• 2021-10-18 10:35:03
  • ព័ត៌មាន

ហ៊ាង អូមួយ ស្ត្រីឆ្នើមវ័យក្មេង ចែករំលែកបទពិសោធ និងជំរុញស្រ្តីចូលរៀនផ្នែក បច្ចេកវិទ្យា ឱ្យកាន់តែច្រើន

  • 2021-10-18 10:35:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីជជែកពិភាក្សាពីមុខជំនួញគ្រប់វិស័យ Starting Up សប្ដាហ៍ថ្មីនេះ កាន់តែជក់ចិត្តដិតអារម្មណ៍ជាមួយបទពិសោធថ្មីៗ ល្អៗ នៃការចាប់ផ្តើមអាជីវកម្មបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា និង ក្រុមហ៊ុន software។ Starting Up នឹងនាំលោកអ្នកទៅស្តាប់បទពិសោធការងារក្នុងវិស័យបច្ចេកវិទ្យាពីភ្ញៀវកិត្តិយសមួយរូបគឺ អ្នកស្រី ហ៊ាង អូមួយ នាយិកាក្រុមហ៊ុនបច្ចេកវិទ្យា Camsolution Technology។

អ្នកស្រី ហ៊ាង អូមួយ ចាប់ផ្តើមការសិក្សាថ្នាក់បរិញ្ញាប័ត្ររងផ្នែក programming នៅអង្គការ PNC ដោយការទទួលបានអាហារូបករណ៍។ ក្នុងវ័យ១៨ឆ្នាំ អ្នកស្រី អូមួយ បានចូលធ្វើការនៅវិស័យធនាគារ និង ហិរញ្ញវត្ថុ បានរយៈពេល៦ឆ្នាំ។ ធ្វើការចាប់ពី programmer រហូតក្លាយជាអ្នកគ្រប់គ្រងកម្មវិធី អ្នកស្រី អូមួយ បានទទួលឱកាសចេញទៅធ្វើការនៅក្រៅប្រទេស គឺប្រទេសសិង្ហបុរី។

ដោយមើលឃើញឱកាសនៃបច្ចេកវិទ្យា និង Digital Transformation នៅក្នុងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា ហើយឃើញទិសដៅរដ្ឋាភិបាលដែលផ្តោតលើសេដ្ឋកិច្ចបែប digital អ្នកស្រី ហ៊ាង អូមួយ បានសម្រចបើកក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។

នាយិកាក្រុមហ៊ុន Camsolution Technology រូបនេះបានបន្តថា មកទល់ពេលបច្ចុប្បន្ន មិនត្រឹមតែបើកក្រុមហ៊ុនបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែបានបើកជាសាលារៀនសម្រាប់បណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយឱ្យមានការយល់ដឹងកាន់តែសុីជម្រៅក្នុងវិស័យបច្ចេកវិទ្យា ដែលកំពុងវិវត្តទៅមុខយ៉ាងឆាប់រហ័ស ក្នុងសម័យឧស្សាហកម្មបច្ចេកវិទ្យា ៤.០។

ចំពោះការសិក្សាវិញ អ្នកស្រី ហ៊ាង អូមួយ ធ្លាប់បានទៅសិក្សារៀនសូត្រផ្នែកអ្នកដឹកនាំអាសុីនៅប្រទេសជប៉ុន ផ្នែកនាវានុវត្តន៍នៅសហរដ្ឋអាមេរិក និងផ្នែកសេដ្ឋកិច្ចនៅ កូរ៉េខាងត្បូង។ ការចេញទៅសិក្សានៅក្រៅប្រទេស ធ្វើឱ្យអ្នកស្រី ទទួលបានចំណេះដឹងនិងការគិតបែបទូលំទូលាយ ដែលអាចយកមកអនុវត្តនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុខថែមទៀត។

អ្នកស្រី ហ៊ាង អូមួយ បានជម្រុញនិងលើកទឹកចិត្តឱ្យស្រ្តី ចូលរៀនក្នុងវិស័យបច្ចេកវិទ្យា ដែលស្រ្តីមានសក្តានុពលពីកំណើតក្នុងការចូលរូមធ្វើការក្នុងវិស័យបច្ចេកវិទ្យា ព្រោះស្ត្រីមានការគិតគូបានល្អិតល្អន់។ ប្រទេសកម្ពុជា កំពុងត្រូវការស្ត្រីបន្ថែមទៀត ក្នុងការងារវិស័យបច្ចេកវិទ្យា ដោយអ្នកស្រី អូមួយ បានសង្កត់ធ្ងន់ថា អ្នកស្រីជាស្ត្រីអាចធ្វើបាន និងទទួលជោគជ័យក្នុងវិស័យបច្ចេកវិទ្យា ចំណែកប្អូនៗជាស្រ្តីផ្សេងទៀត ក៏អាចធ្វើបានដូចគ្នាផងដែរ៕

ប្រិយមិត្តអាចទស្សនាវីដេអូសម្ភាសខាងក្រោមនេះ៖

អត្ថបទ ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី