• 2021-11-05 07:17:43
  • ព័ត៌មាន

ឯកឧត្តម ស ថេត ដាក់បទបញ្ជាគ្រប់ខណ្ឌទាំង១៤ ត្រូវស្ទូចគឺស្ទូច ត្រូវពិន័យគឺពិន័យ រៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យបានម៉ឺងម៉ាត់និងយូរអង្វែង

  • 2021-11-05 07:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់សាធារណៈ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបង្កើនការចេញពង្រឹងអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាផ្លូវសាធារណៈនានាក្នុងរាជធានីភ្នំពេញឱ្យមានរបៀបរយល្អ ក្នុងការជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងនាំមកនូវសុវត្ថិភាពចរាចរណ៍ ខណៈព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រកាសឱ្យបើកប្រទេសដំណើរការពេញលេញលើគ្រប់វិស័យឡើងវិញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្របពេលគេមើលឃើញថា នៅរាជធានីភ្នំពេញនឹងចាប់ផ្តើមមានបញ្ហាប្រឈមការកកស្ទះចរាចរណ៍ដោយការធ្វើដំណើរយ៉ាងកកកុញរបស់ប្រជាពលរដ្ឋក្នុងការបំពេញភារកិច្ចការងារ ការប្រកបមុខរបររកស៊ី និងការចូលរៀនឡើងវិញរបស់សិស្ស និស្សិត ជាដើម ។

ការដាក់បទបញ្ជាជំរុញការចេញរៀបចំសណ្តាប់ធ្នាប់សាធារណៈពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបត្រួតពិនិត្យលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រចាំខែតុលា និងលើកទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកា តាមប្រព័ន្ធវីដេអូ ZOOM MEETNIG នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯកស្នងការ បានណែនាំឱ្យមានការអនុវត្តច្បាប់ចំពោះមធ្យោបាយទាំងឡាយណាដែលឈប់ចតលើទ្រូងផ្លូវខុសច្បាប់ ត្រូវស្ទូចនាំមកផាកពិន័យតាមច្បាប់ និងការចេញអនុវត្តជាប្រចាំដើម្បីធានាថា គោលដៅចុះរៀបចំសណ្តាប់ធ្នាប់នោះវាស្អាតល្អបានយូរអង្វែងហើយ ពីព្រោះនេះជាការសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីឱ្យជួយដោះស្រាយទៅលើការរៀបចំសណ្តាប់ធ្នាប់នេះឱ្យបានល្អ ។

ជុំវិញការចេញដោះស្រាយបញ្ហាសណ្តាប់ធ្នាស់សាធារណៈនេះផងដែរ លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់សាធារណៈ បានលើកឡើងថា កន្លងមកការងារនេះកម្លាំងការិយាល័យនគរបាលណ្តាប់ធ្នាប់បានសហការជាមួយកម្លាំងតាមអធិការដ្ឋាននគរបាលខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាផ្លូវមួយចំនួនដែលមិនរៀបរយ ដូចជានៅម្តុំផ្សារអូរប្ញស្សី ខណ្ឌ៧មករា មហាវិថីម៉ៅសេទុង ខណ្ឌទួលគោក ម្តុំផ្សារសាំហាន់ ខណ្ឌប្ញស្សីកែវ និងបណ្តាផ្លូវខ្លះក្នុងខណ្ឌដូនពេញផងដែរ ។ ដោយកន្លងមក គោលដៅមួយកម្លាំងបានចុះរៀបចំបានល្អហើយ ប៉ុន្តែប្រៀបបានដូចវែកចក នៅពេលកម្លាំងសមត្ថកិច្ចដកថយ០២ទៅ០៣ថ្ងៃក្រោយមក ក៏ប្រជាពលរដ្ឋនាំគ្នាមកលក់ដូរប្រកបមុខរបរនៅលើទ្រូងផ្លូវនេះឡើងវិញ ។

ប៉ុន្តែទោះបីយ៉ាងណា កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងចុះសហការជាមួយកម្លាំងតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បន្តចុះអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព និងឱ្យចំទិសដៅ ៕

ប្រភព៖ អគ្គស្នងការ​រង​នគរបាល​ជាតិ​

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

មតិយោបល់