• 2021-10-14 06:30:35
  • ព័ត៌មាន

ព្រះបាទ​រាមា​ជើង​ព្រៃ ក្សត្រខ្មែរដែល​វាយ​ដណ្ដើម​យកបន្ទាយ​លង្វែក​ពីសៀម បានមក​វិញ​​នៅឆ្នាំ​ ១៥៩៤

  • 2021-10-14 06:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយសៀម បានវាយ​លុក​ចូល​បន្ទាយ​លង្វែក​បាន​នៅ​គ្រិស្ដសករាជ​១៥៩៣ នគរនេះបានកាន់​កាប់​បន្ទាយ​លង្វែកបាន​ប្រហែល​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះបាទ​រាមា​ជើង​ព្រៃ ខ្មែរ​ក៏​វាយ​ដណ្ដើម​បន្ទាយ​លង្វែក​មក​វិញ​បាន​នៅ​ឆ្នាំ​១៥៩៤។

ព្រះចៅ​នរេនសូរ​ស្ដេច​សៀម ក្រោយ​ពី​បាន​ជ័យជម្នះ​លើ​ខ្មែរ​ហើយ ក៏​ទ្រង់​តែង​តាំង​មហា​មន្ត្រី​សៀម និង​ពល​ទាហាន ២​ពាន់​នាក់ អោយ​នៅ​ក្នុង​ស្រុក​ឧដុង្គ ដើម្បី​ត្រួតត្រា​កិច្ចការ​ប្រទេស​ខ្មែរ។ ពេល​នោះ សម្ដេច​ព្រះ​រាមាធិបតី​អុង នៅ​ខេត្ត​ជើងព្រៃ ដែល​អ្នក​ផង​និយម​ហៅ​ថា ព្រះបាទ​រាមា​ជើង​ព្រៃ ជា​ព្រះ​ញាតិ​របស់​ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា ទ្រង់​បាន​កេណ្ឌ​ទ័ព​ទៅ​វាយ​កម្ចាត់​ពួក​សៀម ឲ្យដក​ទ័ព​រត់​ត្រឡប់​ទៅ​ស្រុក​វិញ​អស់​ក្នុង​ឆ្នាំ​១៥៩៤ នៃ​គ្រិស្ដសករាជ។ បន្ទាប់​មក ព្រះអង្គ​ក៏​ទ្រង់​ឡើង​គ្រងរាជ្យ​នៅ​រាជធានី​ស្រីសន្ធរ ដោយ​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា ព្រះ​រាមាធិបតី​បរម​រាជាធិរាជ។

យោងតាមឯកសារមហាបុរសខ្មែរ ព្រះ​រាមាធិបតី​ព្រះរាម​ជើង​ព្រៃ ទ្រង់​គ្រងរាជ្យ​បាន​តែ​បី​ឆ្នាំ​ប៉ុណ្ណោះ ក្នុង​ខែ​មករា ឆ្នាំ​១៥៩៦ លោក វេ៉ឡូសូ ជា​ប្អូន​ថ្លៃ​ព្រះសត្ថា និង​បក្ខពួក បានត្រលប់មកខ្មែរវិញ។ លុះដឹងថា ព្រះនគរបែកនឹងសៀមហើយ ហើយព្រះរាមាជើងព្រៃ ជ្រែករាជសម្បត្តិព្រះអង្គ ទាល់តែព្រះបរមបពិត្រ ទ្រង់សុគតនៅឯខេត្តស្ទឹងត្រែងទៀត ម្សៀរល្វីវ៉េឡូហ្សូ ក៏ក្រេវក្រោធពន់ប្រមាណណាស់ គិតនឹងធ្វើគតព្រះរាមជើងព្រៃ។ សម្ដេចព្រះរាមាធិបតីគ្រងរាជ្យ ទ្រង់ក៏បានជ្រាបនូវគំនិតនេះដែរ ទ្រង់ក៏គិតនឹងឧកញ៉ាក្រឡាហោម ឧកញ៉ាចក្រីសេនាសឹកព្រះអង្គ នឹងរកកលឧបាយចាប់ម្សៀរល្វីវ៉េឡូហ្សូនោះឱ្យបាន។

ក្នុងគ្រាដែលទ្រង់ជំនុំគិតការណ៍នោះមានស្រីពីរនាក់ឈ្មោះនាងម៉ៅ ១ នាងម៉ា១ ដែលត្រូវជាកូនចៅជាទីប្រោសប្រាណ អំពីសម្ដេចព្រះមហាមហិន្ទរាជា មកស្ដាប់ ឮ ហើយក៏ លបទៅប្រាប់ ម្សៀរល្វីវ៉េឡូហ្សូ ឱ្យបានដឹងអំពីស្ដេចជំនុំកិច្ចការនោះ។ ម្សៀរល្វីវ៉េឡូហ្សូ បានដឹងហើយក៏នាំគ្នា ២៤ នាក់តែងខ្លួនបង្កប់កាំភ្លើងលាក់ដាក់កប់នៅក្នុងហោប៉ៅខោជាឧបាយកលទើបនឹងមកពីស្រុកបានគ្រឿងបណ្ដាការល្អវិសេស និងកាំភ្លើងក្រំមាសយ៉ាងល្អយកមកថ្វាយ ដើម្បីសូមជ្រកក្រោមព្រះបុណ្យបារមីតទៅ។ 

កិត្តិសព្ទនេះ ទ្រង់បានជ្រាបដល់សម្ដេចព្រះរាមាធិបតីគ្រងរាជ្យ ស្ដេចមានប្រាថ្នាចង់បានតែព្រែ ទួន គៀត និង កាំភ្លើងក្រំមាសនោះពន់ប្រមាណ ទើបទ្រង់ត្រាស់ប្រាប់ឱ្យល្វីវ៉េឡូហ្សូនាំគ្រឿងបណ្ដាការទាំងនោះ ចូលទៅថ្វាយព្រះអង្គចុះ។ ម្សៀរសុទ្ធតែកាំភ្លើងសំរាប់ខ្លួនទាំង ២៤ នាក់ក្នុង ហិប ហើយឱ្យទាហានទាំង ២៤ នាក់សែងចូលទៅក្នុងវាំងជា ១២ ស្នែង។

ខណៈដែលទៅដល់ហើយម្សៀរល្វី វ៉េឡូហ្សូ ក៏ថ្វាយកាំភ្លើងទាំងនោះ ដោយយកស្វាយកាំភ្លើងទៅមុន។ លុះសម្ដេចព្រះរាមគ្រងរាជ្យ លូកព្រះហស្ថមកទទួល ម្សៀរល្វីវ៉េឡូហ្សូ ក្រឡាស់ថ្វាយពីត្រែកាំភ្លើងវិញ ហើយសល់តែកាំភ្លើងគ្រាប់ចេញទៅត្រូវត្រង់ព្រះឱរាព្រះរាមជើងព្រៃ ហើយស្ដេចក៏សុគតក្នុងពេលមួយរំពេចនោះទៅ។ ព្រះ​រាមា​ជើង​ព្រៃ ទ្រង់​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​១៥៩៤ ហើយ​ទ្រង់​សុគត​ដោយ​គ្រាប់​កាំភ្លើង​របស់​អេស្ប៉ាញ៉ុល នៅ​ឆ្នាំ​១៥៩៦ នៃ​គ្រិស្ដសករាជ នៅ​រាជធានី​ស្រីសន្ធរ៕

ប្រភព ៖ ឯកសារមហាបុរសខ្មែរ

មតិយោបល់