- 2021-10-18 02:41:16
- ព័ត៌មាន
មកដឹងពីអត្ថន័យ និងលក្ខណៈពិសេសលម្អិតអំពីក្រដាសប្រាក់ថ្មីប្រភេទ ៣០០០០រៀល ទើបប្រកាសដាក់ឱ្យប្រើថ្ងៃនេះ
- 2021-10-18 02:41:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីអត្ថន័យ និងលក្ខណៈពិសេសលម្អិតអំពីក្រដាសប្រាក់ថ្មីប្រភេទ ៣០០០០រៀល ទើបប្រកាសដាក់ឱ្យប្រើថ្ងៃនេះ
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាលសម្រេចដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀល (៣ម៉ឺនរៀល) គំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ។ ចំពោះលក្ខណៈពិសេសនៃធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ៣០០០០រៀល គំរូថ្មីនេះ មានចែងក្នុងប្រកាសរបស់ធនាគារជាតិនៃកម្ពុជាដូចខាងក្រោម៖
ក.លក្ខណៈទូទៅ៖
ទំហំធនប័ត្រ : បណ្តោយ ១៧០ មម ទទឹង ៧៥ មម
ពណ៌ចម្បងគឺពណ៍បៃតង ពណ៌ត្នោត និងពណ៍ស្វាយ
ខ. ផ្ទៃខាងមុខ ៖
- ផ្ទៃកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខនៃ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» នាឱកាសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលផ្ទៃខាងក្រោយត្រូវបានតែងលម្អដោយក្បាច់ចម្លាក់ជាប្រពៃណី ក្នុងព្រះបរមរាជវាំងភ្នំពេញ ព្រមជាមួយអក្សរ «បីម៉ឺនរៀល» នៅខាងក្រោម ។ ខាងឆ្វេងមានលេខ «៣០០០០» នៅពីលើ ព្រមទាំងហត្ថលេខារបស់ទេសាភិបាលនិងអគ្គបេឡា។ ខិតមកក្រោមមានរូបចម្លាក់ នាគក្បាល៥ នៅវិមានឯករាជ្យរាជធានីភ្នំពេញ និងមានបង្អួចថ្លារាងចតុកោណស្មើបញ្ឈរកែង ដែលមានសមាសធាតុជាប៉ូលីមើរនៅអមក្បែរនោះ ។
- ផ្នែកខាងស្តាំ ខាងលើមានអក្សរ «ធនាគារជាតិនៃកម្ពុជា» ខិតមកក្រោមលេខមាលាបោះពុម្ព ដោយទឹកខៅ្មពីរពណ៍ គឺតួមាលានិងលេខ « 30 » បោះពុម្ពដោយទឹកខ្មៅពណ៌ក្រហមនិងលេខ ៦ខ្ទង់ ទៀតបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅ នៅពីក្រោមនោះមានលេខ «៣០០០០ និង 30000 និងមានអក្សរ អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់» នៅគែមខាងក្រោម ។ នៅគែមខាងស្ដាំ នៃក្រដាសប្រាក់ មានរូបភាពអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះឃើញមានលេខ «30000» ។
- ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ខារនៃព្រះរាជាណាចក្រកម្ពុជា និងមានលេខ «30000» ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរនៅពីក្រោមនោះ ព្រមជាមួយបន្ទះហូឡូក្រាមទំហំ ១០មម កាត់ទទឹង ផ្ទៃក្រដាសប្រាក់ពីលើដល់ក្រោម ។ នៅជ្រុងខាងក្រោមមានគំនូសបន្ទាត់សម្រាប់ផ្ទៀងផ្ទាត់ និង និមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក ។
គ. ផ្ទៃខាងខ្នង ៖
- ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនៃការយាងនិវត្តន៍មកកាន់មាតុភូមិវិញរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ និងមានអក្សរ «បីម៉ឺនរៀល» នៅពីក្រោម និងអក្សរ Le 30 Aniverse des Auverds de Paris sun le Cambody (1991-2021) នៅគែមក្រដាសប្រាក់។
- ផ្នែកខាងស្តាំ ត្រូវបានរំលេចឡើង នូវរូបវិមានឯករាជ្យនៅរាជធានីភ្នំពេញ ប៉មអេហ្វល នៅទីក្រុងប៉ារីស រូបសន្និសីទនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងមានបង្អួចថ្លារាងចតុកោណស្មើបញ្ឈរកែងមានសមាសភាពជាប៉ូលីមើរ នៅផ្នែកខាងក្រោម ព្រមជាមួយខ្សែសុវត្ថិភាព ទំហំ៤មម នៅផ្នែកខាងឆ្វេង ។ នៅជ្រុងលើខាងស្តាំមានលេខ «30000» ដែលត្រូវបានបោះពុម្ពតាម បន្ទាត់បញ្ឈរ ។
- ផ្នែកខាងឆ្វេង ខាងលើមានអក្សរ «ធនាគារជាតិនៃកម្ពុជា» ខាងក្រោមមានចារឹកអក្សរ «អបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (១៩៩១ - ២០២១)» ខិតមកក្រោម មានអក្សរ BANQUE NATIONALE DU CAMBODGE ព្រមទាំងលេខ «2021» និងលេខ «៣០០០០» នៅពីក្រោមនោះ ។ នៅគែមខាងឆ្វេងនៃក្រដាសប្រាក់មានរូបភាពអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់ បញ្ឈរដែលឆ្លុះឃើញលេខ «30000» ។
ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០០០០ រៀល ត្រូវបានដាក់ ឲ្យចរាចរទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក ។ សាធារណជនគ្រប់រូប ត្រូវពិនិត្យ-សម្គាល់ធនប័ត្រថ្មីនេះឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការភាន់ច្រឡំ ៕