• 2021-11-08 05:00:57
  • ព័ត៌មាន

សម្ដេចតេជោ អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃស្ថាបត្យកម្មខ្មែរ

  • 2021-11-08 05:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឳកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធផលនៃអគារទីស្ដីការក្រសួងរៀបចំដែនដីន គរូបនីយកម្ម និងសំណង់ដែលត្រូវដាក់ឲ្យប្រើប្រាស់នាពេលនេះទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅក្នុងឆ្នាំនេះយើងនឹងសម្ភោធអគារក្រសួងចំនួន៣ រួមមានក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានសម្ពោធរួច ក្រសួងរៀបចំដែនដីននគររូបនីយកម្ម និងសំណង់ដែលសម្ពោធនាពេលនេះ និងនៅចុងឆ្នាំ២០២១ យើងនឹងសម្ពោធអគារទីស្ដីការក្រសួងការពារជាតិ ដែលនឹងត្រូវសម្ពោធចំខួបលើកទី២៣ នៃការដាក់ចេញនយោបាយឈ្នះ ឈ្នះ គឺថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

សូមជម្រាបថា អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។ អគារនៃក្រសួងនេះសាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានទំហំតួអគារបណ្ដោយប្រវែង ១៣២.៧ ម៉ែត្រ និងទទឹងប្រវែង ៩៤.៧ម៉ែត្រ មានចំនួន ៨ជាន់ កម្ពស់សរុបពីទ្រនាប់ខ្សាច់ ដល់ចុងកំពូលបុស្បុក ៨៨.៥ម៉ែត្រ ក្នុងនោះមានកម្ពស់បុស្បុក ៣៣.២៨ម៉ែត្រ មានចំណតរថយន្តប្រមាណ ៤៥០គ្រឿង និងចំណតទោចក្រយានយន្តជាច្រើនគ្រឿងទៀត៕

ប្រភពខ្លឹមសារ និងរូបភាព៖ ទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់របស់សម្ដេចតេជោ

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

មតិយោបល់