• 2021-11-16 08:36:17
  • ព័ត៌មាន

មិនយូរទៀតទេ នឹងបានដើរឆ្លងស្ពានធំ ចូលចំពីមុខប្រាសាទអង្គរវត្តហើយ

  • 2021-11-16 08:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៦ វិច្ឆិកា ២០២១នេះបានឲ្យដឹងថាស្ពានហាលប្រាសាទអង្គរវត្ត គ្រោងនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២១នេះ ដោយក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុងបង្ហើយការងារដែលនៅសេសសល់ក្នុងការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ហើយផែនការគ្រោងនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២១នេះ។

លោក អន សុភាព បុរាណវិទូ និងជាប្រធានក្រុមការងារជួសជុលស្ពានហាលអង្គរវត្តមានប្រសាសន៍ថា គិតត្រឹមពាក់កណ្ដាលខែ វិច្ឆិកានេះ គម្រោងជួសជុលស្ពានហាលអង្គរវត្តសម្រេចបានជិត១០០ភាគរយហើយ។ លោកបន្ថែមថា ការងារនៅផ្នែកខាងលើនៃកម្រាលស្ពានសម្រេច៩៩ភាគរយហើយ ចំណែកនៅផ្នែកខាងក្រោមនៃជញ្ជាំងថ្មបាយក្រៀមសម្រេចបានប្រមាណ ៨០ភាគរយ ហើយអាចនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ ២០២១ នេះ។ ដោយឡែក ចំពោះការងារជួសជុលកំពង់ទឹកនៅផ្នែកខាងជើងនឹងត្រូវបន្ត ដែលគម្រោងនេះអាចនឹងប្រើពេលមួយឆ្នាំទៀតដើម្បីជួសជុលរួច។

សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានហាលអង្គរវត្តប៉ែកខាងជើងដំណាក់កាលទី២ មានប្រវែងសរុប ៩៤ម៉ែត្រ បានចាប់ផ្តើមដំណើរការពីឆ្នាំ ២០១៦ មក ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន៕

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

មតិយោបល់