• 2021-11-03 06:04:52
  • ព័ត៌មាន

ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ បានជួបកុមារាកម្សត់ហើយ ពោលអាណិតនិងផ្ដាំផ្ញើជាច្រើន ស្ដាប់ហើយអង្គ្រួនបេះដូង

  • 2021-11-03 06:04:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ គឺជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរពីរាជបណ្ឌិតសភាកម្ពុជា និងជានាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ក្រោយឃើញរូបភាពរបស់ប្អូនប្រុសកំសត់ អាយុ៧ឆ្នាំមានឈ្មោះ គង់ សីហា ដែលមកសិក្សានៅសាលាបឋមសិក្សាជ័យ ក្នុងខេត្តសៀមរាប ដោយស្លៀកសម្លៀកបំពាក់ចាស់ ហើយអ្វីដែលកាន់តែអាណិតអាសូរដល់ប្អូនប្រុសទៀតនោះគឺថាគ្មានសូម្បីតែស្បែកជើងពាក់ មកសាលារៀនខុសពីសិស្សដទៃទៀតដែលគេមានសម្លៀកបំពាក់ថ្មីៗ និងសម្ភារៈសិក្សាគ្រប់គ្រាន់។

ព្រះអង្គមានការអាណិតអាសូរជាពន់ពេក ដោយឃើញពីស្ថានភាពលំបាករបស់កុមារាកំសត់ ដោយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារ អង្គការពុទ្ធសាសនាដើម្បីការអប់រំនៅកម្ពុជា ដឹកនាំដោយព្រះតេជព្រះគុណ ហាក់ សៀងហៃផ្ទាល់ជាប្រធាន ព្រះអង្គបានចុះជួបកុមារា និងក្រុបគ្រួសារ ដោយផ្ទាល់ហើយ នៅខេត្តសៀមរាបនាព្រឹកមិញនេះ ។ ក្នុងនោះដែរ អង្គការពុទ្ធសាសនាដើម្បីការអប់រំនៅកម្ពុជា បាននាំយកសិក្ខូបករណ៍មានកង់ កាបូប សម្លៀកបំពាក់ សម្ភារៈផ្គត់ផ្គង់គ្រួសារ ព្រមទាំងចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សជិត៣០០ នាក់ផងដែរ។

ជាមួយនឹងពេលវេលាដែលព្រះអង្គព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃបានជួបផ្ទាល់ជាមួយប្អូនប្រុស និងក្រុមគ្រួសារ ព្រះអង្គបានមានព្រះទ័យ អាណិតអាសូរជាពន់ពេក និងមានសង្ឃដីកាផ្ដាំផ្ញើ អប់រំណែនាំ ទាំងប្អូនប្រុស និងឪពុកម្ដាយ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ កុំបោះបង់ តស៊ូក្រេបចំណេះវិជ្ជា ត្រូវធ្វើខ្លួនជាមនុស្សល្អក្នុងសង្គមជាតិ ពិតជាមានអត្ថន័យចាក់ដោតអង្រួនអារម្មណ៍មហាជនគ្រប់ៗគ្នា។

សូមជម្រាបថា ក្មេងប្រុសតូចនេះមានអាយុ៧ឆ្នាំឈ្មោះ គង់ សីហា រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្មួយប្រុស សីហា ទើបតែបានចូលរៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៥ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឳពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ។ កន្លងមក ពួកគាត់តែងតែយកកូនទៅធ្វើស្រែនៅឯស្រុកស្វាយលើជាមួយ ដោយសារតែមិនទាន់អាចចូលរៀនបាន តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន ទើបយកកូនមកផ្ញើរជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើល និងដើម្បីឱ្យកូនបានចូលរៀននឹងគេ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់