្រាប់កូនរបស់អ្នកពីចំនួនសាច់ប្រាក់ដែលអ្នកត្រូវតែចំណាយ និងសម្ភារ ឬវត្ថុណាដែលចាំបាច់ជាងគេ។ ប្រាប់ពីហេតុផលដែលអ្នកត្រូវតែទិញសម្ភារនោះ និងពន្យល់ពីសំណុចផ្សេងៗដូចជា ការបញ្ចុះតម្លៃ និងការតថ្លៃ ជាដើម។ ការធ្វើបែបនេះ នឹងជួយឲ្យកូនៗរបស់អ្នករៀនសូត្រពីចំណេះដឹងជាច្រើន ហើយពួកគេនឹងយកអ្នកជាគំរូ។

បន្ទាប់មក ផ្តល់ប្រាក់ឲ្យពួកគេប្រហែលជា៥០០០ ឬ១ម៉ឺនរៀល ដើម្បីឲ្យពួកគេចំណាយដោយខ្លួន។ កូនៗរបស់អ្នកនឹងរីករាយក្នុងការទិញរបស់របរដែលពួកគេចង់បាន ហើយក៏បានរៀនពីសារសំខាន់នៃការចំណាយផងដែរ។

៤. ទិញកូនជ្រូក និងប្រអប់ដាក់លុយឲ្យកូនៗ

ពិតណាស់ វិធីនេះ អាចបុរាណបន្តិច ប៉ុន្តែ ការទិញកូនជ្រូកដី ឬប្រអប់ឲ្យកូនតូចរបស់អ្នក ដើម្បីសន្សំប្រាក់ គឺជាវិធីដ៏មានប្រសិទ្ធិភាពមួយក្នុងការបង្រៀនឲ្យពួកគេចេះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពិសេសការចេះសន្សំសំចៃតែម្តង។ ពិតណាស់ ការបង្រៀនកូនឲ្យចេះសន្សំតាំងពីកុមារភាព ពិតជាមានសារសំខាន់ណាស់ ព្រោះពួកគេអាចចេះបែងចែកប្រាក់ដែលសន្សំ និងប្រាក់ដែលត្រូវចំណាយប្រកបដោយប្រសិទ្ធិភាព ពិសេសអាចទិញរបស់របរដែលពួកគេចង់បានដោយមិនចាំបាច់ត្រូវការប្រាក់ពីឪពុកម្តាយក៏ថាបាន ដោយសារតែប្រាក់សន្សំនោះ។

៥. ផ្តល់កញ្ចប់ប្រាក់ឧបត្ថម្ភដល់កូន

ការផ្តល់កញ្ចប់ប្រាក់ឧបត្ថម្ភដល់កូន នឹងជួយឲ្យពួកគេមានបទិសោធជាលើកដំបូងក្នុងការគ្រប់គ្រងប្រាក់ ការសន្សំ និងចំណាយ។ ពួកគេនឹងរៀនពីការចំណាយ និងសន្សំយ៉ាងយកចិត្តទុកដាក់ ក៏ដូចជាបញ្ហាប្រឈមនឹងការចំណាយដែលខុសខ្ទង់។ ជាទូទៅ ក្មេងៗមានមោទនភាពណាស់ ប្រសិនបើពួកគេអាចទិញរបស់របរ ដោយប្រើប្រាស់លុយសន្សំរបស់ពួកគេ។

លោកអ្នកអាចផ្តល់ប្រាក់ឧបត្ថម្ដដល់ពួកគេ តាមរយៈការខិតខំព្យាយាមលើការសិក្សារបស់ពួកគេ ការចេះជួយធ្វើការងារផ្ទះ ដូចជាសម្អាតផ្ទះ ដាំដំណាំ ឬជួយមើលប្អូនៗជាដើម។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោកអ្នកត្រូវតែពិនិត្យមើលលើការចំណាយរបស់ពួកគេ និងត្រូវផ្តល់ដំបូន្មានជាទៀងទាត់ ប្រសិនបើមានការចំណាយមិនសមរម្យច្រើន។ ជាមួយគ្នានេះ លោកអ្នកត្រូវតែចងចាំថា ការចំណាយប្រាក់ឧបត្ថម្ភរបស់អ្នកនឹងក្លាយជាការចំណាយជាទៀងទាត់សម្រាប់ពួកគេ និងមិនប៉ះពាល់ដល់ការចំណាយទូទៅរបស់អ្នកឡើយ។

៦. ឲ្យកូនតូចរបស់អ្នកចូលរួមក្នុងការទិញរបស់របរនានា

ប្រសិនបើត្រូវទិញរបស់របរ ឬសម្ភារចាំបាច់មួយចំនួន មុននឹងចេញដំណើរទៅវិស្សមកាលកន្លែងណាមួយ លោកអ្នកគួរតែអនុញ្ញាតឲ្យកូនៗរបស់អ្នក ចូលរួមក្នុងការសម្រេចចិត្តទិញ ឬស្រាវជ្រាវជាមួយគ្នា។ អ្នកអាចបង្ហាញពីកត្តាចាំបាច់ដែលនាំឲ្យមានការសម្រេចចិត្តទិញ និងឲ្យពួកគេជួយប្រៀបធៀបជម្រើសនានា មុននឹងធ្វើការសម្រេចចិត្តទិញ។ កូនៗរបស់អ្នក នឹងមានអារម្មណ៍រីករាយ និងមានមោទនភាព ក្នុងពេលដឹងថា ពួកគេបានជួយស្រាវជ្រាវ និងធ្វើការសម្រេចចិត្តសម្រាប់គ្រួសារទាំងមូល។

សរុបមក ការបង្រៀនកូនៗឲ្យយល់ដឹងពីចំណេះដឹងហិរញ្ញវត្ថុ អាចនឹងងាយស្រួលជាងការគិតរបស់អ្នកទៅទៀត ប៉ុន្តែ គ្រាន់តែតម្រូវឲ្យមានផែនការច្បាស់លាស់បន្តិច អត់ធ្មត់បន្តិច និងមានភាពច្នៃប្រឌិតបន្តិច។ នៅពេលដែលកូនរបស់អ្នកយល់ច្បាស់ពីមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងសាច់ប្រាក់ អ្នកអាចបង្កើនការទទួលខុសត្រូវរបស់ពួកគេតាមរយៈការបើកគណីសន្សំ និងគណីត្រួតពិនិត្យជាដើម។ ចំណុចទាំងនេះ នឹងជួយឲ្យកូនរបស់អ្នកអភិវឌ្ឍឥរិយាបថចំពោះសាច់ប្រាក់ប្រកបដោយការទទួលខុសត្រូវ ពេលពួកគេពេញវ័យ៕

ប្រភពព័ត៌មាន៖ financialgym.com

អត្ថបទ៖ In Sopheng

មតិយោបល់